(ភ្នំពេញ)៖ ថៃនឹងរៀបចំការតាំងពិព័រណ៍ «Thailand Best Buy 2018» រយៈ៤ថ្ងៃនៅកម្ពុជា ដែលពិព័រណ៍នេះ ជាពិព័រណ៍បញ្ចុះតម្លៃផលិតផលទំនិញ។ពិព័រណ៍នេះរៀបចំឡើងនៅថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨។ នេះជាលើកទី២ហើយ ដែលថៃបានរៀបចំការតាំងពិព័រណ៍ «Thailand Best Buy 2018» ក្នុងប្រទេសកម្ពុជាការតាំងពិព័រណ៍ផលិតផលថៃនេះ ក៏ទទួលបានភាពជោគជ័យ និងការគាំទ្រយ៉ាងខ្លាំង ពីសំណាក់​អតិថិជនកម្ពុជា។

លោក Thanawat Maneekornjongsiri អ្នករៀបចំតាំងពិព័រណ៍ «Thailand Best Buy 2018» បានថ្លែងថា «ពិព័រណ៌ក្នុងឆ្នាំនេះ រៀបចំលក្ខណះបែបថ្មី ព្រោះខ្ញុំចង់ឲ្យមានការខុសប្លែកពីឆ្នាំទៅ និងខុសប្លែកពីការតាំងពិព័រណ៍ផ្សេងៗ។ មួយវិញទៀតខ្ញុំក៏បានរៀបចំកម្មវិធីពីប្រទេសថៃ ដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់ និងមានរបៀបរៀបរយ»

លោកបានបន្ដទៀតថា ឆ្នាំនេះការតាំងពិព័រណ៌រៀបចំឡើង ដោយមានស្ដង់ចំនួន២៥០ស្ដង់ ក្នុងនោះ៨០ភាគរយជាក្រុមហ៊ុនថៃនិង២០ភាគរយទៀតជាក្រុមហ៊ុន មកពីបណ្ដាប្រទេសផ្សេងទៀត ហើយមានការបញ្ចុះតម្លៃចាប់ពី១០-៥០ភាគរយ។ ដោយឡែកសម្រាប់ទំនិញ ដែលត្រូវនាំមកតាំងបង្ហាញសុទ្ធសឹងតែជាទំនិញល្អ។

លោកបញ្ជាក់ទៀតថា បានជាប្រទេសថៃ ជ្រើសរើសយកកម្ពុជា ក្នុងការមកបើកពិព័រណ៍ព្រោះ ដើម្បីជំរុញផ្នែកសេដ្ឋកិច្ច រវាងប្រទេសទាំង២ ព្រមទាំងជួយពង្រីកវិស័យពាណិជ្ជកម្មប្រទេសទាំងពីរ ឲ្យកាន់តែឈានឡើង មួយកម្រិតបន្ថែទៀត។

លោកសង្ឃឹមទៀតថា ការមកតាំងពិព័រណ៌ពាណិជ្ជកម្មលើកទី២នេះ នឹងទទួលបានការគាំទ្រពីសំណាក់អតិថិជនកម្ពុជា កាន់តែច្រើនឡើង។

សូមបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្ម «Thailand Best Buy 2018» នឹងរៀបចំរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ និងរៀបចំឡើងនៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ៕