(ភ្នំពេញ)៖ គណបក្សខ្មែរតែមួយរបស់ លោក កែម រិទ្ធិសិត ប្អូនប្រុសរបស់លោកបណ្ឌិត កែម ឡី បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ថា ខ្លួនយល់ព្រមធ្វើការក្នុង «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ដើម្បីរួមគ្នាបន្តរក្សាសន្តិភាព នៅក្នុងប្រទេសកម្ពុជា។

យោងតាមសេចក្តីថ្លែងការណ៍ គណបក្សខ្មែរតែមួយ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ប្រធាន និងអនុប្រធានគណបក្សខ្មែរតែមួយ បានចូលរួមប្រជុំនៅទីស្តីការគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព ដែលបានរៀបចំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីពិភាក្សាការងារក្នុងគោលបំណងបង្កើត "ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់" សម្រាប់គ្រប់គណបក្សនយោបាយខ្មែរ រួមគ្នាបន្តរក្សាសន្តិភាព និងការអភិវឌ្ឍជាតិឲ្យកាន់តែរីកចម្រើនគ្រប់វិស័យ»

បើតាមសេចក្តីថ្លែងការណ៍ដដែល «គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខ្មែរតែមួយ បានសម្រេចចិត្តយល់ព្រមចូលរួមធ្វើការងារនៅក្នុង "ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់" ដើម្បីជំរុញការអនុវត្តការងារដល់មន្ត្រីថា្នក់ជាតិ និងមន្រ្តីថ្នាក់ក្រោមជាតិ រួមគ្នាបន្តការពារថែរក្សាមាតុភូមិកម្ពុជានៃយើង និងការពង្រឹងគោលការណ៍ប្រជាធិបតេយ្យសេរី និងការគោរពសិទិ្ធមនុស្ស។ ជាពិសេស គណបក្សខ្មែរតែមួយត្រូវគោរព និងអនុវត្តតាមលិទិ្ធប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីចូលរួមពង្រឹងស្ថាប័នកំពូលទាំងបីរបស់រដ្ឋគឺ នីតិប្បញ្ញតិ នីតិប្រតិបត្តិ និងនីតិតុលាការនឹងក្លាយទៅជានីតិរដ្ឋពិតប្រាកដសម្រាប់ប្រជាជាតិខ្មែរ និងប្រទេសកម្ពុជា»

សូមរំឭកថា ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» នៅចំពោះមុខប្រធានគណបក្សនយោបាយទាំង១៦ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» គឺជាយន្ដការថ្មីមួយទៀត ដើម្បីចូលរួមឆ្លើយតបនឹងផ្ដល់ផលប្រយោជន៍ប្រជាពលរដ្ឋទាំងមូល ដែលវាមិនមែនជាផ្ដល់ ប្រយោជន៍របស់រាជរដ្ឋាភិបាលនោះឡើយ ហើយប្រធានគណបក្សនយោបាយទាំងអស់ ដែលចូលរួមកិច្ចពិគ្រោះយោបល់នោះ ក៏បានប្រកាសគាំទ្រទាំងស្រុងចំពោះគំនិតផ្ដួចផ្តើមនេះផងដែរ៕