(កណ្តាល)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែសីហានេះ បានប្រាប់ឲ្យធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវធ្វើការជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីធ្វើយ៉ាងណារកវិធី ក្នុងការបន្ថូរបន្ថយរយៈពេលសង ឬកាត់បន្ថយអត្រាការប្រាក់ ចំពោះប្រជាពលរដ្ឋ ដែលបានខ្ចីប្រាក់ពីគ្រឹះស្ថានទាំងនោះ ហើយជួបគ្រោះធម្មជាតិទឹកជំនន់។

ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី ចំនួន១៧,៥០៣នាក់ មកពីរោងចក្រ សហគ្រាចំនួន១២ នៅក្នុងខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំក៏យកឱកាសនេះ អំពាវនាវដល់ធនាគារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមធ្វើការជាមួយមីក្រូហិរញ្ញវត្ថុទាំងឡាយ ដើម្បីអនុគ្រោះចំពោះប្រជាពលរដ្ឋ ដែលជួបប្រទះនឹងគ្រោះទឹកជំនន់ ដោយបន្ថូរបន្ថយរយៈពេលសង ឬបន្ថូរបន្ថយមិនយកការប្រាក់នៅក្នុងរយៈពេលណាមួយ ដើម្បីកាត់បន្ថយការលំបាក ព្រោះពេលនេះស្រូវដែលគាត់ធ្វើ ផលដំណាំដែលគាត់ធ្វើបានខូចខាតទៅហើយ។ ដូច្នេះ លទ្ធភាពគាត់សងតាមការកំណត់មិនអាចមានទេ សូមកុំរឹបអូសទ្រព្យសម្បត្តិគាត់ ផ្ទុយទៅវិញត្រូវមានការយោគយល់ អធ្យាស្រ័យដល់គាត់ ពន្យារពេលសងថែមទាំងមិនយកការប្រាក់។ ខ្ញុំសង្ឃឹមថា គណៈពង្រឹងមូលដ្ឋានទាំងអស់នឹង បន្តធ្វើកិច្ចការងារនេះ នៅតាមមូលដ្ឋានដែលមានមីក្រូហិរញ្ញវត្ថុទីនោះ ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាជន​ យើងត្រូវធ្វើសកម្មភាពទាំងអស់គ្នា ហើយត្រូវចូលរួមទាំងអស់គ្នាពីសំណាក់ប្រជាពលរដ្ឋ​ និងវិស័យឯកជនផងដែរ»

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវដោះស្រាយបញ្ហាឲ្យទាន់ពេលវេលា ជូនប្រជាពលរដ្ឋកំពុងរងគ្រោះដោយទឹកជំនន់។

សូមជម្រាបថា ជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេបានវាយប្រហារនៅខេត្តមួយចំនួនរបស់កម្ពុជា ដូចជាខេត្តក្រចេះ ស្ទឹងត្រែង កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ ព្រៃវែង កំពតជាដើម ដោយបំផ្លាញនូវផលដំណាំ ស្រែចំការរាប់ពាន់ហិចតា៕