(បន្ទាយមានជ័យ)៖ នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១នេះ លោកបណ្ឌិត​ ញឹម​ វណ្ណដា​ ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ​តំណាងសម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ និងលោក សួន បវរ ​អភិបាលខេត្ត ព្រមទាំងមន្ត្រីគ្រប់លំដាប់ថ្នាក់​ជុំវិញខេត្ត ​បានអញ្ជើញចូលរួមកិច្ចប្រជុំ​ត្រួត​ពិនិត្យការងារ គ្រោះមហន្តរាយនៅខេត្តបន្ទាយមានជ័យ ក្នុងខែកក្កដា​ ឆ្នាំ២០១៨។

លោក សួន​ បវរ បានថ្លែងថា ក្នុងខេត្តបន្ទាយមានជ័យ នាខែកក្កដា ឆ្នាំ២០១៨នេះ ទទួលការរង​គ្រោះមហន្តរាយ​ បង្ករងគ្រោះដល់ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​ ហើយអាជ្ញាធរ មន្ត្រីរាជការ​ សមត្ថកិច្ចបានចូលរួមសង្គ្រោះ ដល់ពួកគាត់ទាន់ពេលវេលា អ្វីដេលយើងធ្វើបាន។

លោកអភិបាលខេត្តបន្តថា ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់​ ប៉ះពាល់​ និងខូចខាត់លំនៅដ្ឋានប្រជាពលរដ្ឋ​ចំនួន២៩២ខ្នងផ្ទះ ខូចខាតធ្ងន់ចំនួន២៥ខ្នងផ្ទះ រងរបួសម្នាក់ លង់ទឹកស្លាប់មនុស្ស៥នាក់ របួស២នាក់ អគ្គិភ័យឆាបឆេះផ្ទះចំនួន១៤ខ្នង ​កុដិ១ខ្នង និងរន្ទះបាញ់មនុស្ស៧លើក​​។ រងគ្រោះដោយគ្រោះរាំងស្ងួត​ ក្នុងខែកក្កដា ឆ្នាំ២០១៨នេះ មានភ្លៀងធ្លាក់តិចណាស់តាមបណ្តាក្រុង ស្រុក មានស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកអូរជ្រៅ និងបះពាល់ដំណាំស្រូវរដូវវស្សា​ចំនួន​៥៤៦៩ហិកតា ក្នងនៅស្រូវស្រាល​ដើមរដូវវស្សា ចំនួន៨៩ហិកតា ​ស្រូវកណ្តាលចំនួន​៤៧៩២ហិកតា ស្រូវធ្ងន់ចំនួន​៥៨៨ហិកតា។

រងគ្រោះដោយទឹកជំនន់ ដោយសារភ្លៀងធ្លាក់ចាប់ធ្លាក់ដើមរដូវ​ធ្វើឲ្យប្រជាកសិករ​ មានភាពងាយស្រួលក្នុងការប្រមូលផល​លើផ្ទៃដី ដាំដុះស្រូវបានចំនួន​ ២៥៤៣១៩ហិកតា ​ស្មើនឹង១០១.៥១ភាគរយ នៃផែនការ២៥០៥០០ហិកតា។

ទន្ទឹមក្នុងនោះដែរ ក៏មានភ្លៀងធ្លាក់បានធ្លាក់ជាប់ៗគ្នា ចុងខែកក្កដា និងពេញពាក់កណ្តាលខែសីហា ទឹកជំនន់ធ្លាក់ពីស្ទឹកបវេល ស្រុកបវេល ខេត្តបាត់ដំបង ស្របពេលស្រូវប្រជាកសិករទុំ ​ក្នុងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ស្រូវរងគ្រោះប៉ះពាល់ទឹកជំនន់ មានចំនួន៤២៦៤ហិតា ខូចខាត់ចំនួន២៤៣៥ហិកតា ស្មើនឹង១៣៣៨គ្រួសារ។

ក្នុងនោះដែរ លោកអភិបាលខេត្ត បានសំណូមពរ​មានធ្វើសំណង់ទ្វារទឹក ស្តារពង្រីកមុខទឹក និងប្រព័ន្ធរំដោះទឹកបន្ថែម។ រៀបចំឲ្យមានប្រព័ន្ធការពារ​ និងទប់ស្កាត់អំពីមុខសញ្ញាគ្រោះថ្នាក់នៃគ្រោះរាំងស្ងួត ទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត។ សុំពូជស្រូវស្រាលក្នុង១គ្រួសារ ​១៥០គីឡូក្រាម សម្រាប់ស្តារឡើងវិញនៅពេលទឹកស្រក។ ប្រេងម៉ាស៊ូត ចំនួន១០០០០លិត្រ និងម៉ាស៊ីនចំនួនគ្រឿង ដើម្បីជួយអន្តរាគមន៍​សង្គ្រោះឆ្លើយតបបន្ទាន់ជាបន្តទៀត។ ឃីតចំនួន១៣៣៧កញ្ចប់សម្រាប់ប្រជាពលរដ្ឋរងគ្រោះ​។

ទេសរដ្ឋមន្រ្តី ញឹម វណ្ណដា បានថ្លែងអំណរគុណ​ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ​បានសហការជាមួយ​សាខាកាកបាទក្រហមខេត្ត បានចូលរួមគ្នាធ្វើការដោះស្រាយរួចរាល់ការងារទាំងអស់នេះ ដោយ​មិនបាច់រងចាំថ្នាក់ជាតិចុះមកជួយឡើយ។

តែទោះជាយ៉ាងណា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ សន្យាផ្តល់ពូជស្រូវតាមរយៈក្រសួងកសិកម្ម​ និងឃីដមួយចំនួនតាមរយៈកាកបាទក្រហម ជូនដល់ប្រជាពលរដ្ឋយើងតាមរយៈថ្នាក់ខេត្តឆាប់ៗនេះខាងមុខនេះ។

ទេសរដ្ឋមន្រ្តី​បានបន្តថា ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ ត្រូវបានធ្វើការត្រួតពិនិត្យការងារ៧ខែ​ ឆ្នាំ២០១៨​ និងលើកទិសដៅអនុវត្តបន្ត ដូច្នេះយើងត្រូវចុះមើលពីស្ថានភាពទូទៅ នៅតាមបណ្តាខេត្តនានាជុំវិញបឹងទន្លេសាបនិងទន្លេមេគង្គ ដើម្បីធ្វើការដោះស្រាយតាមការជាក់ស្តែង។ បច្ចុប្បន្នទឹកនៅទន្លេសាបមិនទាន់ពេញទេ នេះហើយដែលយើងពុំមានការព្រួយបារម្មណ៍ឡើយ តែយើងក៏ត្រូវមានការប្រុងប្រយ័ត្នត្រៀមលក្ខណៈជាស្រេចក្រែងមានគ្រោះធម្មជាតិក្រោយណាមួយកើតមានជាយថាហេតុផងដែរ៕