(បន្ទាយមានជ័យ)៖ នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ លោក ស៊ុ ណារុន អគ្គនាយករងនៃអគ្គនាយកដ្ឋានកាំកុងត្រូល លោក លី សារី អភិបាលរងខេត្ត លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោក សាន វិជ្ជារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្ត មន្ត្រីពាណិជ្ជកម្មខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប បានប្រមូលទំនិញចម្រុះគ្មានគុណភាពចំនួន ១,០៣៣គីឡូក្រាម យកទៅដុតកម្ទេចចោលនៅបរិវេណដីទំនេរ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ក្នុងរយៈពេល៧ខែកន្លងមកនេះ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានចុះអង្កេតទំនិញលើទីផ្សារ និងតាមគេហដ្ឋានបានចំនួន ១៨លើក និងបានដកហូតផលិតផលម្ហូបអាហារខូចគុណភាព ហួសរយៈពេលប្រើប្រាស់ តាមបណ្តាលគេហដ្ឋានតាំងលក់ និងតាមទីផ្សារក្នុងភូមិសាស្ត្រទូទាំងខេត្តបន្ទាយមានជ័យ សរុបចំនួន១,០៣៣គីឡូក្រាម។

លោកប្រធានកាំកុងត្រូលបានបន្តថា ផលិតផលម្ហូបអាហារខួចគុណភាពទាំងនេះ មិនមានគុណភាពអនាម័យ និងសុវត្ថិភាព សម្រាប់ឲ្យមនុស្សយកមកបរិភោគបានឡើយ និងគ្មានអនុលោមភាពស្របតាមច្បាប់ស្តីពី «ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា» ដែលព្រះរាជក្រមលេខ: នស/រកម/០៦០០/០០១ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០០ ហើយដោយមានការយល់ព្រមពី លោកព្រះរាជអាជ្ញា ទើបសមត្ថកិច្ចកាំកុងត្រូល យលផលិតផលម្ហូបអាហារខូចគុណភាពទាំងនេះទៅដុតកម្ទេចចោល។

លោក លី សារី អភិបាលរងខេត្តបានបញ្ជាក់ និងជំរុញ ឲ្យមន្ត្រីជំនាញកាំកុងត្រូលបន្តសកម្មភាពត្រួតពិនិត្យទំនិញតាមគេហដ្ឋាន តាមតូប តាមទីផ្សារទូទាំងខេត្ត ជាពិសេសតាមទីជនបទដាច់ស្រយាល ដែលមានពលរដ្ឋរស់នៅខ្វះការយល់ដឹងពីបញ្ហាសុខសុវត្ថិភាពទំនិញ ការប្រើប្រាស់ទំនិញ ទំនិញណាគ្មានគុណភាព និងទំនិញណាមានគុណភាព៕