(ភ្នំពេញ)៖ គណបក្សយុវជនកម្ពុជារបស់ លោក ពេជ្រ​​​​ ស្រស់ បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ សម្តែងការពេញចិត្តចំពោះការបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ដែលផ្តួចផ្តើមដោយ សម្តេចតេជោ ហ៊ុន សែន ដើម្បីផ្តល់ប្រយោជន៍ជូនជាតិ និងផ្តល់ឱកាសគណបក្សនយោបាយ មិនមានសំឡេងក្នុងរដ្ឋសភា បានចូលរួមកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនជានិច្ចនិរន្តរ៍។

សេចក្តីថ្លែងការណ៍របស់គណបក្សយុវជនកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅពេលនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គណបក្សយុវជនកម្ពុជា សូមគាំទ្រចំពោះការបង្កើត "ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់" ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ និងផ្តល់ឱកាសគណបក្សនយោបាយ មិនមានសំឡេងក្នុងរដ្ឋសភាជាតិ បានចូលរួមកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនជានិច្ចនិរន្តរ៍»។

សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់បន្តថា «គណបក្សយុវជនកម្ពុជា សូមធ្វើការបំភ្លឺ ដល់សាធារណជនឲ្យបានជ្រាបថា ការបំពេញភារកិច្ចនៅក្នុងស្ថានប័ន "ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់" នៅពេលខាងមុខនេះ គឺមិនមែនមានន័យថា ធ្វើកិច្ចការជូនគណបក្សប្រជាជននោះទេ គឺពួកយើងធ្វើកិច្ចការបម្រើរដ្ឋ និងប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការនយោបាយទាំងអស់ ហើយម្យ៉ាងវិញទៀត គណបក្សយុវជនកម្ពុជា នៅតែជាគណបក្សប្រឆាំងដដែល និងជាគណបក្សឯករាជ្យមិនចូលបក្សសម្ព័ន្ធនោះឡើយ ដូច្នេះសូមបងប្អូនជនរួមជាតិ កុំយល់ច្រឡំ តាមការញ៉ុះញង់ពីមនុស្សមួយក្រុម ដែលកំពុងព្យាយាមបំផ្លាយសង្គមខ្មែរឲ្យសោះ»

គួររំឭកថា ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» នៅចំពោះមុខប្រធានគណបក្សនយោបាយទាំង១៦ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» គឺជាយន្ដការថ្មីមួយទៀត ដើម្បីចូលរួមឆ្លើយតបនឹងផ្ដល់ផលប្រយោជន៍ប្រជាពលរដ្ឋទាំងមូល ដែលវាមិនមែនជាផ្ដល់ ប្រយោជន៍របស់រាជរដ្ឋាភិបាលនោះឡើយ ហើយប្រធានគណបក្សនយោបាយទាំងអស់ ដែលចូលរួមកិច្ចពិគ្រោះយោបល់នោះ ក៏បានប្រកាសគាំទ្រទាំងស្រុងចំពោះគំនិតផ្ដួចផ្តើមនេះផងដែរ៕