(ព្រះវិហារ)៖ រយៈពេលប៉ុន្មានថ្ងៃនេះ នៅលើអាខោនហ្វេកប៊ុកមួយ បានបង្ហោះសារយ៉ាងខ្លីថា «សូមបងប្អូនប្រយ័ត្នផង ឥឡូវនៅភូមិស្វាយប៉ាត មានអង្ករកៅស៊ូ ខ្ញុំបានហូបផ្ទាល់ សូមស្ថាបន័ពាក់ព័ន្ធជួយចាប់អ្នកនាំចូលផង»។

ហេតុការណ៍នេះ បានកើតឡើងនៅភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ដែលធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតមន្រ្តីជំនាញកាំកុងត្រូល ចុះទៅធ្វើការពិសោធន៍ទៀត តែជាលទ្ធផលមិនមែនជាការពិតនោះទេ។

ទាក់ទងនិងព័ត៌មានតាមបណ្តាញសង្គមហ្វេកប៊ុកនេះ លោក ដួង មុន្នី ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះថា សាខាកាំកុងត្រូលខេត្តព្រះវិហារ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអជ្ញាធរមូលដ្ឋាន បានចុះដល់ទីតាំងដែលកើតហេតុផ្ទាល់ ដែលបានផ្សាយ ក្នុងបណ្តាញសង្គមកាលពីម្សិលមិញ ដោយបានយកអង្ករនោះមកធ្វើការពិសោធន៍ជាក់ស្តែង។

លោក ដួង មុន្នី បានឲ្យដឹងទៀតថា អង្ករដែលគាត់ថា ជាអង្ករកៅស៊ូនោះ យើងយកវាមកធ្វើការពិសោធន៍ដោយលីង រហូតឡើងពណ៌ក្រហមក្រម៉ៅ ប៉ុន្តែវាមិនរលាយនោះទេ បើសិនជាអង្ករកៅស៊ូមែន វាច្បាស់ជារលាយស្អិតចូលគ្នាមិនខាន។ ករណីលោកប្រធានសាខាកាំកុងត្រូល បានបញ្ជាក់យ៉ាងច្បាស់ថា អង្ករដែលគេបង្ហោះថា ជាអង្ករកៅស៊ូនោះ គឺមិនពិតនោះទេ ជាអង្កធម្មតាសុទ្ធសាធ។ ចំពោះម្ចាស់អាខោនហ្វេកប៊ុក ដែលបង្ហោះនោះ ក៏បានធ្វើការសុំទោសសមត្ថកិច្ច និងលុបចោលវិញសារដែលបង្ហោះនេះផងដែរ។

ជាទូទៅនៅតាមបណ្តាញសង្គមហ្វេកប៊ុកបច្ចុប្បន្ននេះ គឺការបង្ហោះព័ត៌មានផ្សេងៗ មានលក្ខណៈច្រើនប្រភេទណាស់ ប៉ុន្តែព័ត៌មានខ្លះ បានធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ ដែលករណីទាំងនេះ មន្រ្តីបានណែនាំដល់បងប្អូនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ គួរមានការប្រុងប្រយត្ន័ដោយខ្លួនឯង ជៀសវាងមានបញ្ហាដល់សង្គមជាតិ និងខ្លួនយើងផ្ទាល់ផងដែរ៕