(ភ្នំពេញ)៖ ដើម្បីផ្តល់ភាពងាយស្រួលដល់​អ្នកដំណើរ ក្នុងការ​បង់​កម្រៃ​សេវាដឹកជញ្ជូនសាធារណៈ​​​រថយន្តក្រុង ​និងកាណូត​ ​បានយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ រដ្ឋបាលរាជធានីភ្នំពេញ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានី (City Bus) និងធនាគារអេស៊ីលីដា ភីអិលស៊ី លើការប្រើប្រាស់សេវាអេស៊ីលីដាយូនីធីទាន់ចិត្ត (QR Code) សម្រាប់ប្រតិបត្តិការបង់កម្រៃសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត។

ពិធីចុះអនុស្សរណៈនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា។

លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ បានថ្លែងថា ការប្រើប្រាស់សេវារបស់ធនាគារអេស៊ីលីដា​នេះ គឺមានភាពងាយស្រួល សម្រាប់ការគ្រប់គ្រងចំណូល និងទិន្នន័យ​អ្នកដំណើរតាមរថយន្តក្រុង និងកាណូត និងផ្តល់ភាពងាយស្រួលដល់​អ្នកដំណើរ ក្នុងការ​បង់​កម្រៃ​សេវាដឹកជញ្ជូនសាធារណៈ​​​រថយន្តក្រុង ​និងកាណូត​ ​បានយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ ដែលបាន​ជួយ​សម្រួល​ដល់ការ​ធ្វើ​ដំណើររបស់​បងប្អូន​ប្រជាពល​រដ្ឋ​ កាត់បន្ថយការ​ចំណាយ ចំណេញពេលវេលា មានសុវត្ថិភាព និងមានផាសុកភាព ចូល​រួមកាត់​បន្ថយ​ការកក​ស្ទះ​ចរាចរណ៍ គ្រោះថ្នាក់ចរាចរ ស្រប​តាមគោលនយោបាយ និងអនុសាសន៍របស់​រាជរដ្ឋាភិបាលកម្ពុជា ដែល​មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

លោកបន្តទៀតថា រដ្ឋាករស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ មានសេវាដឹកជញ្ជូនរថយន្ត​ក្រុង​សាធារណៈ​ចំនួន​៨​​ខ្សែ ដែល​មាន​រថយន្ត១៥៥គ្រឿង កំពុង​ទទួល​បានការពេញនិយម ពីសំណាក់ប្រជាពលរដ្ឋ ក្នុងការ​ប្រើប្រាស់​រថយន្ត​ក្រុង​កាន់តែ​​ច្រើន​​ដែល​មាន​ចំនួន​អ្នកធ្វើដំណើរពី២ម៉ឺន ទៅ២ម៉ឺន១ពាន់នាក់ក្នុងមួយថ្ងៃ។​ រដ្ឋាករស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង រាជធានីភ្នំពេញ ក៏មានសេវាដឹកជញ្ជូនផ្លូវទឹកចំនួន១ខ្សែ ពីស្ថានីយ៍ឫស្សីកែវ ទៅស្ថានីយ៍តាខ្មៅផងដែរ។

លោកបណ្ឌិត អ៊ិន ចាន់នី បានលើកឡើងថា ការជ្រើសរើសធនាគារ អេស៊ីលីដា ភីអិលស៊ី ជាដៃគូសហប្រតិបត្ដិការ ក្នុងការ​បង់កម្រៃ​សេវា​ដឹក​ជញ្ជូនសាធារណៈ​​រថយន្ត​ក្រុង ​និងកាណូត​ តាមរយៈ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត (ACLEDA Unity ToanChet) នេះ អ្នកដំណើរ​អាចទូទាត់កម្រៃដឹកជញ្ជូន រថយន្តក្រុង និង​កាណូត បានភ្លាមៗ ដោយស្វ័យប្រវត្តិតាមរយៈ​ស្លាកសញ្ញា អេស៊ីលីដា QR Code ដែលមានបិទនៅលើ​រថយន្តក្រុង និងកាណូត​។

លោកបន្តថា សេវាអេស៊ីលីដាយូនីធីទាន់ចិត្ត (ACLEDA Unity ToanChet) របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាសេវាធនាគារ​តាម​រយៈទូរស័ព្ទចល័ត ដែលដំណើរការ​ដោយប្រព័ន្ធ Android និង iOS ដើម្បីទូទាត់ និងទិញទំនិញ​គ្រប់ទីកន្លែង​តាមរយៈ​ស្លាកសញ្ញា អេស៊ីលីដា QR Code ប្រកប​ដោយ​ភាពងាយស្រួលរហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ ។

លោកបានបញ្ជាក់ឲ្យដឹងផងដែរថា គិត​មក​ត្រឹ​ម​ថ្ងៃនេះ មានអ្នកចុះឈ្មោះ​ប្រើប្រាស់សេវាអេស៊ីលីដា​យូនីធីទាន់ចិត្ត (ACLEDA Unity ToanChet) ជាលក្ខណៈបុគ្គលមានចំនួន ៦២៤,៦៨៤ និង​ជា​ដៃ​គូមានចំនួន៧,០២៤ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៥.៤៣ពាន់លានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៣.២៥ពាន់លាន​ដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំ​សរុបចំនួន ៣.៤៨ពាន់លានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ២.៥លាននាក់ គិតត្រឹម​ដំណាច់ខែកក្កដា ឆ្នាំ២០១៨នេះ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា ការបង្កើតឲ្យមានការប្រើប្រាស់​សេវាអេស៊ីលីដានេះ ធ្វើឡើងដើម្បី​សម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ឲ្យបានរហ័សទាន់ចិត្តលើការបង់កម្រៃ​សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត ខណៈដែលបច្ចុប្បន្ននេះ មានរថយន្តក្រុងចំនួន១៥៥គ្រឿង បាននិងកំពុងរត់លើផ្លូវចំនួន៨ខ្សែ ​មាន​ចំនួន​អ្នកធ្វើដំណើរពី២ម៉ឺន ទៅ២ម៉ឺន១ពាន់នាក់ក្នុងមួយថ្ងៃ ហើយជាគម្រោងរដ្ឋបាលរាជធានី នឹងបន្ថែមចំនួនខ្សែរត់ថែមទៀត។

លោក ឃួង ស្រេង បានបញ្ជាក់ថា ការបង្កើតឲ្យមានការប្រើប្រាស់សេវានេះ នឹងកាត់បន្ថយកម្លាំងកម្មពលកម្ម កាត់បន្ថយបុគ្គលិកច្រើន ហើយការគ្រប់គ្រង់ចំណូល ក៏មិនបានបាត់បង់ប្រាក់ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក្តី លោក ឃួង ស្រេង បញ្ជាក់ថា និយាយបែបនេះ មិនមែនចោទបុគ្គលិកដែលធ្លាប់បំពេញការងារនេះ កន្លងមកធ្វើឲ្យបាត់ ឬលួចលុយនោះទេ នេះដោយសារតែបច្ចេកវិទ្យាទំនើប ដែលទាមទារឲ្យយើងប្រើប្រាស់សេវានេះ។

ក្រៅពីនេះលោក ឃួង ស្រេង ក៏បានណែនាំឲ្យលោក អ៊ាន សុឃីម មើលបុគ្គលិកពេលកាត់បន្ថយនេះ ត្រូវសម្រួលពួកគាត់ទៅធ្វើកន្លែងណាមួយ ដោយត្រូវធ្វើរបាយការណ៍ មករដ្ឋបាលរាជធានីភ្នំពេញ ពោលគឺធ្វើយ៉ាងណាកុំឲ្យពួកគាត់មានសន្តិអារម្មណ៍ ភាន់ច្រឡំ ដោយនេះជាជំហ៊ានអភិវឌ្ឍន៍ ដែលត្រូវប្រើប្រាស់បច្ចេកទេសទំនើបហើយ។

លោកអភិបាលក៏បានធ្វើការណែនាំឲ្យរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ និងធនាគារត្រូវអនុវត្ត នៃការចុះហត្ថលេខានេះឲ្យបានល្អ ពិនិត្យជាប្រចាំចំពោះម៉ាស៊ីន ទូទាត់ប្រាក់ចៀសវាងការខូច បង្កការលំបាកដល់ប្រជាពលរដ្ឋ៕