(កំពង់ធំ)៖ សហគមន៍ផលិតស្រូវចំនួន៩ នៅក្នុងខេត្តកពង់ធំ របស់គម្រោងជំរុញផលិតកម្មស្បៀង របស់អគ្គនាយកដ្ឋានកសិកម្ម នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ បានចុះកិច្ចព្រមព្រៀងលើកិច្ចសន្យាកសិកម្ម ជាមួយក្រុមហ៊ុននាំចេញអង្ករដ៏ល្បីរបស់កម្ពុជា គឺក្រុមហ៊ុន AMRU-Rice ដែលជាក្រុមហ៊ុនមានឃ្លាំងស្តុកស្រូវ និងឡរសម្ងួតដ៏ធំ នៅខេត្តកំពង់ធំផ្ទាល់តែម្តង។

ពិធីចុះកិច្ចព្រមព្រៀងនោះ មានការចូលរួមពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ, លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ, លោក ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម, លោកឧកញ៉ា សុង សារ៉ន នាយកក្រុមហ៊ុន Amru Ricce ព្រមទាំងមន្ត្រី និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

សហគមន៍ស្រូវចំណីចំនួន៩សហគមន៍នោះរួមមាន៖ ១. សហគមន៍កសិកម្មនិរន្តភាពសាមគ្គីភូមិខ្ញុំ, ២. សហគមន៍កសិកម្មសានគរមានជ័យ, ៣. សហគមន៍កសិកម្មនីពេជសាមគ្គីមានជ័យ, ៤. សហគមន៍កសិកម្មដំរីស្លាប់មានពន្លឺថ្មី, ៥. សហគមន៍កសិកម្មរុងរឿងមានជ័យ, ៦. សហគមន៍កសិកម្មចំណារីកចំរើន, ៧.សហគមន៍កសិកម្មសណ្តាន់សាមគ្គី, ៨. សហគមន៍កសិកម្មឃុំកំពង់គោ, ៩. សមាគមន៍ស្រែប្រាំងកម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោក ហ៊ាន វណ្ណហន បានថ្លែងថា តាមរយៈការចុះអនុសារណៈយោគយល់ រវាងសហគមន៍ផលិតស្រូវចំណីចំនួន៩ សហគមន៍ ជាមួយក្រុមហ៊ុន AMRU-Rice គឺជាការចាប់ផ្តើមមួយដ៍ល្អ ដែលបានផ្សារភ្ជាប់ ទីផ្សាររវាងអ្នកផលិត និងអ្នកបញ្ជាទិញ។

លោកបន្តថា ការចុះអនុស្សារណៈនេះ មានគោលបំណងផ្តល់ប្រយោជន៍ដល់ភាគីទាំងពីរដើម្បី ១៖ បំពេញនូវតម្រូវការ និងការផ្គត់ផ្គង់, ២៖ សាងទំនុកចិត្តរវាងអ្នកផលិត និងអ្នកបញ្ជាទិញ ដោយធានានូវបរិមាណ និងគុណភាព និង៣៖ កាត់បន្ថយចំណាយថ្លៃសេវា (ឈ្មួញកណ្តាល) បង្កើនប្រាក់ចំណេញ។

លោកអគ្គនាយកបញ្ជាក់ទៀតថា តាមរយៈការចូលរួមចំណែករបស់វិស័យឯកជនជាមួយស្ថាប័នរដ្ឋ ជាយន្តការមួយដ៏សំខាន់ ដើម្បីសំរេចបាននូវ គោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំអង្ករចេញរបស់រាជរដ្ឋាភិបាលកម្ពុជា ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនប្រាក់ចំណូលផ្ទាល់ ដល់ក្រុមកសិករជាអ្នកផលិត។

លោកលើកឡើងថា «ខ្ញុំក៍សង្ឃឹមយ៉ាងមុតមាំថា តាមរយៈគម្រោងជំរុញផលិតកម្មស្បៀង ក្រុមហ៊ុននឹងពង្រីកការចុះកិច្ចព្រមព្រៀងជាមួយ សហគមន៍ផ្សេងៗទៀតក្នុងខេត្តគោលដៅ ដើម្បីទទួលបាននូវប្រភេទស្រូវចំណី ដែលមានគុណភាពល្អ ធានានូវគុណភាពអង្ករ សម្រាប់ផ្គត់ផ្គង់ដល់អ្នកបញ្ជាទិញ។ វិញទៀតខ្ញុំសូមសំណូមពរ ដល់សហគមន៍ផលិត និងក្រុមហ៊ុន ត្រូវរក្សារភាពស្មោះត្រង់ទៅវិញ ទៅមកដើម្បីរក្សារផលប្រយោជន៍ទាំងសង្ខាង និងជាដៃគូរដ៍យូរអង្វែងជាមួយគ្នា»។

លោក សុង សារ៉ន នាយកក្រុមហ៊ុន Amru Ricce បានថ្លែងថា ការចុះកិច្ចព្រមព្រៀងជាមួយសហគមន៍កសិករចំនួន៩នេះ គឺក្រុមហ៊ុនទទួលទិញស្រូវរបស់សហគមន៍ចំនួនប្រមាណ៨ពាន់តោន (ស្រូវក្រអូប៧ពាន់តោន និងផ្ការំដួល១ពាន់តោន) ហើយខែក្រោយៗនេះ ក្រុមហ៊ុនបន្តចុះកិច្ចសន្យាជាមួយសហគមន៍ផ្សេងៗទៀត នៅខេត្តកំពង់ធំ ដើម្បីអាចប្រមូលទិញស្រូវឲ្យបាន៤-៥ម៉ឺនតោន នៅរដូវប្រមូលផលចាប់ពីខែមករាតទៅ។

លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានអំពាវនាវឲ្យអ្នកផលិតដំណាំផ្សេងៗទៀត ជាពិសេសអ្នកផលិតបន្លែសុវត្ថិភាព ការចិញ្ចឹមសត្វ ជាដើម សូមរួមគ្នាធ្វើកិច្ចសន្យាកសិកម្មរវាងអ្នកលក់ និងអ្នកទិញ ដើម្បីទ្រទ្រង់ដល់វិស័យកសិកម្មទាំងមូល ដើម្បីធានាបាននូវការអភិវឌ្ឍន៍វិស័យនេះ។

លោកអគ្គនាយកបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទបាន និងកំពុងតែយកចិត្តទុកដាក់ ទៅលើកសិករខ្នាតតូច ដើម្បីផលិតបន្លែសុវត្ថិភាព និងកសិផលផ្សេងៗទៀត ដូច្នេះស្នើសុំឲ្យមានការតភ្ជាប់រវាងសហគមន៍កសិករខ្នាតតូច ជាមួយនឹងទីផ្សារដូចការចុះអនុសារណៈយោគយល់ នៅថ្ងៃនេះដែរ៕