(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ​អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស​និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមានឈ្នះ-ឈ្នះ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារ​បើកកិច្ចប្រជុំ ទាក់ទងនឹងការកសាងតំបន់សមិទ្ធផលក្នុងវិមានឈ្នះ-ឈ្នះ នៅសាលប្រជុំក្រសួងការពារជាតិ។

នៅក្នុងកិច្ចប្រជុំនោះផងដែរ ក៏មានការចូលរួមពីសំណាក់តំណាងកាកបាទក្រហមកម្ពុជា តំណាងមកពីអង្គភាពស៊ីមាក់
និងក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ ជាច្រើនរូបផងដែរ​។

ថ្លែងក្នុង​ឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ណឹម សុវត្តី បានបង្ហាញពីទស្សនទាន នៃការកសាងវិមានឈ្នះ-ឈ្នះ បានឱ្យដឹងថា​ ទស្សនទានទី១៖ គឺដើម្បីរំលឹកដល់សារសំខាន់ នៃសន្តិភាព, ទី២៖ គោរពដល់ការលះបង់ភាពដឹកនាំ និងភាពច្នៃប្រឌិតពីថ្នាក់ដឹកនាំ, ទី៣៖ បង្កើតនៅកន្លែងដែលជាការផ្តល់ព័ត៌មាននូវការសិក្សា​រៀនសូត្រដល់ប្រជាជនខ្មែរ និងដល់សំណាក់អន្តជាតិ ,ទី៤៖ បង្ហាញពីវប្បធម៍ និងអរិយធម៍របស់ខ្មែរតាមរយៈសិល្បៈ ដែលយើងបានដាក់នៅក្នុងរចនាបថនៃការសាងសង់វិមានឈ្នះឈ្នះ​និងទី៥៖ បង្កើតជាគោលដៅទេសចរណ៍ដ៏ធំមួយនៅក្នុង​រាជធានីភ្នំពេញ។

ឧត្តមសេនីយ៍ទោ ណឹម សុវត្តី ក៏បានបង្ហាញពីគម្រោងសំខាន់ៗ ក្នុងការរៀបចំពិពណ៍នៃដំណើរ​ការនៃការអនុវត្តន៍នូវនយោបាយឈ្នះ-ឈ្នះ​ និងគម្រោងផ្សេងៗជាច្រើនទៀត ដើម្បីធ្វើការដាក់បង្ហាញ​នៅថ្ងៃសម្ពោធជាផ្លូវការនូវវិមានឈ្នះ-ឈ្នះ ដែលនិងប្រារព្វធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះផងដែរ។

ថ្លែងក្នុង​ឱកាសនោះដែរ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានបង្ហាញឱ្យដឹងពីគម្រោងសំខាន់ៗផ្សេងៗ ជាច្រើនទៀត ក្នុងការក៏សាង​វិមានឈ្នះ-ឈ្នះ​និងបានបង្ហាញពីប្លង់ៗសំខាន់ផ្សេងៗក្នុងការរៀបចំជាការតាំងពិពណ៍ និងបង្ហាញពីជាសមិទ្ធផលផ្សេងៗ នៃនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំទាក់ទង និងការកសាងតំបន់សមិទ្ធផល ក្នុងវិមានឈ្នះឈ្នះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានដឹកនាំក្រុមការងារ និងអ្នកចូលរួមពាក់ព័ន្ធមកពីស្ថាប័នផ្សេងៗទៀត ទៅពិនិត្យមើលដំណើរការសាងសង់នៅវិមានឈ្នះ-ឈ្នះផងដែរ៕