(ភ្នំពេញ)៖ ឆ្នាំ២០១៨នេះ គឺជាឆ្នាំចុងក្រោយហើយនៃការគ្រងតំណែងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា របស់លោក ហង់ ជួនណារ៉ុន ក្នុងអាណត្តិទី៥ នៃរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងអប់រំចាប់តាំងពីឆ្នាំ២០១៤មក លោក ហង់ ជួនណារ៉ុន បានទទួលការកោតសរសើរ និងស្ញប់ស្ញែងច្រើនពីប្រជាពលរដ្ឋលើស្នាដៃកំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជា ជាពិសេសការរឹតបន្តឹងការប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបនោះ។

តាមរយៈការដាក់ចេញពាក្យស្លោក «អ្នកចេះ គឺជាប់» របស់លោក ហង់ ជួនណារ៉ុន ការប្រលងបាក់ឌុបមានការតឹងរឹងជាទីបំផុត ដោយមិនអនុញ្ញាតឲ្យបេក្ខជនប្រលងទាំងអស់យកសំណៅឯកសារ រួមនិងម៉ាស៊ីនគិតលេខចូលទៅក្នុងបន្ទប់ប្រលងនោះឡើយ។ លើសពីនេះនឹងមានការផាកពិន័យធ្ងន់ធ្ងររហូតប្រឈមនឹងការពិន័យព្យួរការសិក្សា ឬទទួលទោសផ្សេងៗប្រសិនបើបេក្ខជនប្រលងប្រព្រឹត្តល្មើសនឹងបញ្ញត្តិនៃការប្រលងដូចជាឲ្យគេប្រលងជំនួសជាដើមនោះ។

ការធ្វើកំណែទម្រង់លើការអប់រំ ជាពិសេសការប្រលងបាក់ឌុបរយៈពេល៥ឆ្នាំនេះ បានធ្វើឲ្យឥរិយាបថរបស់បេក្ខជនប្រលងបាក់ឌុបប្តូរផ្លាស់ដោយបែរមកយកចិត្តទុកដាក់លើការសិក្សាបង្កើនចំណេះដឹងត្រៀមប្រលង មិនផ្តេកផ្តួលលើការចាំលួចចម្លង ចាំការបែកធ្លាយវិញ្ញាសា ឬលួចមើលសំណៅឯកសារក្នុងពេលប្រលងដូចពេលមុនៗទៀតនោះឡើយ។

ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍ប្រលងបាក់ឌុបឆ្នាំ២០១៨ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ នៅមណ្ឌលប្រលងក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ នៅលើខ្លួនបេក្ខជនប្រលងគេឆែករកមិនឃើញសំណៅឯកសារសូម្បីតែមួយសន្លឹកនោះឡើយ។ លោក ហង់ ជួនណារ៉ុន ធ្លាប់បានអះអាងថា លោកបានដេកតែ៣ម៉ោងប៉ុណ្ណោះ ដើម្បីធ្វើកំណែទម្រង់លើការអប់រំនេះ។

ក្នុងពេលអញ្ជើញកាត់វិញ្ញាសាជាលើកចុងក្រោយនៃអាណត្តិទី៥នៅក្នុងមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ នាព្រឹកមិញនេះ លោក ហង់ ជួនណារ៉ុន បានចាត់ទុកការធ្វើកំណែទម្រង់លើការអប់រំនេះទទួលបានជោគជ័យហួសពីការរំពឹងទុក។ ជោគជ័យលើកំណែទម្រង់នេះ មិនត្រឹមតែធ្វើឲ្យកម្ពុជាអាចចម្រាញ់បាននូវធនធានចំណេះដឹងដ៏ច្បាស់លាស់នោះទេ តែក៏បានលើកកិត្តិយសគ្រូបង្រៀនផងដែរ។

លោករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «បន្ទាប់ពីមានការសហការគ្នាលទ្ធផលពីមួយឆ្នាំទៅមួយឆ្នាំសម្រេចបានលើសពីការរំពឹងទុក។ អ៊ីចឹងខ្ញុំមិននឹកស្មានថា កំណែទម្រង់នេះទទួលបានជោគជ័យដល់កម្រិតហ្នឹងទេ មិនតែប៉ុណ្ណោះ គឺអាចផ្លាស់ប្តូរនូវឥរិយាបថ និងបង្កើតឲ្យមានចលនាគាំទ្រ សូម្បីតែក៏មានកិត្តិយសជាងមុនដែរ»

លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានចាត់ទុកជោគជ័យនៃការធ្វើកំណែទម្រង់ប្រលងបាក់ឌុបនេះ ដោយសារតែមានការដាក់ចេញនូវគោលនយោបាយដ៏ច្បាស់លាស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាលើវិស័យអប់រំ ជាពិសេសមានការចូលរួមសហកាពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា។

ការធ្វើកំណែទម្រង់របស់លោក ហង់ ជួនណារ៉ុន ក៏បានធ្វើឲ្យសិស្សានុសិស្ស និងអាណាព្យាបាលសម្តែងការពេញចិត្តខ្លាំងណាស់ផងដែរ ព្រោះកំណែទម្រង់នេះសុទ្ធតែបានធ្វើឲ្យសិស្សភ្ញាក់រលឹកក្នុងការរៀនសូត្រ។

បើទោះបីជាយ៉ាងណាលោក ហង់ ជួនណារ៉ុន មិនទាន់បង្ហាញពីចំណុចខ្វះខាត ឬចំណុចសេសសល់នៃការធ្វើកំណែទម្រង់របស់លោកនៅឡើយនោះទេ ដោយរង់ចាំការបង្កើតរាជរដ្ឋាភិបាលថ្មី នឹងរង់ចាំមើលគោលនយោបាយថ្មីលើវិស័យអប់រំដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ជាមុនសិន។

លោករដ្ឋមន្ត្រីបានលើកឡើងទៀតថា បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានចេញនូវគោលនយោបាយអប់រំសម្រាប់អាណត្តិថ្មីហើយ ហើយបើរូបលោកបន្តទទួលបានទំនុកចិត្តពីរាជរដ្ឋាភិបាលបន្តកាន់តំណែងជារដ្ឋមន្ត្រីអប់រំបន្តទៀត ទើបរូបលោកនឹងពិនិត្យមើលចំណុច ដែលត្រូវអនុវត្តន៍បន្តក្នុងការធ្វើឲ្យកាន់តែប្រសើរលើវិស័យអប់រំនេះ៕