(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី (Hassan Rouhani) បានអះអាងថា សហរដ្ឋអាមេរិក ​មិនហ៊ានធ្វើសង្រ្គាម​ជាមួយអ៊ីរ៉ង់នោះឡើយ ដោយសារតែ​អំណាចយោធារបស់អ៊ីរ៉ង់ ព្រមទាំងផលវិបាកដ៏ធំធេងនៃជម្លោះនោះ។ នេះបើតាមការដកស្រង់​ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨។

លោក រូហានី បានលើកឡើងយ៉ាងដូច្នេះថា «ហេតុអ្វីបានជាអាមេរិកមិនហ៊ានបំផ្ទុះសង្រ្គាមជាមួយយើង គឺដោយសារតែអំណាចយោធា​​​របស់យើង ហើយទីក្រុងវ៉ាស៊ីនតោន ដឹងយ៉ាងជាក់ច្បាស់ថាផលវិបាកធំធេងប៉ុណ្ណា នឹងកើតឡើង ប្រសិនបើសង្រ្គាម​រវាង​ប្រទេសទាំង​ពីរផ្ទុះឡើងពិតមែននោះ»

គួរជម្រាបថា ​ការលើកឡើងរបស់លោក​​ប្រធានាធិបតីអ៊ីរ៉ង់ ត្រូវបានធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មាន កាលពីខែ​កក្កដា​កន្លងទៅថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹង​ប្រើយោធាវាយប្រហារមកលើប្រទេសអ៊ីរ៉ង់ នៅខែសីហានេះ៕