(ភ្នំពេញ)៖ គម្រោងបង្កើតកសិដ្ឋានដាំដំណាំចេក និងវេចខ្ចប់កសិផលនាំចេញ របស់ក្រុមហ៊ុន ឡងមេត អេហ្គ្រីខលឈ័រ (LONGMATE AGRICULTURE CO.,LTD.) ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ឲ្យបើកដំណើរការនៅកម្ពុជា កាលពីដើមខែសីហានេះ ហើយនៅពេលនេះ ក្រុមហ៊ុន LONGMATE AGRICULTURE CO.,LTD. ដែលសហការរួមគ្នារវាងអ្នកវិនិយោគិនកម្ពុជា-ចិន បានបោះទុនជាង៣២លានដុល្លារ ដាំចេកអំបូងលឿងនេះ លើដី១ពាន់ហិតា នៅស្រុកឈូក ខេត្ដកំពត ដើម្បីនាំចេញទៅក្រៅប្រទេស ។

ក្នុងពិធីក្រុងពាលី និង ដំណើរការដំណក់ទឹកដំបូងកសិដ្ឋានចំការចេក ឡង មេត អេហ្គ្រីខលឈ័រ កាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ លោក ឧកញ៉ា ផែ ហុក ឈួន ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ឡង មេត អេហ្គ្រីខលឈ័រ បានឲ្យដឹងថា ការសម្រេចចិត្តបោះទុនវិនិយោគរួមគ្នាជាមួយចិន ក្នុងការដំាដំណាំចេកអំបូងលឿង ពិសេសដំបូងគេនៅកម្ពុជានេះ ដោយសារតែឧកញ៉ាបានជឿជាក់យ៉ាងខ្លាំងទៅលើដៃគូរវិនិយោគជាភាគីចិន ដែលមានបទពិសោធន៍ខ្ពស់ទៅលើការស្រាវជ្រាវ និងការដំាចេកនេះ។ ជាងនេះទៅទៀតដោយសារតែ កម្ពុជាយើង មានអាកាសធាតុល្អ គួបផ្សំជាមួយទឹកដីល្អនៅស្រុកឈូក ខេត្តកំពតនេះតែម្តង ដែលសមស្របទៅនឹងដំណាំចេកនេះ។

លោកឧកញ៉ា ផែ ហុកឈួន បានជឿជាក់ជាជាមួយនឹងការវិនិយោគដំណាំចេកដ៏ធំដំបូងគេនៅកម្ពុជានេះ គឺជាការចូលរួមចំនែកដ៏សំខាន់មួយ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ការងារ កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជួយកាត់បន្ថយការចំណាកស្រុកផងដែរ។

លោកឧកញ៉ាបានបញ្ជាក់ទៀតថា «នេះជាក្តីសង្ឃឹមយើងទាំងអស់គ្នា ក្នុងការចូលរួមចំណែកជំរុញវិស័យកសិកម្មកម្ពុជា លោកនឹងធ្វើឲ្យនឹងធ្វើកសិដ្ឋានចេកដ៏ធំដំបូងជាងគេមួយនេះ ក្លាយជាកសិដ្ឋានគំរូមួយនៅក្នុងតំបន់អាស៊ី សម្រាប់ជាមុខមាត់ប្រទេសកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់គ្នាផងដែរ ដោយផ្អែកទៅលើម្ចាស់ភាគហ៊ុន និងធនធានមនុស្សរបស់ក្រុមហ៊ុនសុទ្ធសឹងជាអ្នកជំនាញបចេ្ចកទេសខ្ពស់ ក្នុងការដាំដុះដំណាំចេកច្បាស់លាស់ និង មានគោលនយោបាយផែនការយុទ្ធសាស្ត្រត្រឹមត្រូវយូរអង្វែង ប្រកបដោយប្រសិទ្ធិភាព សម្រាប់ក្រុមហ៊ុននិង ទីផ្សារ។

ដោយឡែកលោក សាស្ត្រាចារ្យ លី ស៊ាវ ឈាន ដែលជាម្ចាស់ភាគហ៊ុនភាគីចិន និងជានាយកគ្រប់គ្រងកសិដ្ឋានចេក របស់ក្រុមហ៊ុន ឡង មេត អេហ្គ្រីខលឈ័រ បានលើកឡើងដែរថា មូលហេតុដែលលោកសម្រេចចិត្តមកបោះទីតាំងវិនិយោគដាំចេកនៅកម្ពុជានេះ ដោយសារប្រទេសចិន មានការកាត់បន្ថយដាំចេក ពីព្រោះតែចេកមានរោគស្លឹកលឿងច្រើន ខណៈដែលចេកមានតម្រូវការកើនឡើងខ្លាំង ពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយអ្វីដែលលោកមានទំនុកចិត្ត មកធ្វើការវិនិយោគនៅទីនេះ ដោយសារតែកម្ពុជា មានអាកាសធាតុល្អ ក្តៅហើយសើមមិនត្រជាក់ខ្លាំង ដីល្អ អាចនិយាយបានថា នៅកម្ពុជាទឹកដី និងអាកាសធាតុប្រហាក់ប្រហែលទៅនឹងហ្វីលីពីន ដែលជាប្រទេសដាំចេក និងនាំចេកច្រើនជាងគេបំផុតនៅលើពិភពលោក។

លោកបន្ដថា ជាមួយនឹងការវិនិយោគលើកសិដ្ឋានចេកនៅស្រុកឈូក ខេត្តកំពតនេះដែរ បុគ្គលិក និង កម្មករប្រមាណ ៣០០នាក់សុទ្ធតែត្រេកអរនិងគម្រោងវិនិយោគដ៏ធំនេះ ពីព្រោះវាបានផ្តល់ការងារ និង ប្រាក់ខែសមរម្យ បូករួមនឹងលក្ខខណ្ឌការងារល្អប្រសើរ ជាពិសេសនៅជិតផ្ទះរបស់គេផងដែរ៕

សព្វថ្ងៃនេះ ប្រភេទចេកអំបូងលឿងនេះ កំពុងតែមានតំរូវការទីផ្សារខ្ពស់ ខណៈប្រទេសចិន ជាប្រទេសដែលមានវិនិយោគលើដំណាំចេក នាំចេញច្រើនជាងគេមួយ បន្ទាប់ពីប្រទេសហ្វីលីពីន កំពុងតែជួបប្រទះនៅឧសបសគ្គហានិភ័យផ្សេងៗដូចជា ជំងឺស្លឹកលឿង និង ការបម្រែបម្រួលអាធាតុត្រជាក់ខ្លាំង បានធ្វើឲ្យផ្ទៃដីដាំដុះ និង ទិន្នផលមានការថយចុះយ៉ាងខ្លាំងនៅពេលបច្ចុប្បន្ន។ ការវិនិយោគនេះ អាចរាប់ចាត់ទុកថា ជាការវិនិយោគដ៏ធំជាងគេមួយមិនធ្លាប់មានក្នុងប្រវតិ្តសាស្រ្តកម្ពុជា ក្នុងការវិនិយោគទៅលើការដាំចេកអំបូងលឿនពិសេស ដែលជាពូជចុងក្រោយ ដែលទើបតែសម្រេចបានមកពីការស្រាវជ្រាវ នឹងពិសោធន៍ ថាមានគុណភាពខ្ពស់។

សូមជម្រាបថា កាលដើមខែសីហានេះ កម្ពុជា និងចិន បានចុះហត្ថលេខាលើពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការ​នាំចេក​កម្ពុជា ​ទៅកាន់ប្រទេសចិន រវាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក ស្យុង ប័រ។ នាំចេញផ្លែចេក ទៅកាន់ទីផ្សារ​ប្រទេសចិន អាចនឹងដំណើរការនាចុងឆ្នាំ២០១៨នេះ។

លើសពីនោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលថ្មីៗនេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០១៨ ខ្លួនបានអនុម័តគម្រោងវិនិយោគ សរុបចំនួន១០៦គម្រោង ដែលក្នុងនោះមានគម្រោងថ្មីចំនួន៩៧ និងគម្រោងពង្រីកផលិតកម្មចំនួន០៩។ ទុនវិនិយោគសរុប នៃគម្រោងដែលត្រូវបានអនុម័តទាំងនេះ មានចំនួនប្រមាណ ៣,៥០០លានដុល្លារអាមេរិក ដែលបង្កើតការងារ បានប្រមាណជិត១០ម៉ឺនកន្លែង។

តួលេខវិនិយោគនេះ បានបង្ហាញឱ្យឃើញនូវនិន្នាការនៃការវិនិយោគ ដែលមានការកើនឡើង នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ ដោយមិនមានសញ្ញានៃការរារែក ឬការបង្អែរបង្អង់ក្នុងការបណ្តាក់ទុនវិនិយោគឡើយ៕