(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ បានចេញដីកាមួយទៀត បង្គាប់ឱ្យទណ្ឌិត សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ចូលបំភ្លឺនៅតុលាការ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ពាក់ព័ន្ធនឹងបទល្មើសប្រមាថព្រះមហាក្សត្រ។ នេះបើតាមដីកាតុលាការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។

តាមការកំណត់ក្នុងដីកាចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨, លោក សម រង្ស៊ី ដែលកំពុងរត់គេចខ្លួន ទៅក្រៅប្រទេស ត្រូវចូលទៅបំភ្លឺនៅតុលាការក្រុងភ្នំពេញ​នៅវេលាម៉ោង៩៖០០នាទីព្រឹក តាមការកំណត់។ សាមីខ្លួន ត្រូវយកឯកសារផ្សេងៗ ដែលទាក់ទងនឹងរឿងខាងលើនេះ ទៅជាមួយផងប្រសិនបើមាន។

បន្ទាប់ពីចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅឱ្យចូលបំភ្លឺនេះ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ច ក៏បានយកដីកានេះ ទៅបិទនៅទីស្នាក់ការកណ្តាលរបស់ អតីតគណបក្សសង្រ្គោះជាតិផងដែរ។

សូមជម្រាបថា កាលពីខែមិថុនា ទណ្ឌិត សម រង្ស៊ី មេចលនាសង្រ្គោះជាតិ បានប្រមាថថា ព្រះរាជសារព្រះមហាក្សត្រ ជាទីសក្ការៈ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ដែលអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត នាចុងខែកក្កដានោះ គឺជាព្រះរាជសារក្លែងក្លាយ និងគ្មានតម្លៃ ទោះបីជាព្រះបរមរាជវាំងចេញមុខប្រកាសថា ព្រះរាជសារនោះ ជាព្រះរាជសារពិតប្រាកដ មិនក្លែងក្លាយក៏ដោយ។

ការប្រមាថរបស់ លោក សម រង្ស៊ី បែបនេះ បានធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីបណ្តាគណបក្សនយោបាយ និងប្រជាពលរដ្ឋកម្ពុជា។ បើតាមច្បាប់ថ្មី មាត្រា ៤៣៧ ស្ទួន ជំពូកទី១ នៃមាតិកាទី១នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ បានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»

ពាក់ព័ន្ធនឹងករណីនេះ នាពេលកន្លងទៅ តំណាងអយ្យការធ្លាប់កោះហៅ លោក សម រង្ស៊ី ចូលបំភ្លឺជាច្រើនដងមកហើយ ប៉ុន្តែទណ្ឌិតរូបនេះ ពុំបានចូលបំភ្លឺតាមការកោះហៅនោះទេ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី តុលាការនៅតែបន្តនីតិវិធីរបស់ខ្លួនជាបន្តបន្ទាប់ទៀត៕