(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រគល់រថយន្ដចំនួន៤គ្រឿង ជូនដល់នាយកដ្ឋាននគរបាលការពារ ដើម្បីទុកបម្រើការងារជូនអង្គភាព ក្នុងប្រតិបត្តិការថែរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម។

ការប្រគល់រថយន្ដនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ ដោយនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ជូនលោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋាននគរបាលការពារ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា ក្នុងចំណោមរថយន្ដទាំង៤គ្រឿងនេះ មាន៣គ្រឿង ជាអំណោយសប្បុរសជន ផ្ដល់ដោយក្រុមហ៊ុន Angkor Shine Development Co.ltd និងក្រុមហ៊ុន​ Saebusung Trading Co.ltd ជូននាយកដ្ឋាននគរបាលការពារ តាមរយៈអគ្គស្នងការដ្ឋាននគរបាលជាតិ និងមួយគ្រឿងទៀត របស់នាយឧត្តមសេនីយ៍ នេត សាវឿន ផ្ទាល់តែម្ដង។

បើតាមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ជំនួសមុខអគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនទាំង២ខាងលើ ចំពោះកាយវិការដ៏ឧត្ដុងឧត្តមនេះ និងចាត់ទុកជាការរួមចំណែកសំខាន់មួយ ក្នុងបុព្វហេតុសន្ដិសុខ សណ្ដាប់ធ្នាប់នៃកម្ពុជា។

សណ្ដានចិត្តសប្បុរសធម៌នេះ មួយផ្នែកបានបង្ហាញអំពីមនោសញ្ចាតនា ជួយរំលែកការលំបាកខ្វះខាតរបស់កងកម្លាំងនគរបាលជាតិ និងមួយផ្នែកទៀត បានឆ្លុះបញ្ចាំងអំពីស្មារតីយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការជ្រោមជ្រែងជួយដល់កងកម្លាំងនគរបាលជាតិ ដើម្បីមានលទ្ធភាពកាន់តែប្រសើរឡើងក្នុងការរ៉ាប់រងតួនាទីភារកិច្ចរបស់ខ្លួន។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋាននករបាលការពារ បានធ្វើការប្ដេជ្ញាចិត្តថា ក្នុងនាមលោកជាប្រធាននាយកដ្ឋាន នឹងយករថយន្ដនេះទៅប្រើប្រាស់ឲ្យចំគោលដៅ ក្នុងន័យថែរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម ហើយលោកនឹងថែរក្សា រៀបចំទុកដាក់រថយន្ដទាំងនេះឲ្យល្អជាទីបំផុត៕