(ភ្នំពេញ)៖ គណបក្សឆន្ទៈខ្មែរ​របស់លោក គង់ មុនីកា កូនប្រុសលោកគង់ គាំ បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ សម្តែងការពេញចិត្តចំពោះការបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ដែលផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីឱ្យបក្សផ្សេងៗ មានឱកាសចូលរួមបម្រើប្រជាពលរដ្ឋ ទោះបីជាមិនបានទទួលអាសនៈពីការបោះឆ្នោត។

សេចក្តីថ្លែងការណ៍របស់គណបក្សឆន្ទៈខ្មែរ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញ ប្រធាន និងអគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ ដែលបានចូលរួមពិគ្រោះយោបល់ តាមការអញ្ជើញ និងរៀបចំដោយ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព បានពិភាក្សាជុំវិញការរៀបចំឲ្យមាន "ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់" សម្រាប់ការរួមគ្នាក្នុងដំណើរការអភិវឌ្ឍជាតិឲ្យកាន់តែរីកចម្រើន»។

សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់បន្តថា «គណបក្សឆន្ទៈខ្មែរ សូមសម្តែងនូវការពេញចិត្ត ក្នុងការចូលរួមលើកកម្ពស់ការដឹកនាំ និងអនុវត្តការបម្រើប្រជាពលរដ្ឋ កសាងប្រទេសកម្ពុជា លើគោលការណ៍ប្រជាធិបតេយ្យសេរី គោរពសិទ្ធិមនុស្ស និងអភិវឌ្ឍសម្រាប់ទាំងអស់គ្នា»

គួររំឭកថា ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» នៅចំពោះមុខប្រធានគណបក្សនយោបាយទាំង១៦ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» គឺជាយន្ដការថ្មីមួយទៀត ដើម្បីចូលរួមឆ្លើយតបនឹងផ្ដល់ផលប្រយោជន៍ប្រជាពលរដ្ឋទាំងមូល ដែលវាមិនមែនជាផ្ដល់ ប្រយោជន៍របស់រាជរដ្ឋាភិបាលនោះឡើយ ហើយប្រធានគណបក្សនយោបាយទាំងអស់ ដែលចូលរួមកិច្ចពិគ្រោះយោបល់នោះ ក៏បានប្រកាសគាំទ្រទាំងស្រុងចំពោះគំនិតផ្ដួចផ្តើមនេះផងដែរ៕