(មណ្ឌលគិរី)៖ ករណីប្តី និងប្រពន្ធធ្វើអត្តឃាតបំផ្ទុះគ្រាប់បែក បណ្តាលឲ្យស្លាប់ទាំងពីនាក់ កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានបន្សល់ទុកកូនកំព្រាចំនួន០៤នាក់ គ្មានទីពឹង និងជម្រក។

នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានចាត់ចែងឲ្យក្រុមការងារខេត្ត នាំយកថវិការមួយចំនួន ជាថវិកាផ្ទាល់របស់លោក រួមជាមួយគ្រឿងបរិភោគ និងសម្ភារមួយចំនួន របស់មន្រ្តីរាជការ ទៅឧបត្ថម្ភគ្រួសារសពខាងលើ និងកូនៗកំព្រាចំនួន៤នាក់ ដែលមានប្រុសចំនួន៣នាក់ ស្រីចំនួន០១នាក់ ដើម្បីចាត់ចែងដោះស្រាយជីវភាព។

ស្ត្រីចំណាស់ម្នាក់ឈ្មោះ ម៉ា ចន្ធូ អាយុ៥០ឆ្នាំ ត្រូវជាជីដូនរបស់ក្មេងកំព្រាទាំង០៤នាក់ បានថ្លែងនូវអំណរអរគុណចំពោះលោកអភិបាលខេត្ត និងក្រុមការងារយ៉ាងខ្លាំង រាល់ជំនួយឧបត្ថម្ភដ៏មានតម្លៃ ជូនដល់ក្រុមគ្រួសាររបស់លោកស្រី គ្រាដែលកំពុងមានទុក្ខនាពេលនេះ។

ជីដូនរូបនេះ ក៏បានធ្វើការអំពាវនាវផងដែរ ដល់បងប្អូនសប្បុរសជនទាំងអស់ ដែលមានចិត្តធម៌ដ៏សប្បុរស សូមមេត្តាជួយគាត់ផង ព្រោះចៅៗកំព្រាទាំង៤នាក់ ទី១៖ ឈ្មោះ រស់ ផាត់ថៃ ប្រុសអាយុ១៧ឆ្នាំ ទី២៖ ឈ្មោះ រស់ កឹមថេង ភេទប្រុស អាយុ១៤ឆ្នាំ ទី៣៖ ឈ្មោះ រស់ សុខលាង ភេទស្រី អាយុ៩ឆ្នាំ និងទី៤៖ ឈ្មោះ រស់ សុខឡា ភេទប្រុស អាយុ៨ឆ្នាំ ដែលពីថ្ងៃនេះទៅមុខ ពួកគេត្រូវខ្លួន (ជីដូន) ជាអ្នកមើលថែទាំងស្រុង។ ជីដូនក្មេងៗរូបនេះ ក៏បានត្អូញត្អែរថា សព្វថ្ងៃសុខភាពរបស់គាត់ផ្ទាល់ ក៏ពុំល្អប្រសើរប៉ុន្មានដែរ។

គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញ មានករណីបង្កភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅជិតខាង និងសមត្ថកិច្ច ដោយប្រទះឃើញប្តីប្រពន្ធមួយគូរ បានដេកស្លាប់នៅក្នុងផ្ទះរបស់ខ្លួន ដោយសារបំផ្ទុះគ្រាប់បែក ធ្វើអត្តឃាតដោយខ្លួនឯង ស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា សម្រាប់ដំណើររឿង នៃការធ្វើអត្តឃាតនេះ មិនទាន់បញ្ជាក់ឱ្យដឹងនៅឡើងទេ គឺរង់ចាំមន្ត្រីជំនាញរបស់ស្នងការ សហការជាមួយមន្ត្រីមូលដ្ឋានលើករណីនេះ។ លោកស្នងការខេត្ត បានបន្តថា ដំណើរឿងរហូតដល់បំផ្ទុះគ្រាប់បែក ធ្វើអត្តឃាតទាំងប្តី-ប្រពន្ធនេះ មិនទាន់បានបញ្ជាក់ឱ្យច្បាស់ ពីសមត្ថកិច្ចជំនាញណាមួយនៅឡើយទេ និងអត្តសញ្ញាណរបស់ជនរងគ្រោះទាំងពីរក៏មិនទាន់ដឹងនៅឡើយទេ។

បើតាមលោក ឡេវ វិបុល នាយប៉ុស្តិ៍នគរបាលឃុំចុងផ្លាស់ បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តមណ្ឌលគិរី ឱ្យដឹងថា ប្តីនិងប្រពន្ធខាងលើដែលបានស្លាប់ក្នងហេតុការនោះគឺ ប្តីឈ្មោះ ស៊ីម ធីប ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត ភូមិព្រៃពោន ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង និងប្រពន្ធឈ្មោះ នឿន ឡែន អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត ភូមិដំណាក់ស្វាយ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ហើយពេលសពទាំង០២នាក់ខាងលើ កំពុងត្រូវបានបងប្អូនសាច់ញាត្តិចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

នាយប៉ុស្តិ៍នគរបាលឃុំចុងផ្លាស់ បានបញ្ជាក់បន្តថា ករណីខាងលើនេះ ពិតជាការធ្វើអត្តឃាតខ្លួនឯងពិប្រាកដមែន។ បន្ទាប់ពីកម្លាំងនគរបាលជំនាញ​ និងនគរបាលនៅមូលដ្ឋាន ធ្វើការពិនិត្យរួចរាល់ហើយ​ ក៏បានប្រគល់សពទាំងពីរនាក់ប្តីប្រពន្ធទៅសាច់ញាតិ យកទៅចាត់ចែងធ្វើបុណ្យនៅវត្តព្រៃមាស។

បើតាមការអះអាងពីអ្នកស្រុក បានឱ្យដឹងថា ជាញឹកញាប់ប្តីប្រពន្ធខាងលើតែងតែឈ្លោះប្រកែកគ្នា មិនលោះថ្ងៃឡើយ។ ហើយបុរសជាប្តីប្រពន្ធខាងលើ ភាគីខាងប្តីមានស្រី និងប្រពន្ធច្រើន ដែលជាធាតុផ្សំបង្កើតឱ្យមានភាគីប្រពន្ធប្រចណ្ឌប្តី និងធ្វើឲ្យប្រពន្ធនោះតែងតែបានបង្កើតជម្លោះជាហូរហែ។

អ្នកស្រុកដែលបានដឹងរឿងរ៉ាវប្តីប្រពន្ធខាងលើ បានបន្តថា បុរសជាប្តីត្រូវបានអ្នកស្រុកជួយសង្រ្គោះបីលើកមកហើយ៖ លើកទីមួយ ផឹកទឹកអាស៊ីត លើកទីពីរ ផឹកថ្នាំកណ្តុរ លើកទីបីចង-ក ទាំងបីលើកនេះមិនបានស្លាប់ទេ ព្រោះអ្នកស្រុកជួយសង្រ្គោះទាន់ពេលវេលា។ ដោយឡែកលើកទី៣នេះ បុរសនេះបានធ្វើអត្តឃាត បានសម្រេចហើយ ដោយប្តីបានចងគ្រាប់បែកជាប់នឹងខ្លួន ឱបប្រពន្ធខ្លួន គ្មានអ្នកស្រុកអ្នកភូមិណាហ៊ានចូលទៅជួយសង្រ្គោះនោះឡើយ។

ស្នូរគ្រាប់បែកបានលាន់ឮដូចរន្ទះ ធ្វើឱ្យផ្អើលអ្នកនៅក្បែរខាង ប៉ុន្តែមិនមែនរន្ទះនោះទេ គឺជាគ្រាប់បែករបស់ប្តី ធ្វើអត្តឃាតជាមួយប្រពន្ធ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ដោយកម្លាំងគ្រាប់បែក បានហែកដាច់សាច់ជាបំណែកៗ។ អ្នកភូមិនៅទីនោះ មានការអាណិតអាសូរចំពោះកូនៗចំនួន៤នាក់ នៅក្នុងបន្ទុកនោះយ៉ាងខ្លាំង ដែលពីថ្ងៃនេះ​ទៅ មិនដឹងពួកគេរំពឹងថា រស់បានដោយសារពឹងផ្អែកលើអ្វីនោះឡើយ៕