(ភ្នំពេញ)៖ «ការវិនិយោគអចលនទ្រព្យ គួរតែភ្ជាប់មកជាមួយនូវការទូទាត់ប្រាក់ ដែលមានងាយស្រួល» នេះគឺជា​ជំនឿមួយ របស់ភ្នាក់ងារ ដែលប្រកបដោយជំនាញ ក្នុងការគ្រប់គ្រងអចលនទ្រព្យ ខេបភីថល មេននេចមិន សូលូសិន (ស៊ី អ៊ឹម អេស) និងអ្នកផ្តល់សេវាកម្មធនាគារចល័តនាំមុខគេ នៅកម្ពុជា ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត។ ជាក់ស្ដែង នៅថ្ងៃទី២២ខែសីហា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនទាំងពីរបានចុះកិច្ចហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ដើម្បីផ្តល់ជូននូវសេវាកម្មដំបូងបង្អស់ ក្នុងការទូទាត់​ដោយមិនប្រើសាច់ប្រាក់លើថ្លៃសេវា ឬថ្លៃអចលនទ្រព្យនៅកម្ពុជា។

​លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង បានថ្លែងប្រាប់ឲ្យដឹងថា ការចាប់ដៃគូរវាងធនគារឯកទេសវីង និងភ្នាក់ងារអចលនទ្រព្យ ស៊ី អ៊ឹម អេស មិនត្រឹមតែរួមចំណែក ក្នុងការធ្វើមានងាយស្រួល ក្នុងការឲ្យទទួលសេវាហិរញ្ញវត្ថុសម្រាប់អតិថិជនប៉ុណ្ណោះទេ​ ជាក់ស្តែង​វាក៏ចូលរួមចំណែក ជួយដល់ការរីកចម្រើននៃវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើតប្រព័ន្ធអេកូ នៃការទូទាត់ដោយមិនប្រើសាច់ប្រាក់ ដែលជាលទ្ធផលនៃការរួមបញ្ចូលគ្នា រវាងការច្នៃប្រឌិត និងការរចនាដែលគិតដល់អ្នកប្រើប្រាស់ជាធំ។

លោកបន្តថា «យើងមានបំណងផ្តល់ភាពងាយស្រួល សម្រាប់អតិថិជនរបស់ ស៊ី អ៊ឹម អេស ក្នុងការបង់ថ្លៃជួល ក៏ដូចជាសេវាកម្មដែលពាក់ព័ន្ធផ្សេងទៀត តាមប្រព័ន្ធឌីជីថល ដែលជាបច្ចេកវិទ្យាទូទាត់ប្រាក់ តាមអនឡាញ ផ្តល់ជូនដោយ វីង ដែលអាចឲ្យអតិថិជនធ្វើការទូទាត់ តាមរយៈទូរស័ព្ទប្រភេទស្មាតហ្វូន ឬទូរស័ព្ទធម្មតា បានយ៉ាងងាយស្រួលនៅគេហដ្ឋានរបស់ពួកគេ ឬនៅគ្រប់ទីកន្លែង»។

ដោយឡែក លោក ចូវ៉ានី អេនតូនីញ៉ូ នាយកគ្រប់គ្រង ភ្នាក់ងារស៊ី អ៊ឹម អេស បានថ្លែងថា ក្រុមហ៊ុនតែងតែស្វែងរកវិធីសាស្រ្ត ដែលល្អប្រសើរជាងមុន ដើម្បីឲ្យប្រាកដថា អតិថិជនរបស់យើងពេញចិត្ត នឹងសេវាកម្មរបស់យើង ចាប់ពីពេលដែលពួកគេមកទទួលសេវាកម្ម ណែនាំទាក់ទងនឹងការវិនិយោគ អចលនទ្រព្យ រហូតដល់ពេលដែលពួកគាត់​សម្រេចចិត្តក្លាយជាម្ចាស់អចលនទ្រព្យនោះ។

លោក អេនតូនីញ៉ូ បន្តថា «យើងបានឃើញឧទាហរណ៍ជាច្រើន ដែលធនាគារឯកទេសវីងបានធ្វើកន្លងមក ពាក់ព័ន្ធនឹងការបង្កើតប្រព័ន្ធអេកូ នៃការទូទាត់ដោយមិនប្រើសាច់ប្រាក់ ជាមួយស្ថាប័ននានា។ ហេតុដូច្នេះ ស៊ី អ៊ឹម អេស បានបង្កើតយុទ្ធសាស្រ្ត ដែលនឹងធ្វើឲ្យយើងក្លាយទៅជាក្រុមហ៊ុន អចលនទ្រព្យដំបូងគេដែលបានធ្វើជាដៃគូ សហការជាមួយធនាគារ ដើម្បីណែនាំដំណោះស្រាយ ទូទាត់ដោយមិនប្រើសាច់ប្រាក់ជាលើកដំ​បូង ក្នុងប្រវត្តិសាស្ត្រនៃវិស័យគ្រប់គ្រងអចលនទ្រព្យ។ ទាំងនេះក៏ជាផ្នែកមួយនៃជំហានដំបូង របស់ក្រុមហ៊ុនយើងក្នុងការរួមបញ្ចូលគ្នា នូវសេវាកម្មអចលនទ្រព្យ និងបច្ចេកវិទ្យា ហើយយើងសង្ឃឹមថា ការនាំមកជូនថ្មីនេះ នឹងក្លាយជាឲកាសនៃការច្នៃប្រឌិតថ្មីៗ ក្នុងវិស័យសេវាកម្មអចលនទ្រព្យ ដែលស្រដៀងទៅនឹងសេវាកម្ម នៅក្រៅប្រទេសផងដែរ»

ដើម្បីរីករាយជាមួយវិធីងាយស្រួល ក្នុងការទូទាត់ប្រាក់តាមទូរស័ព្ទដៃ អតិថិជនស៊ី អ៊ឹម អេស ត្រូវតម្រូវឲ្យចុះឈ្មោះបង្កើតគណនីវីង។ ដើម្បីបង្កើតគណនីវីង អតិថិជនអាចទាញយកកម្មវិធីស្មាតហ្វូនវីង និងបំពេញព័ត៌មានមួយចំនួន។ ពួកគេក៏អាចទៅកាន់ភ្នាក់ងារវីង ខាស អ៊ិចប្រេស ឬវីងមីនីដើម្បីទទួលបានគណនីនេះ។ ជាមួយនឹងបច្ចេកវិទ្យាផ្តល់ជូនដោយ វីង ពួកគេក៏អាចធ្វើប្រតិបត្តិការជាច្រើន តាមរយៈកម្មវិធីស្មាតហ្វូនវីង រួមមានបញ្ចូលទឹកប្រាក់ទូរស័ព្ទ ទូទាត់វិក្កយបត្រ ទិញទំនិញតាមអនឡាញ ផ្ទេរប្រាក់និងជាច្រើនទៀត។

រីឯអ្នកឧកញ៉ា គិត លីផាន់ណា នាយកប្រតិបត្តិភ្នាក់ងារ ស៊ី អ៊ឹម អេស ក៏បានថ្លែង​ថា «គោលដៅមួយដ៏សំខាន់ របស់យើងនៅឆ្នាំនេះ គឺការកែលម្អឥតឈប់ឈរ នៅក្នុងដំណើរការលើកកម្ពស់ ការផ្តល់ជូនសេវាកម្មអតិថិជនរបស់យើង។ យើងបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ លើទីផ្សារអចលនទ្រព្យ នាពេលបច្ចុប្បន្ន ហើយបានវិភាគពីដំណើរការរបស់វា។ យើងបានរកឃើញថា មធ្យោបាយដ៏ល្អបំផុត ដើម្បីបង្កើនសមត្ថភាពសេវាកម្មរបស់យើង គឺតាមរយៈការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា។ នេះរួមបញ្ចូលទាំងការចាប់ដៃគូសហការជាមួយ ធនាគារ ឯកទេសវីងផងដែរ។ លើសពីនេះទៀត យើងក៏បានបង្កើតសេវាកម្មទីផ្សារផ្ទាល់ខ្លួន របស់យើងដែល នឹងធ្វើឲ្យប្រសើរឡើងនូវបរិបថ នៃការជួលអចលនទ្រព្យ និងអត្រាជោគជ័យរបស់អតិថិជនរបស់យើង។ យើងចង់ប្រកាសជាផ្លូវការនូវសេវាកម្មនេះ នាពេលអនាគត។ ការផ្តោតការយកចិត្តរបស់យើង នឹងបន្តធានាឲ្យបាននូវ ដំណើរការបទពិសោធន៍អតិថិជនដ៏អស្ចារ្យ សម្រាប់អតិថិជនរបស់យើងទាំងអស់ ទោះបីជាពួកគេជាអ្នកអភិវឌ្ឍ អ្នកកាន់កាប់ ឬអ្នកជួលអចលនទ្រព្យក៏ដោយ។

សូមបញ្ជាក់ថា ភាពជាដៃគូនេះ នឹងអនុញ្ញាតឲ្យអតិថិជនដែលមានទំនុកចិត្ត លើសេវាកម្មឥតខ្ចោះ ដែលផ្តល់ជូនដោយភ្នាក់ងារ ស៊ី អ៊ឹម អេស បង់ថ្លៃជួលប្រចាំខែ ថ្លៃទឹកភ្លើង ថ្លៃគ្រប់គ្រង និងសេវាកម្មផ្សេងៗទៀត បានយ៉ាងងាយស្រួល រហ័ស និងមានសុវត្ថិភាព តាមរយៈសេវាធនាគារចល័ត ដែលផ្តល់ជូនដោយវីង។ អតិថិជនអាចធ្វើប្រតិបត្តិការទូទាត់ទាំងនេះ ដោយចូលទៅកាន់កម្មវិធីស្មាតហ្វូនវីង ឬវាយលេខកូដ USSD * 989 # ក៏ដូចជាទៅកាន់ភ្នាក់ងារជាង ៥០០០កន្លែង ទូទាំងប្រទេសដើម្បីធ្វើការទូទាត់ប្រាក់។

អ្នកជំនាញ និងវិនិយោគិន នៅក្នុងវិស័យអចលនទ្រព្យបានព្យាករណ៍ថា កម្ពុជានឹងទទួលបានកំណើនយ៉ាងខ្លាំង នៅក្នុងទីផ្សារអចលនទ្រព្យនៅក្នុងឆ្នាំ ២០១៨។ គេប៉ាន់ប្រមាណថា យ៉ាងហោចណាស់មានខុនដូចំនួន ១៣,០០០ បន្ថែមទៀតនឹងមានវត្តមាន ក្នុងទីផ្សារនៅឆ្នាំ ២០១៨ ខណៈ​ដែលតម្រូវការជួលការិយាល័យ នៅតែជាតម្រូវការ ជាពិសេសអគារថ្នាក់ B និងថ្នាក់ C ដែលជាអាគារដែលមានតម្រូវការខ្ពស់ នៅក្នុងដំណាក់កាលនៃ ការអភិវឌ្ឍនេះ៕