(ភ្នំពេញ)៖ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល ចុះមកពិនិត្យគុណភាពទំនិញនៅផ្សារទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការចូលរួម ពីមន្ទីរពាណិជ្ជកម្មរាជធានី និងគណៈកម្មការផ្សារផងដែរ។

មន្រ្តីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានឲ្យដឹងថា ពេលចុះពិនិត្យនោះ ទំនិញជាម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃចំនួន៣៩គំរូ ដែលរួមមាន៖ សណ្តែកបណ្តុះ សាច់ក្រក ត្រីប្រាសំយ៉ុង ប្រហិតសាច់គោ ប្រហិតត្រី សាច់ប៉ាតេ សរសៃគុយទាវ មី បាញ់កាញ់ លត ផ្អក បន្លែស្រស់ច្រើនប្រភេទ ប្រភេទជ្រក់ អាហារសមុទ្រស្រស់ក្លាសេ ជាដើម។

ត្រូវបានយកមកពិនិត្យវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម។ ជាលទ្ធផល ផលិតផលដែលបានពិនិត្យទាំង៣៩គំរូនេះ គីមានអនុលោមភាពសុវត្ថិភាពទាំងអស់។

ក្នុងពេលចុះពិនិត្យគុណភាពទំនិញនោះ មន្រ្តីកាំកុងត្រូលក៏បានចែកផ្សាយនូវរូបភាព Poster ឆ្លៀតអប់រំ និងផ្តាំផ្ញើដល់អាជីវករទាំងអស់កុំឲ្យផលិត ឬយកទំនិញគ្មានគុណភាព ឬមានសារធាតុគីមីមកលក់ ព្រោះនាំឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់។

ចំពោះអ្នកទិញ មន្រ្តីកាំកុងត្រូលក៏បានណែនាំពីរបៀប នៃការជ្រើសរើសផលិតផល មានសុវត្ថិភាពមកបរិភោគ និងបានផ្តាំផ្ញើដល់អ្នកទិញគួរពិចារណា មុននឹងសម្រេចចិត្តទិញ ជាពិសេសទំនិញដែលខុសប្លែកពីធម្មតា ដូចជា ទំនិញដែលមានសម្រស់ស្រស់ ឆើតឆាយ មានលក្ខណៈទាក់ទាញខ្លាំង។

ដោយឡែក ចំពោះការឃ្លាំពិនិត្យមើលថ្លៃលក់ប្រេងសាំង និងម៉ាស៊ូតនៅតាមបណ្តាស្ថានីយ៍ ប្រេងឥន្ធនៈនានាក្នុងភូមិសាស្រ្តខណ្ឌសែនសុខវិញ គឺមានតម្លៃសមស្របទៅនឹងសេចក្តី ជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨៕