(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនូវអត្ថបទដ៏ល្អមួយ គួរឲ្យចាប់អារម្មណ៍អាន! អង្គភាពព័ត៌មាន Fresh News សូមយកមកចុះផ្សាយជូនប្រិយមិត្តអ្នកអានទាំងស្រុងដូចតទៅ៖

បទវិចារណកថា៖ រឿង ជាប់ និងធ្លាក់

ដូចរាល់ឆ្នាំដែរ ខ្ញុំតែងតែជូនពរសុំឲ្យសិស្សទាំងអស់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅតាម បារាំង «បាក់ឌុប» (Bacc II) ជាប់គ្រប់ៗគ្នា។ តែខ្ញុំដឹងច្បាស់ណាស់ថា មិនមែនការជូនពររបស់ខ្ញុំ ឬពរជ័យរបស់អាណាព្យាបាល ឬការបន់ស្រន់ណាមួយ នឹងធ្វើឲ្យសិស្សនោះប្រឡងជាប់នោះទេ។ ជាប់មិនជាប់អាស្រ័យដោយសមត្ថភាពពិតរបស់សិស្ស។ សមត្ថភាពនោះក៏បានមកពីការខិតខំរៀនសូត្រជាប្រចាំរបស់សិស្ស តាំងពីដើមឆ្នាំមក មិនមែនខំប្រឹងបួន ដប់ថ្ងៃមុនប្រឡងនោះទេ។

គួររំលឹកដែរថា ការប្រឡងនេះ គឺដើម្បីវាស់ស្ទង់សមត្ថភាព។ មិនត្រឹមតែសមត្ថភាពដែលកសាង បានក្នុងរយៈពេលមួយឆ្នាំចុងក្រោយនៃមធ្យមសិក្សានេះប៉ុណ្ណោះទេ តែជាការវាស់ស្ទង់សមត្ថភាពដែលសន្សំប្រមូលបានរយៈពេល១២ឆ្នាំ នៅសាលាកន្លងមក។ បើលោកគ្រូ អ្នកគ្រូ ដែលជាគណៈមេប្រយោគពិនិត្យវាយតំលៃតាមក្រដាស ប្រឡងរបស់សិស្សថា មានសមត្ថភាពគ្រប់គ្រាន់ហើយ សិស្សនោះនឹងបានជាប់។ បើការវាយតំលៃមានលក្ខណៈអវិជ្ជមានវិញ សិស្សនោះនឹងធ្លាក់។ អ្នកជាប់អរលោតហ៊ោរសើច សប្បាយ។ អ្នកធ្លាក់ក្តុកក្តួលក្រៀមក្រំ យំក៏មាន។ គេតែងលួងលោមលើកទឹកចិត្តឲ្យអ្នកធ្លាក់ ជូតទឹកភ្នែក ហើយខំប្រឹងតទៅទៀត ដើម្បីប្រឡងឲ្យជាប់នៅឆ្នាំក្រោយ។

នៅលើឆាកនយោបាយ រឿងប្រហែលគ្នាកើតឡើងពេលបោះឆ្នោតម្តងៗ ពេលដែលគណបក្ស នយោបាយនានានាំគ្នាទៅប្រឡង ដោយសង្ឃឹមថា នឹងបានកៅអីក្នុងរដ្ឋសភា។ ល្អបំផុតគឺបានកៅអីច្រើនជាងគេ! តែមិនមែនលោកគ្រូ អ្នកគ្រូ ជាអ្នកឲ្យពិន្ទុទេ គឺប្រជារាស្រ្តទូទាំងប្រទេសជាអ្នកវិនិច្ឆ័យ ជាអ្នកបោះឆ្នោតគាំទ្រ ឬមិនគាំទ្រគណបក្ស និងបេក្ខជន ដែលបានឈរឈ្មោះ។ ប្រជារាស្រ្តជាអង្គបោះឆ្នោតនឹងវិនិច្ឆ័យថា គណបក្សនយោបាយណា អ្នកដឹកនាំនយោបាយណាមានសមត្ថភាពជាងគេក្នុងការ ឆ្លើយតបនឹងបំណងប្រាថ្នារបស់គាត់ ដឹងសុខដឹងទុក្ខ ហើយចេះដោះស្រាយបញ្ហា ការលំបាក ការប្រឈមនានាដែលគាត់ជួបប្រទះ។ ចំពោះគណបក្សដែលកំពុងកាន់អំណាច ប្រជារាស្រ្តលោកនឹងវាស់ស្ទង់សមត្ថភាពក្នុងការដឹកនាំប្រទេសជាតិកន្លងមក ហើយនឹងពិនិត្យអំពីកម្មវិធីនយោបាយរបស់គណបក្សនោះសម្រាប់អណត្តិតទៅមុខ។ ចំពោះគណបក្សដែលមិនកាន់អំណាចវិញ ពួកគេត្រូវបញ្ចុះបញ្ចូលឲ្យប្រជារាស្រ្តលោកជឿជាក់ថា គណបក្សខ្លួនអាចធ្វើឲ្យស្ថានការនយោបាយ សេដ្ឋកិច្ច សង្គម សន្តិសុខ។ល។

ប្រសើរជាងអ្វីៗដែលគណបក្សកាន់អំណាចបានធ្វើកន្លងមក និងគ្រោងធ្វើបន្តទៀត ដើម្បីទទួលការគាំទ្រពីម្ចាស់ឆ្នោត។ ការប្រឡងសម្រាប់អណត្តិទី៦ នៃរាជរដ្ឋាភិបាល បានធ្វើរួចទៅហើយនៅថ្ងៃទី២៩ កក្កដា កន្លងទៅ។ ប្រជាជនជាង៨៣% នៃអ្នកចុះឈ្មោះបោះឆ្នោតបានប្រើប្រាស់សិទ្ធិនយោបាយរបស់ខ្លួនដើម្បី ជ្រើសរើសអ្នកដឹកនាំប្រទេសសំរាប់ ៥ឆ្នាំតទៅមុខ។

គណបក្សប្រជាជនកម្ពុជា គឺជាបក្សដែលប្រឡងជាប់។ ជាប់ដោយសម្លេងគាំទ្រភ្លូកទឹកភ្លូកដី ឈ្នះកៅអីទាំង១២៥ នៅរដ្ឋសភា។ ជាប់ដោយសារតែប្រជារាស្រ្តភាគច្រើនលើសលុប ជឿជាក់លើ សមត្ថភាពរបស់គណបក្សនេះក្នុងការរក្សាសន្តិភាព ស្ថេរភាព និងជម្រុញការអភិវឌ្ឍន៍ប្រទេសជាតិនាពេលកន្លងមក និងតទៅមុខទៀត។ មានន័យថា ប្រជារាស្រ្តបានបោះឆ្នោតដើម្បីសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍។ ប្រជារាស្រ្តបានបោះឆ្នោតដើម្បីនិរន្តរភាព។

ប្រជារាស្រ្តបានសំរេចចិត្តប្រើប្រាស់សន្លឹកឆ្នោត ជាជាងដើរតាមការអំពាវនាវរបស់អ្នកនយោបាយ ជ្រុលនិយមមួយចំនួនដែលចង់រាំងខ្ទប់ដំណើរប្រជាធិបតេយ្យ តាមរយៈពហិកានៃការបោះឆ្នោត ការប្រើហិង្សា បំបែកបំបាក់សង្គមជាតិ និងការប៉ុនប៉ងឆក់យកវាសនាប្រទេសជាតិឲ្យប្រទេសផ្សេងសំរេចជួស។

សិស្សដែលនឹងប្រឡងជាប់ឆ្នាំនេះ នឹងបានទទួលសញ្ញាប័ត្រមួយសន្លឹកទទួលស្គាល់ពីសមត្ថភាពរបស់ខ្លួន ហើយបើកផ្លូវសំរាប់ការបន្តសិក្សាថ្នាក់ឧត្តម ដែលជាកំរិតខ្ពស់ជាង ពិបាកជាង ហើយដែលតម្រូវឲ្យសិស្សទាំងនោះខំប្រឹងប្រែងថែមទៀត ដើម្បីយកជោគជ័យពេលប្រឡងចេញពីមហាវិទ្យាល័យប៉ុន្មានឆ្នាំខាងមុខ។

គណបក្សប្រជាជនក៏មិនខុសគ្នាដែរ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានព្រះមហាក្សត្រនៃយើងត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃសុក្រទី១៧ ខែសីហា កន្លងមកនេះ។ សម្តេចនឹងត្រូវរៀបចំផ្គូរផ្គងសមាសភាពរាជរដ្ឋាភិបាលអណត្តិទី៦នេះ ដើម្បីដឹកនាំអនុវត្តកម្មវិធីនយោបាយ ដែលមានយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ជាស្នូល។

គ្មានសង្ស័យទេ ដែលថា រាជរដ្ឋាភិបាលអណត្តិថ្មីនេះ នឹងត្រូវប្រឹងប្រែងទ្វេដង ដើម្បីឆ្លើយតបនឹង បំណងប្រាថ្នា និងការទន្ទឹងរង់ចាំ ក៏ដូចជាជំនឿទុកចិត្តដ៏លើសលុបពីប្រជាពលរដ្ឋ ម្ចាស់ឆ្នោតនោះ។ មេដឹកនាំលើលោកជាច្រើនបានអបអរសាទរ និងជូនពររដ្ឋាភិបាលថ្មីទទួលជោគជ័យក្នុងការបំពេញអណត្តិរបស់ខ្លួន។

ប៉ុន្តែដូចការជូនពរដល់សិស្សដែលកំពុងប្រឡងថ្ងៃនេះដែរ ពរតែមួយមុខមិនគ្រប់គ្រាន់ទេ។ ការខិតខំប្រឹងប្រែងដោយខ្លួនឯង ដើម្បីសំរេចសមិទ្ធិផលថ្មីៗសំរាប់ជាតិ និងប្រជាជន ទើបជាការសំខាន់ ប្រសិនណាជាគណបក្សប្រជាជនចង់រក្សាកតិ្តយស បន្តបំរើរាស្រ្ត ក្នុងឋានៈជាបក្ស កាន់អំណាចសំរាប់អណត្តិក្រោយៗទៀត។

ជាប់ ឬ ធ្លាក់នៅត្រង់នេះឯង!