(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីចំនួន១៧,៥០៣នាក់ មកពីរោងចក្រ សហគ្រាចំនួន១២ នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ កិច្ចសំណេះសំណាលនេះនឹងធ្វើឡើង នៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឡាយព្រះហស្ថលេខារបស់ព្រះមហាក្សត្រក្នុងការចាត់តាំងសម្តេចជានាយករដ្ឋមន្ត្រី គឺខុសពីការតែងតាំង។ ក្នុងន័យនេះសម្តេចតេជោ ស្នើឲ្យអ្នករិះគន់បែងចែងឲ្យច្បាស់ពីខ្លឹមសារនៃការចាត់តាំង និងតែងតាំង។

* សម្តេចតេជោ ហ៊ុន សែន បានហៅអ្នករិះគន់ទាំងឡាយថា សូម្បីពាក្យតែងតាំង និងចាត់តាំងបែងចែកគ្នាមិនច្បាស់ផង តើឲ្យទៅធ្វើការងារអ្វីផ្សេងទៅកើត។

* សម្តេចតេជោ ហ៊ុន សែន បានហៅការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាច្រើនលើសលប់ ជាការសម្រេចចិត្តក្នុងការជ្រើសយកការអភិវឌ្ឍ និងការរក្សានូវសុខសន្តិភាព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឯកបក្សនៅក្នុងរដ្ឋសភា ប៉ុន្តែពហុបក្សនៅក្នុងការបោះឆ្នោត។

* សម្តេចតេជោ ហ៊ុន សែន បន្តហៅទណ្ឌិត សម រង្ស៊ី ជាមេចោលួច Facebook របស់សម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកួតប្រជែងធ្វើឡើងនៅពេលបោះឆ្នោត តែក្រោយការបោះឆ្នោតត្រូវរួបរួមគ្នាក្នុងការកសាងជាតិ។ ព្រោះតែស្មារតីនៃការរួបរួមនេះហើយ ទើបសម្តេចសម្រេចផ្តួចផ្តើមគំនិតបង្កើត «ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់»។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបី «ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» បង្កើតមិនទាន់យ៉ាងណាក្តី ក៏ត្រូវអញ្ជើញតំណាងគណបក្ស នយោបាយទាំងអស់ឲ្យមកពិគ្រោះ និងផ្តល់យោបល់លើច្បាប់ថវិកាផងដែរ មុនដាក់ទៅគណៈរដ្ឋមន្ត្រីពិនិត្យ និងអនុម័ត។

* សម្តេចតេជោ ហ៊ុន សែន គោលបំណងដើមរបស់សម្តេចក្រៅពីការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត និងទប់ស្កាត់របបប៉ុលពត ហើយនោះ គឺមិនអាចប្រើអាវុធដើម្បី បញ្ចប់សង្គ្រាមនៅកម្ពុជាបានទេ គឺមានតែប្រើនយោបាយឈ្នះឈ្នះ ក្នុងការចរចាតែប៉ុណ្ណោះ។

* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ព្រោះតែធ្លាប់អនុវត្តន៍នូវនយោបាយឈ្នះឈ្នះនេះហើយ ទើបសម្តេចសម្រេចប្រមូលគ្រប់ធនធានមកពីបក្សនយោបាយទាំងអស់ នៅក្នុងអាណត្តិនេះមកធ្វើការបម្រើប្រទេសជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានការសោកស្តាយចំពោះគណបក្សនយោបាយមួយចំនួន ដែលសម្តេចបានផ្តល់ឱកាសទៅហើយបែរជាមិនចូលរួមទៅវិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់មានការលើកលែងទោសទ្រង់ទ្រាយធំ តែសូមកុំនិយាយថា ការលើកលែងទោសនេះ ព្រោះតែគំនាបបរទេស។

* សម្តេចនាយករដ្ឋមន្ត្រី ថ្លែងថា នៅក្នុងរដូវបុណ្យភ្ជុំឆ្នាំនេះ សម្តេចចង់មានការលើកលែងទោសទ្រង់ទ្រាយធំ ដែលក្នុងនោះសម្តេចគ្រោងនឹងលើកលែងទោសអតីតមន្រ្តីរបស់បក្សប្រឆាំង១២នាក់ផងដែរ។

* សម្តេចបានព្រមានថា ប្រសិនបើមានការលើកឡើងណាមួយថា ការដោះលែងរបស់សម្តេចធ្វើព្រោះគំនាបរបស់បរទេសនោះសម្តេចនឹងពិចារណាឡើងវិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងអញ្ជើញទៅថ្លែងការណ៍នៅអង្គការសហប្រជាជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានផ្តាំដល់អាជ្ញាធរទាំងអស់ ត្រូវដោះស្រាយបញ្ហាឲ្យទាន់ពេលវេលាជូនប្រជាពលរដ្ឋកំពុងរងគ្រោះដោយទឹកជំនន់។ សម្តេចតេជោ ក៏ចេញបញ្ជាឲ្យក្រសួងកសិកម្ម ត្រៀមគ្រាប់ពូជសម្រាប់ប្រជាពលរដ្ឋ។

* សម្តេចនាយករដ្ឋមន្ត្រី ក៏បានចេញបញ្ជាឲ្យក្រសួងសាធារណការ និងក្រសួងអភិវឌ្ឍន៍ត្រៀមស្តារឡើងវិញនូវផ្លូវដែលរងការខូចខាត។

* សម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាទៅក្រសួងសុខាភិបាលត្រៀមបង្ការទប់ស្កាត់បញ្ហាជំងឺចំពោះប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅឆ្នាំនេះសម្តេចនៅតែបន្តជួបជាមួយសិស្សដែលប្រលងបាននិទ្ទេស A ។

* សម្តេចតេជោ បានថ្លែងថា សម្តេចអបអរសាទរចំពោះសិស្សប្រលង ហើយក៏សូមឲ្យសិស្សប្រលងមិនជាប់ត្រូវបន្តការសិក្សារៀនសូត្រ ហើយកុំអស់សង្ឃឹម។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង ១០៖២០នាទីព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់៕