(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីចំនួន ១៧,៥០៣នាក់ មកពីរោងចក្រ សហគ្រាចំនួន១២ នៅក្នុងខេត្តកណ្តាល។ កិច្ចសំណេះសំណាលនេះនឹងធ្វើឡើងនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល។

ជំនួបនៅថ្ងៃស្អែកនេះ គឺជាការអបអរសាទរខួបមួយឆ្នាំនៃការអញ្ជើញចុះជួបកម្មករ កម្មការិនីរបស់សម្តេចតេជោ ហ៊ុន សែន។ រយៈពេលមួយឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន ជួបកម្មករ កម្មការិនី ៥៤លើក ហើយមានកម្មករ កម្មការិនីសរុបជាង ៧៥ម៉ឺននាក់ បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង១២នេះ មានទីតំាងស្ថិតនៅស្រុកគៀនស្វាយចំនួន១០ នៅស្រុកលើកដែកចំនួន១ និងស្រុកស្អាងចំនួន១។ រោងចក្រ សហគ្រាសទាំងនេះ វិនិយោគដោយជនជាតិចិនចំនួន១០, វិនិយោគដោយកូរ៉េចំនួន១ និងវិនិយោគដោយជនជាតិវៀតណាមចំនួន១។ រោងចក្រ សហគ្រាសទាំង១២នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៦, ផលិតស្រោមដៃស្គីទឹកកកចំនួន១, តម្បាញ១, ផុងសម្លៀកបំពាក់ចំនួន១, ផលិតបរិក្ខាពេទ្យធ្មេញចំនួន១, ផលិតជីកសិកម្មចំនួន១ និងបោកគក់ចំនួន១។

លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានគូសបញ្ជាក់ដែរថា តាមរយៈរោងចក្រ សហគ្រាស​ទាំងនេះ បានបង្កើតនូវមុខរបរ និងការងារបន្ថែមជាច្រើន ងាយស្រួលដល់យុវជនក្នុងការរកការងារធ្វើក្នុងមូលដ្ឋានរបស់ខ្លួន របរជួលផ្ទះ លក់ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនក្នុងមូលដ្ឋាន។

បើតាមលោករដ្ឋមន្ត្រី អ៉ិត សំហេង បច្ចុប្បន្នខេត្តកណ្តាលមានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន៤៦៤ មានកម្មករ និយោជិតចំនួន ១៥៥,១៣៨នាក់ ដែលមានប្រាក់ឈ្នួលសរុប ៣៧២លានដុល្លារ។ ក្នុងនោះ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន១៧០ មានកម្មករនិយោជិតចំនួន ១៣៧,៦៦៤នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ៣៣០លានដុល្លារក្នុងមួយឆ្នាំ។ លោករដ្ឋមន្ត្រី ក៏បានឲ្យដឹងដែរថា នៅក្នុងខែមិថុនា កន្លងទៅនេះ មានរោងចក្របើកថ្មីចំនួន២ ដែលផ្តល់ការងារចំនួន ៣,៣៤១នាក់។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមចុះបើកវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីមកពីតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានាតាំងពីថ្ងៃអាទិត្យ ខែសីហា ឆ្នាំ២០១៧មកម្ល៉េះ។ ជំនួបសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន និងកម្មករ កម្មការិនីនៅថ្ងៃស្អែកនេះ គឺជាលើកទី៥៤ហើយ។ ជំនួប ៥៤លើកនេះ មានកម្មករ កម្មការិនីសរុប ៧៥១,៥៤០នាក់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនេះ ក្នុងបំណងស្វែងយល់ពីទុក្ខលំបាករបស់កម្មករ កម្មការិនី និងដោះស្រាយបញ្ហាប្រឈមរបស់ពួកគេ។ ជាពិសេសដើម្បីជំរុញគោលនយោបាយឧស្សាហកម្ម២០១៥-២០២៥ ឲ្យបានកាន់តែប្រសើរថែមទៀត។

តាមរយៈដំណើរចុះជួបសំណេះសំណាលជាបន្តបន្ទាប់នោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្មករ កម្មការិនី ហើយក៏ធ្វើឲ្យមានសុខដុមនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងផងដែរ៕