(កំពង់ឆ្នាំង)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ក្នុងពិធីបុណ្យ Eid Al Adha រ៉យ៉ាហាជ្ជី បានអញ្ជើញសំណេះសំណាល និងប្រគល់សាច់គោសរុប២៤៣ក្បាល ចែកជូនសហគមន៍ខ្មែរឥស្លាមទូទាំងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រួមជាមួយនឹង ប្រជាពលរដ្ឋដែលក្រីក្រ នៅឃុំឈូកស១,០៤០គ្រួសារថែមទៀត ទទួលបានគ្រឿងឧបភោគបរិភោគបន្ថែម ដូចជាមី ស្ករសរ អង្ករ និងត្រីខជាដើម។ ក្រៅពីនេះក៏មានកង់១៥គ្រឿង ចែកជូនសិស្សកំព្រា និងកង្ហា៥ជូនដល់ព្រះវិហារ។

លោក អូស្មាន់ ហាស្សាន់ បានបញ្ជាក់ថា អំណោយទាំងនេះ ជាការឧបត្ថម្ភពីសប្បុរសជនម៉ាឡេស៊ី តាមរយៈគណៈអ៊ីម៉ាំខេត្តកំពង់ឆ្នាំង និងគណៈអ៊ីម៉ាំស្រុកកំពង់ត្រឡាច សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។

លោក អូស្មាន ហាស្សាន់ បានថ្លែងការកោតសរសើរដល់សហគមន៍ខ្មែរឥស្លាម ទូទាំងខេត្តកំពង់ឆ្នាំង ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយក៏បានចូលរួមក្នុងការដណ្តើមជ័យជំនះដ៏ធំធេង ជូនគណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តទី៦ ក៏ដូចជាការគាំទ្រមិនងាករេតាំងពីដើមមក ចំពោះគណបក្សប្រជាជនកម្ពុជា។

លោកក៏បានសូមបួងសួងពីអល់ឡោះសូមទ្រង់មេត្តាទទួលយកនូវកុសលផលបុណ្យរបស់សប្បុរសជន និងផលបុណ្យបងប្អូនដែលកំពុងតែប្រារព្ធពិធីធម្មយាត្រាហាជ្ជីនៅទីក្រុងម៉ាកះ ប្រទេសអារ៉ាប៊ីសាអូឌីត ជាមួយនឹងការអញ្ជើញនិវត្តន៍មកកម្ពុជាវិញដោយសុខ សុវត្ថិភាព ប្រកបដោយក្ដីមេត្តា ករុណានិងសណ្តោសប្រណី ហើយក៏សូមឲ្យបងប្អូនជនរួមជាតិសាសនិឥស្លាមដែលកំពុងប្រារព្ធពិធីបុណ្យក្នុងប្រទេសកម្ពុជា ក៍សូមទទួលបាននូវសេចក្តីសុខស្លាម៉ាត់ ករុណារ៉ស់ម៉ាត់ និងចម្រើនប៉ារ៉កាត់ទាំងអស់គ្នាកុំបីឃ្លៀងឃ្លាតឡើយ៕