(ភ្នំពេញ)៖ ក្រសួងអប់រំ​ យុវជន និងកីឡា បានបញ្ជាក់ថា នៅវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ ដំណើការប្រឡងបាក់ឌុប នាព្រឹកថ្ងៃទី១ ត្រូវបានបញ្ចប់ដោយរលូន ប៉ុន្ដែមានបេក្ខជនមួយចំនួន មានបញ្ហាសុខភាពនៅពេលប្រឡង។

បើតាមក្រសួងអប់រំ ​គណៈ​មេ​ប្រយោគ​ទូទាំង​ប្រទេស គណៈ​កម្មការ​អប្បមាទ ប្រធាន អនុ​ប្រធាន​មណ្ឌល រួម​ជាមួយ​​មន្ត្រី អ្នក​សង្កេតការណ៍ ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា កំពុងរៀប​ចំ​វេច​ខ្ចប់​សន្លឹក​កិច្ចការ​នៅ​តាម​មណ្ឌល​ប្រឡង។

តាមរយៈទំព័រ Facebook ផ្លូវការ ក្រសួងបានបញ្ជាក់យ៉ាងដូច្នេះថា ​«សកម្មភាព​ នៃ​ការ​រៀប​ចំ​វេច​ខ្ចប់​សន្លឹក​កិច្ចការ ​នៅ​តាម​មណ្ឌល​ប្រឡង បន្ទាប់​ពី​បាន​បញ្ចប់​ដំណើរ​ការ​សំណេរ​នា​ព្រឹក​ថ្ងៃ​ទី​១ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង៖ ២០ សីហា ២០១៨ ដោយ​គណៈ​មេ​ប្រយោគ​ទូទាំង​ប្រទេស គណៈ​កម្មការ​អប្បមាទ ប្រធាន អនុ​ប្រធាន​មណ្ឌល រួម​ជាមួយ​នឹង​មន្ត្រី អ្នក​សង្កេតការណ៍ ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា»។​

ជាមួយគ្នានេះ ក្រសួងអប់រំ​ ក៏បានបង្ហាញនូវរូបភាព ពីស្ថានភាព​បេក្ខជន​ប្រឡង​នៅ​តាម​មណ្ឌល​មួយ​ចំនួន ដែល​មាន​បញ្ហា​សុខភាព ក្នុង​​អំឡុង​ពេល​នៃ​​ដំណើរ​ការ​​សំណេរ​ប្រឡង​សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ ដោយ​សារ​មាន​អាការៈ​វិល​មុខ ខ្យល់គរ ក្អួត ជាដើម​។ ក្នុង​នោះ​បេក្ខជន​ខ្លះ បាន​បន្ត​ការ​ប្រឡង​ឡើង​វិញ បន្ទាប់​ពី​មាន​អាការៈ​ធូរ​ស្រាល​ក្រោយ​ទទួល​បាន​ជំនួយ សង្គ្រោះ​បឋម ពី​ក្រុម​គ្រូ​ពេទ្យ​ប្រចាំ​ការ​នៅ​តាម​មណ្ឌល​នោះ។

សូមជម្រាបថា សម័យប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៨នេះ ​ធ្វើឡើងនៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨។ បេក្ខជនប្រឡងឆ្នាំនេះ មានចំនួនសរុប ១១៧,០៦១នាក់ និងមានមណ្ឌលប្រឡងចំនួន ១៩៥មណ្ឌល ដែលត្រូបានចែកចេញជា ៤៧៦១បន្ទប់ នៅរាជធានី-ខេត្តទាំង២៥៕