(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានធានាអះអាងថា ការប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប នៅឆ្នាំ២០១៨នេះ នៅតែបន្តធានាបានភាពស្អាតស្អំ និងត្រឹមត្រូវ ដោយឈរលើគោលការណ៍ចំនួន៤ រួមមាន៖ ច្បាប់ តម្លភាព យុត្តិធម៌ និងលទ្ធផលអាចទទួលយកបាន ពោលមិនមានការស៊ីសំណូក ពុករលួយចាប់តាំងពីដំណាក់កាលប្រលង រហូតបូកសរុបពិន្ទុចេញលទ្ធផលនោះ។

ការអះអាងរបស់លោក ហង់ ជួនណារ៉ុន បានធ្វើឡើងក្នុងពេលអញ្ជើញបើកវិញ្ញាសាប្រលងបាក់ឌុបនៅមណ្ឌលប្រលងនៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិនាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ។

នៅចំពោះមុខក្រុមអ្នកព័ត៌មានជាច្រើនក្រោយបើកវិញ្ញាសាប្រលងលោករដ្ឋមន្ត្រី បានថ្លែងអះអាងបែបនេះ «ខ្ញុំអាចធានាបានថា ការប្រលងនេះនឹងប្រព្រឹត្តទៅដោយឈរលើគោលការណ៍៤ គឺគោលការណ៍ច្បាប់ គោលការណ៍តម្លាភាព... ការប្រលងនេះរៀបចំឡើងដើម្បីធានាបាននូវភាពយុត្តិធម៌ គឺអ្នកចេះជាប់ ហើយនឹងទី៤ លទ្ធផលអាចទទួលយកបាន»។

លោករដ្ឋមន្ត្រីបន្ថែមថា «អ៊ីចឹងពីមួយឆ្នាំទៅមួយឆ្នាំ ការរៀបចំការប្រលងកាន់តែល្អប្រសើរ ដោយសារតែយើងប្រលងហើយ យើងតែងតែប្រជុំគ្នាដាក់បទពិសោធន៍តើនៅមានចំណុចអ្វីខ្លះ? អ៊ីចឹងជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្ត ក្រុង យើងដកបទពិសោធន៍ទាំងអស់គ្នា ហើយយើងដាក់វិធានការកែលម្អរ។ អ៊ីចឹងរយៈពេល៥ឆ្នាំនេះ យើងកែលម្អរទាំង៥ឆ្នាំ អ៊ីចឹងហើយបានលទ្ធផលកាន់តែល្អប្រសើរ»។

លោក ហង់ ជួនណារ៉ុន ក៏បានវាយតម្លៃខ្ពស់ចំពោះការធ្វើកំណែទម្រង់ការប្រលងក្នុងរយៈ៥ឆ្នាំនេះ ដែលបានជំរុញឲ្យសិស្សជាបេក្ខជនប្រលងទាំងអស់ផ្លាស់ប្តូរឥរិយាបថដោយគ្មានការផ្តេកផ្តួលលើសំណៅឯកសាផ្សេងនោះឡើយ។ លោករដ្ឋមន្ត្រីបានលើកឡើងថា ការប្រលងនៅព្រឹកនេះ មិនមានបេក្ខជនណាមួយយកសំណៅឯកសា ឬម៉ាស៊ីនគិតលេខចូលទៅក្នុងបន្ទប់ប្រលងនោះឡើយ។

លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានចាត់ទុកជោគជ័យនៃការធ្វើកំណែទម្រង់ប្រលងបាក់ឌុបនេះ ដោយសារតែមានការដាក់ចេញនូវគោលនយោបាយដ៏ច្បាស់លាស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាលើវិស័យអប់រំ ជាពិសេសមានការចូលរួមសហកាពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា។

សូមបញ្ជាក់ថា ការប្រលងបាក់ឌុបនៅឆ្នាំនេះមានបេក្ខជនសរុប ១១៧,០៦១នាក់ និងមានមណ្ឌលប្រឡងចំនួន ១៩៥មណ្ឌល ដែលត្រូបានចែកចេញជា ៤៧៦១បន្ទប់ នៅរាជធានី-ខេត្តទាំង២៥។ ដើម្បីធានាឲ្យការប្រលងប្រព្រឹត្តដោយល្អប្រសើរនោះ ក្រសួងបានប្រើប្រាស់គណៈមេប្រយោគចំនួន ៣១,១០៨នាក់ ចែកចេញពីរផ្នែក គឺដំណាក់សំណេរចំនួន ១៥,៨០០នាក់ និងដំណាក់កាលអត្រាកំណែ ១៤,៤០០នាក់ និងមានការចូលរួមពិនិត្យការប្រលងពីអ្នកសង្កេតការណ៍មកពី អង្គភាពប្រឆាំងអំពើពុករលួយជិត ៦ពាន់នាក់ផងដែរ៕