(ភ្នំពេញ)៖ ចក្រភពអង់គ្លេសតាមរយៈអនុរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក លោក ម៉ាក​ ហ្វីល (Mark Field) បានប្រកាសគាំទ្រចំពោះការបង្កើត «ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» របស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកបានចាត់ទុកការបង្កើត «ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» នេះ ជាស្មារតីផ្សះផ្សារនៅក្នុងជាតិខ្មែរ។

លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេសចក្រភពអង់គ្លេស បានគូសបញ្ជាក់បែបនេះ ក្នុងពេលចូលជួបពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ។

អ្នកនាំពាក្យក្រសួងបរទេសកម្ពុជា លោក កេត សោផាន់ បានប្រាប់ក្រុមអ្នកព័ត៌មានក្រោយជំនួបថា ក្នុងជំនួបនេះ លោក ម៉ាក ហ្វីល បានថ្លែងថា កម្ពុជាមានប្រវត្តិយ៉ាងជូរចត់តាំងពីសម័យសង្គ្រាមវៀតណាម ការឆ្លងកាត់របបប៉ុលពត និងសង្គ្រាមស៊ីវិលផ្សេងៗ។ ជាមួយនឹងការលើកបង្ហាញពីភាពជូរចត់នេះ អង់គ្លេស ក៏បានប្រកាសគាំទ្រជានិច្ចជួយកម្ពុជា គ្រប់កិច្ចដែលខ្លួនអាចធ្វើបាន ដើម្បីឲ្យកម្ពុជាមានអនាគតភ្លឺស្វាង។

និយាយដល់ប្រវត្តិនៃការបែកបាក់របស់កម្ពុជាពីអតីតកាលនេះ លោកអនុរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស ក៏បានបង្ហាញការគាំទ្រដល់ការបង្កើតឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់របស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក កេត សោផាន់។

លោក កេត សោផាន់ បានដកស្រង់ខ្លឹមសារនៃជំនួបមកបញ្ជាក់យ៉ាងដូច្នេះថា «លោក (លោក ម៉ាក ហ្វីល) ក៏បានគាំទ្រនូវស្មារតីផ្សះផ្សារជាតិនូវអ្វីដែលបង្កើតឡើងដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី គឺឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់ ដែលប្រមូលបញ្ចូលគ្រប់គណបក្សទាំងអស់ ដើម្បីផ្លាស់ប្តូរយោបល់គ្នា ហើយលោកសង្ឃឹមថាដំណើរការនេះជាដំណើរការជាវិជ្ជមាន ហើយស្មារតីនៃការបង្រួបបង្រួមជាតិនេះនឹងបន្តទៅមុខទៀត»

សូមបញ្ជាក់ថា ជាការបើកទំព័រប្រវត្តិសាស្ដ្រថ្មីមួយទៀត ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាទាំងមូល នៅថ្ងៃទី២១​ ខែសីហា ម្សិលមិញនេះ ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត «ឧត្តមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» ដោយមានការឯកភាពពីគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ចំនួន១៥។

«ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» នេះ មានសមាសភាពមកពីគណបក្សដែលបានចូលរួមបោះឆ្នោតអាណត្តិទី៦ ជាមួយការឯកភាពពីនាយករដ្ឋមន្រ្តី។ គណបក្សនីមួយៗមានតំណាងពីររូប ដែលជាប្រតិភូ និងតែងតំាងដោយព្រះរាជក្រឹត្យ ស្នើដោយនាយករដ្ឋមន្រ្តី (ដោយតែងតាំងឋានៈស្មើទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី)។

ប្រធានឧត្តមក្រុមប្រឹក្សា គឺអនុវត្តន៍តាមគោលកាណ៍បន្តវេនមួយខែ ម្តងតាមលេខរៀងបញ្ជីបោះឆ្នោត។ «ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់»នេះ មានលេខាធិការដ្ឋានមួយ ទទួលខុសត្រូវដោយមន្ត្រីទីស្តីការគណៈរដ្ឋមន្រ្តី និងមន្រ្តីម្នាក់មកពីគណបក្សនីមួយៗ។ លេខាធិការដ្ឋាន និងកន្លែងប្រជុំស្ថិតនៅក្នុងវិមានសន្តិភាព។

«ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» ត្រូវប្រជុំរៀងរាល់មួយខែម្តង តាមការកោះប្រជុំរបស់ប្រធានបន្តវេន ហើយប្រជុំជាមួយនាយករដ្ឋមន្រ្តី៦ខែម្តង ឬ ជាការចាំបាច់របស់នាយករដ្ឋមន្រ្តី ដែលធ្វើនៅចន្លោះពេលនេះ តាមការកោះប្រជុំរបស់នាយករដ្ឋមន្រ្តី។

«ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» នេះ នឹងត្រូវបញ្ចប់អនុលោមតាមអាណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលទី៦នេះ៕