(ត្បូងឃ្មុំ)៖ លោក អ៊ុក ប៊ុនឈឿន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២​ ចុះថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា និងបន្តចុះជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់​ ចំនួន១២៥​ គ្រួសារ នៅឃុំត្រពាំងព្រីង​ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១៩​ ខែសីហា ឆ្នាំ២០១៨ម្សិលមិញ។

នៅក្នុងឱកាសនោះលោក អ៊ុក​ប៊ុនឈឿន​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ។ ជាពិសេស ប្រជាពលរដ្ឋទាំងអស់ដែលបានបន្តគាំទ្ររាជរដ្ឋាភិបាល មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។

លោក​អ៊ុក​ប៊ុនឈឿន បានបន្តថាក្រុមប្រឹក្សាឃុំ ប្រជាការពារភូមិ-ឃុំ និងក្រុមការងារទាំងអស់​ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹង ការអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលត្រូវទប់ស្កាត់ និងលុបបំបាត់ឱ្យអស់ពីមូលដ្ឋាននូវការចរាចរលក់ ចែកចាយគ្រឿងញៀន ការសេពគ្រឿងញៀន បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ បញ្ហាបងតូចបងធំ ក្មេងទំនើង អំពើហឹង្សារក្នុងគ្រួសារ និងបទល្មើសនានា ដើម្បីធានាបាននូវភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋ។

លោក​អ៊ុក​ប៊ុនឈឿនក៏បានក្រើនរំឭកឱ្យក្រុមការងារ​និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់​ក្នុងការផ្តល់សេវាសាធារណៈ ឱ្យបានល្អជូនដល់ប្រជាពលរដ្ឋ ដូចជាជួយសម្រួលដល់ការធ្វើឯកសារគតិយុត្តិផ្សេងៗ​នៅមូលដ្ឋានការធ្វើអត្តសញ្ញាណប័ណ្ណ អាត្រានុកូលដ្ឋាន សំបុត្រកំណើត សំបុត្រមរណភាព។

ជាងនេះទៅទៀតលោក អ៊ុក​ប៊ុនឈឿន​ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំសុខភាពជាប្រចាំ ពីព្រោះសុខភាពជាកត្តាចម្បង និងសំខាន់បំផុតសម្រាប់មនុស្សយើងគ្រប់គ្នា។ ដូចនេះ ត្រូវរស់នៅស្អាត ហូបស្អាត ដើម្បីជៀសឱ្យឆ្ងាយពីជំងឺដង្កាត់ផ្សេងៗ ហើយនៅពេលដែលបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អនោះ នឹងអាចចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានោះដែរ បាននាំយកអំណោយមកចែកជូនប្រជាពលរដ្ឋ​ចំនួន១២៥ គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានមី០២កេស​ ទឹកស៊ីអ៊ីវ០១យួរ,​អង្ករ៣០​គីឡូ​និងថវិកា១,០០០០រៀល៕