(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងមួយស្ដីពី ការហាមប្រាមមិនឲ្យប្រើប្រាស់ឱសថ GOODMAN និងសូមឲ្យសាធារណជនផ្ដល់ព័ត៌មាន ជាបន្ទាន់មកកាន់ក្រសួងសុខាភិបាល ឬនាយកដ្ឋានឱសថ ចំណីអាហារបរិក្ខាពេទ្យ​ និងគ្រឿងសំអាង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនណា ដែលបានចែកចាយលក់ ឱសថបំប៉នផ្លូវភេទបុរស GOODMAN នេះ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ឱសថបំប៉នផ្លូវភេទបុរស GOODMAN មិនមានការចុះបញ្ជី និងត្រួតពិនិត្យត្រឹមត្រូវ ពីក្រសួងសុខាភិបាលឡើយ ដែលបណ្ដាលឲ្យប្រើប្រាស់ទៅប៉ះពាល់សុខភាព ឬឈានដល់ការបាត់បង់ជីវិតជាដើម។

យោងតាមការត្រួតពិនិត្យពី ក្រសួងសុខាភិបាល បានឲ្យដឹងថា ឱសថបំប៉នផ្លូវភេទបុរស GOODMAN ត្រូវបានផ្សព្វផ្សាយ​លើបណ្ដាលសង្គម Facebook ពីក្រុមហ៊ុនមួយគ្មានច្បាប់ និងគ្មានការអនុញ្ញាតមួយ។

សូមបញ្ជាក់ថា ឱសថបំប៉នផ្លូវភេទបុរស GOODMAN ត្រូវបានក្រសួងសុខាភិបាលអះអាងថា ឱសថនេះមួយកំប៉ុងមាន៦០កាប់ស៊ុល ផលិតនៅប្រទេសអាមេរិក ដោយនាំចូលមកក្នុងប្រទេសកម្ពុជា គ្មានច្បាប់អនុញ្ញាតឲ្យនាំចូល និងលក់ចែកចាយពីក្រសួងសុខភិបាលឡើយ។

ក្រសួងសុខាភិបាល ស្នើឲ្យប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់ឱសថនេះ សូមបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។ ដោយឡែកសម្រាប់ក្រុមហ៊ុន នាំចូល និងចែកចាយឱសថនេះ នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាលខាងក្រោម៖