(ភ្នំពេញ)៖ ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានស្វាគមន៍ចំពោះការដោះលែងសកម្មជនសិទ្ធិដីធ្លី លោកស្រី ទេព វន្នី និងអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីររូបគឺ លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ។ នេះបើយោងតាម Facebook ផ្លូវការរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា​ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។

ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ការិយាល័យឧត្តមស្នងការទទួលបន្ទិកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR-Cambodia) សូមស្វាគមន៍ចំពោះការដោះលែងសកម្មជនសិទ្ធិដីធ្លី និងលំនៅដ្ឋាន អ្នកស្រី ទេព វន្នី កាលពីថ្ងៃចន្ទ និងអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីររូប គឺ លោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ កាលពីម្សិលមិញ»

ការិយាល័យឧត្តមស្នងការទទួលបន្ទិកសិទ្ធិមនុស្សប្រចាំកម្ពុជា ក៏បានគូសបញ្ជាក់ថា ការវិវឌ្ឍថ្មីៗនេះ គឺជាជំហានមួយក្នុងទិសដៅដ៏ត្រឹមត្រូវ របស់កម្ពុជាផងដែរ។

គួរបញ្ជាក់ថា នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាដោះលែងសកម្មជនដីធ្លី សហគមន៍បឹងកក់ម្នាក់ គឺអ្នកស្រី ទេព វន្នី ចេញពីពន្ធនាគារ ក្រោយជាប់ឃុំឃាំងនៅទីនោះអស់រយៈពេលប្រមាណ២ឆ្នាំ។ ការសម្រេចដោះលែងអ្នកស្រី ទេព វន្នី ចេញពីពន្ធនាគារ «ម២» ទាំងយប់នេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីព្រះមហាក្សត្រ តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា បានចេញព្រះរាជក្រឹត្យលើកលែងទោសដល់អ្នកស្រី និងសកម្មជនដីធ្លីចំនួន៣នាក់ទៀតរួមមាន៖ អ្នកស្រី ហេង មុំ, អ្នកស្រី បូ ឆវី និងអ្នកស្រី គង់ ចន្ថា។ អ្នកស្រី ទេព វន្នី ត្រូវបានតុលាការឃុំខ្លួនកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ដោយសម្រេចផ្ដន្ទាទោសចំនួន២ឆ្នាំកន្លះ ក្រោមការចោទប្រកាន់ពីបទ «ប្រមាថអ្នករាជការសាធារណៈ និងបទប្រឆាំងអ្នករាជការសាធារណៈ ដោយមានស្ថានទម្ងន់ទោស»។

ជាមួយគ្នានេះ លោក អ៊ួន ឈិន និងលោក​ ​យាង សុធារិន​ ​ហៅ​យាង ​សុជាមេត្តា ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាដោះលែងចេញពីពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។ អ្នកទាំងពីរត្រូវបានតុលាការបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ ដែលរហូតមកដល់ពេលនេះ មានរយៈពេលជាង៨ខែមកហើយ ក្រោមបទចោទប្រកាន់ «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលនាំឲ្យអន្ដរាយដល់ការការពារជាតិ ប្រព្រឹត្តនៅប្រទេសកម្ពុជា» កាលពីអំឡុង ឆ្នាំ២០១៧៕