(កំពត)៖ ប្រជាពលរដ្ឋនៅភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត មិនចង់ឲ្យអាជ្ញាធរខេត្តកំពត ធ្វើការដោះដូរដីនៅតំបន់ពួកគាត់កំពុងរស់នៅ ជាមួយពលរដ្ឋភូមិព្រែកចេក ឃុំកោះតូច ស្រុកទឹកឈូឡើង ព្រោះទីតាំងដីនៅឆ្ងាយពីគ្នា ហើយ​ពួកគាត់ចង់ឲ្យអាជ្ញាធរអនុវត្តតាមអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន កាលពីពេលកន្លងទៅ បានចេញអនុក្រឹត្យ លេខ១៦៧ អនក្រ.បក ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្តីពី​ការកំណត់តំបន់សហគមន៍ នៃឧទ្យានជាតិព្រះមុនីវង្សបូកគោ លើផ្ទៃដីទំហំ​៤១,៥៣​ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត និងទំហំ​៧,០៧​ហិកតា ស្ថិតក្នុងភូមិព្រែកចេក ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

ក្រោយសម្ដេចចេញអនុក្រឹត្យនេះ ​​​សាលាខេត្តកំពត ក៏បានបើកកិច្ចប្រជុំ ហើយ​ត្រូវគណៈកម្មការដីធ្លីថ្នាក់ខេត្តដោះដូរដីផ្ទុយពីអនុក្រឹត្យ​សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យប្រជាពលរដ្ឋ ធ្លាប់មានក្តីសង្ឃឹមពីមុនមកនោះ មានការថ្នាំងថ្នាក់រវាងគ្នានឹងគ្នា។

ប្រជាពលរដ្ឋ​ដែលត្រូវដោះដូរនោះ មិនមែនរស់នៅក្នុង​ភូមិសាស្ត្រ​មូលដ្ឋានជាក់ស្តែងនោះឡើយ គឺពួកគេជាច្រើនគ្រួសារ​ភាគច្រើន មានដីអាស្រ័យផល នៅក្នុងដែនឧទ្យានជាតិ ព្រះមុនីវង្សបូកគោដែរ តែស្ថិតក្នុង​ភូមិ​គីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត​ទៅវិញទេ ហើយទីតាំងដី​មានគម្លាត​ជាច្រើនគីឡូម៉ែត្រឆ្ងាយពីគ្នាណាស់។

ថ្លែងប្រាប់ភា្នក់ងារ Fresh News នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ ពលរដ្ឋដែលត្រូវអាជ្ញាធរគ្រោងដោះដូរដីខាងលើនេះ ទទូចស្នើអន្តរាគមន៍ពីសម្តេច​តេជោ ហ៊ុន សែន និង​លោក ជាវ តាយ អភិបាលខេត្តកំពត ជួយរកភាពយុត្តិធម៌ និងពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លី ជូនពួកគាត់ឲ្យបានឆាប់ៗខាងមុខនេះផង បើមិនដូច្នេះទេ ពួកគាត់នឹងមិនបានដីរបស់គាត់ឡើយ។

សូមជម្រាបថា បន្ទាប់ពី​ចេញអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាល ​ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ បានត្រេកអរយ៉ាងខ្លាំង ពីព្រោះចាប់ពីពេលនោះតទៅ ពួកគាត់លែងព្រួយបារម្ភតទៅទៀតហើយ សម្រាប់កម្មសិទ្ធីដីធ្លីនៅតំបន់នោះ។

ប្រជាពលរដ្ឋទាំងនេះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់យុត្តិធម៌ជូនពួកគាត់ និងបានប្រកាសគាំទ្រសម្តេចអស់មួយជីវិតទៀតផង។ ទន្ទឹមគ្នានេះប្រជាពលរដ្ឋក៏​បានអរគុណ ចំពោះរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ ដែលបានខិតខំដោះស្រាយបញ្ហានេះ រហូតបានចេញអនុក្រឹត្យ​៕