(ត្បូងឃ្មុំ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ​ ដែលរងគ្រោះដោយទឹកជំនន់ ត្រូវបន្ដការប្រុងប្រយ័ត្នជានិច្ចចំពោះសុខភាព និងសុវត្ថិភាព ខណៈដែលអត្រាឈឺ និងស្លាប់ដោយសារលង់ទឹក និងសត្វពស់ចឹកកាន់តែមានចំនួនច្រើនឡើង  ។

ការថ្លែងដូច្នេះ ក្នុងឱកាស លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ចុះសួរសុខទុក្ខ និងចែកថ្នាំពេទ្យដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៣០០គ្រួសារ នៅទួលមានសុវត្ថិភាពឧញ៉ាឌី​ ភូមិទន្លេបិទលើ​ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នេះ ។

លោកសាស្ដ្រាចារ្យបន្ដថា តាមរបាយការណ៍របស់អភិបាលខេត្ដកំពង់ចាម និងត្បូងឃ្មុំ បានឲ្យដឹងថា ក្នុងអំឡុងរងគ្រោះដោយទឹកជំនន់ ប្រជាជនយើង លង់ទឹកស្លាប់ និងបានរងគ្រោះដោយសារពស់ចឹកប្រមាណ៦០នាក់ ដោយលង់ទឹកស្លាប់នៅខេត្ដកំពង់ចាមប្រមាណ១៤នាក់ និងរងគ្រោះដោយពស់ចឹក ជិត៥០នាក់បើបូកជាមួយនឹងខេត្ដត្បូងឃ្មុំ ។ដូចនេះហើយ សូមបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ត្រូវបន្ដប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព  ដោយត្រូវសម្អាតលំនៅឋាន ឬទីទួលមានសុវត្ថិភាពដែលខ្លួនរស់នៅ កុំឲ្យមានជម្រកសព្វពស់ និងសត្វអាសិរពិសផ្សេងទៀត រួមទាំងជម្រកមូសខ្លាផងដែរ ដើម្បីការពារជំងឺគ្រុនឈាម និងជំងឺឆ្លង ។

ព្រមជាមួយគ្នានោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង អំពាវនាវដល់ប្រជាពលរដ្ឋ ស្ដ្រីមានផ្ទៃពោះ កុមារ និងទារក មកចាក់ថ្នាំបង្ការ ឲ្យគ្រប់ចំនួនកំណត់នៅតាមមណ្ឌលសុខភាពដោយឥតគិតថ្លៃ ពិសេសបងប្អូនដែលត្រូវពស់ចឹក សូមប្រញាប់ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតលោកអ្នកបំផុត កុំបន្ដទុកចោល ឬយកទៅព្យាបាលតាមរយៈរូបភាពផ្សេងឲ្យសោះ ។

ក្នុងឱកាសចុះសួរសុខទុក្ខ និងពិនិត្យព្យាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានផ្ដល់នូវថ្នាំបង្ការ គ្រប់មុខ មានកញ្ជ្រិល ស្អូច​ តេតាណុស និងវីតាមីនអា ដល់កុមារក្រោមអាយុ៥ឆ្នាំ ប្រហែល១៣០នាក់ផងដែរ ។

សូមជម្រាបថា នៅស្រុកត្បូងឃ្មុំ មានឃុំចំនួន១៤ ស្មើ២១១ភូមិ មានឃុំទទួលរងផលប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ និងភៀសខ្លួនទៅរកទីទួលមានសុវត្ថិភាព ចំនួន៤ឃុំ ស្មើ៣២ភូមិ គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋភៀសខ្លួន មករស់នៅបណ្ដោះអាសន្ន នៅទីទួលមានសុវត្ថិភាព ក្នុងស្រុកចំនួន៣,៣៥៦គ្រួសារ ស្មើនឹង៩,៩៧៣នាក់ ដែលបាននាំយកនូវសត្វពាហនៈមកជាមួយមាន៖ គោ ចំនួន៤,២៧៩ក្បាល ក្របី១៦០ក្បាល សេះ៣៤ក្បាល និងពពែ៤៦៩ក្បាល ។

ដោយយកចិត្ដទុកដាក់ខ្ពស់ ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកកម្ពុជា សម្ដេចបានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវអំណោយសង្គ្រោះប្រជាពលរដ្ឋជាបន្ទាន់ ចំនួន២លើកដោយផ្ទាល់ រួមកហើយ ។ដោយឡែក្រសួងសុខាភិបាល ដែលដឹកនាំដោយរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានចាត់មន្ដ្រីជំនាញមកប្រចាំការដាក់ប៉ុស្ដិ៍សុខភាពជាបណ្ដោះអាសន្ន នៅតាមទីទួលមានសុខវត្ថិភាព តាមបណ្ដាស្រុកដែលជនលិចដោយទឹកជំនន់ ដើម្បីផ្ដល់សេវាសុខភាពមួយនេះជូនប្រជាពលរដ្ឋ។  លើសពីនោះ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃទី២១សីហានេះ ប្រជាពលរដ្ឋជិត៥,០០០នាក់ផងដែរ ដែលទទួលបានការពិនិត្យព្យាលសុខភាព ដោយឥតគិតថ្លៃ ពីក្រសួងសុខាភិបាល ៕