(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ប្រាប់ប្រជាពលរដ្ឋ ដែលកំពុងកាន់កាប់-ប្រើប្រាស់ដីធ្លីខុសច្បាប់ ឬពុំមាននៅក្នុងគល់បញ្ជីក្បាលដី នៅក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោប ត្រូវរួសរាន់ប្រគល់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់-ប្រើប្រាស់ដីធ្លីទាំងឡាយ ជូនទៅរដ្ឋបាលខេត្តកោះកុងវិញ ហើយត្រូវបញ្ឈប់រាល់សកម្មភាពទន្ទ្រានចូលកាន់កាប់ដីព្រៃនៅតំបន់នេះ។

តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង ស្ដីពីការដកហូតប័ណ្ណសម្គាល់សិទ្ធិកាន់កាប់-ប្រើប្រាស់ដីធ្លី និងការចូលទន្ទ្រានកាន់កាប់ដីព្រៃ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាព្រលប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា រដ្ឋបាលខេត្តកោះកុង បានដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖

១៖ រាល់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់-ប្រើប្រាស់ដីធ្លី នៅក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោបដែលខុសច្បាប់ ឬពុំមាននៅក្នុងគល់បញ្ជីក្បាលដី ត្រូវប្រគល់ជូនរដ្ឋបាលខេត្តកោះកុងវិញ ដើម្បីធ្វើមោឃភាព ឬកម្ទេចចោលតាមនីតិវិធី។

២៖ ការកាន់កាប់ រុករានដីព្រៃ ឆ្ការ ដុត ឈូសឆាយដីព្រៃ ការសង់ផ្ទះ សង់តូប ឬសង់រោង ដើម្បីយកដីធ្វើជាកម្មសិទ្ធិក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោប គឺជាអំពើល្មើសច្បាប់ និងត្រូវចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។

សូមបញ្ជាក់ថា តំបន់ដែនជម្រកសត្វព្រៃពាមក្រសោប ជាតំបន់ធម្មជាតិដ៏ធំមួយត្រូវបានបង្កើតដោយព្រះរាជក្រឹត្យ តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង៖