(ភ្នំពេញ)​៖​ នៅរសៀលថ្ងៃអង្គារ​ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែសីហា​ ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា (កក្រក) ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ស្បៀង​ សម្ភារ​ និងថវិកាមួយចំនួន ក្នុងពេលចុះសួរសុខទុក្ខ​ លោកព្រឹន្ទបាលទោ​ ផាន់​ ភូមិន្ទ​ អាយុ​ ២៣ឆ្នាំ​ មន្ត្រីនគរបាលសង្កាត់ប៉ុស្តិ៍ចោមចៅទី​ ៣​ ដែលបានរងគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាក់ឆ្អឹងដងកាំបិតខាងស្តាំ​ ខណៈពេល​ កំពុងប្រតិបត្តិការបង្ក្រាបបទល្មើសចោរឆក់​ កាលពីយប់ថ្ងៃទី​ ១៩ ខែសីហា ឆ្នាំ២០១៨ ក្នុងភូមិសាស្ត្រ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។

នៅពេលចុះទៅសួរសុខទុក្ខនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កក្រក បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខចំពោះលោក​ ផាន់​ ភូមិន្ទ​ ដែលបានរងគ្រោះថ្នាក់នៅក្នុងឧបទ្ទវហេតុខាងលើនេះ​ និងសូមផ្តាំផ្ញើឲ្យថែទាំសុខភាព​ ព្យាបាលមុខរបួសឱ្យបានល្អ​ ឆាប់បានជាសះស្បើយវិលត្រឡប់ទៅបំពេញការងារបម្រើប្រជាពលរដ្ឋវិញ ។

បន្ទាប់ពីទទួលបានការឧបត្ថម្ភពីកាកបាទក្រហមកម្ពុជា នូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនរួចមក លោក​ ផាន់​ ភូមិន្ទ​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់​ គិតគូរ​ និងលើកទឹកចិត្តដល់ជនរងគ្រោះគ្រប់ប្រភេទ​ដោយគ្មានការរើសអើងអ្វីឡើយ។

ឆ្លៀតក្នុងឱកាសនោះដែរ​ លោកស្រីអគ្គលេខាធិការរងទី​ ១​ ក៏បានចុះទៅ សួរសុខទុក្ខ​ និងផ្តល់អំណោយជូនដល់លោក​អនុសេនីយ៍ទោ​ សែត​ គឹមសេម​ អាយុ​ ៤១​ឆ្នាំ​ មន្ត្រីនគរបាលសង្កាត់ប៉ុស្តិ៍ចោមចៅទី​ ៣​ ដែលកំពុងមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរផងដែរ៕