(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំជាបន្ទាន់មួយ ដើម្បីទប់ស្កាត់ និងពិនិត្យបញ្ហាសន្ដិសុខឡើងវិញ ក្រោយមានអំពើប្លន់ប្រដាប់អាវុធកណ្តាលថ្ងៃត្រង់ ​ក្នុងរាជធានីភ្នំពេញ នៅថ្ងៃម្សិលមិញ​។​

កិច្ចប្រជុំបន្ទាន់នេះ ក៏មានការចូលរួមពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី និងអភិបាលខណ្ឌទាំង១២ផងដែរ។

ថ្លែងក្នុងឱកាសនោះ ​លោក ឃួង ស្រេង បានលើកឡើងថា តាមបណ្តាខណ្ឌត្រូវមានអ្នកប្រចាំបញ្ជា ក្នុងគោលដៅចេញអន្តរាគមន៍ភ្លាមៗ នៅពេលមានកើតហេតុការណ៍ណាមួយ​​ជាយថាហេតុ ឲ្យបានទាន់ពេលបំផុត។

បើតាមការលើឡើងរបស់លោកអភិបាលរាជធានីភ្នំពេញ សមត្ថកិច្ចទាំងអស់​​មិនត្រូវបន្ទោសគ្នាទៅវិញមក ដាក់បន្ទុកលើកស្ថាប័នណាមួយនោះទេ គឺត្រូ​វរួមសហការគ្នា ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ អាជីវករ ដែលប្រកបអាជីវកម្ម ក្នុងរាជធានីភ្នំពេញ ដែលជាកាតព្វកិច្ចរបស់យើងទាំងអស់ ដែលជាកងកម្លាំងមានសមត្ថកិច្ច។

សូមជម្រាបថា នៅថ្ងៃទី២៣ ខែសីហាម្សិលមិញនេះ មានចោរប្រដាប់អាវុធមួយក្រុមមានគ្នាប្រមាណ៥នាក់ បានចូលប្លន់ធនាគារមួយទាំងកណ្ដាលថ្ងៃត្រង់ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង ខណ្ឌចំការមន ដោយយកអស់ទឹកប្រាក់ប្រមាណជាង១០ម៉ឺនដុល្លារ។ ខណៈពេលនេះ កម្លាំងសមត្ថកិច្ចជំនាញ បាននិងកំពុងសហការគ្នាស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់បំផុត ដើម្បីតាមចាប់ខ្លួនជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់៕