(កំពង់ចាម)៖ ក្នុងបរិយាកាសរីករាយស្វាគមន៍រីករាយរាក់ទាក់ពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងបរិវេណវត្តទងត្រដែត ហៅវត្តទងត្រឡាច ស្ថិតក្នុងភូមិទងត្រឡាច ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃអាទិត្យទី១៩ ខែសីហា ឆ្នាំ២០១៨ លោក ឡូវ ហ៊ឺង ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច និងលោកស្រី ណាល់ សុខអៀន លោកឧកញ៉ា ឡូវ សុខសាន និងលោកឧកញ៉ា ជា លាងហុង បានអញ្ជើញចូលរួមអបអរសាទរ និងថ្លែងអំណរគុណជូន ចំពោះសមាជិកក្រុមការងារ និងប្រជាពលរដ្ឋក្នុងភូមិទងត្រឡាចដែលបានខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងទាំងមុនពេល និងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ធ្វើឲ្យសម្រេចទទួលបានលទ្ធផលជោគជ័យល្អប្រសើរ។

តំណាងប្រជាពលរដ្ឋលើកឡើងនូវការថ្លែងអំណរគុណលោក ឡូវ ហ៊ឹង និងឧកញ៉ា ជា លាងហុង ដែលតែងតែជួយដោះស្រាយ និងឧបត្ថម្ភរាល់ការខ្វះខាតទាំងឡាយ ឧបត្ថម្ភគ្រួសារដែលជីវភាពទីទ័លក្រ ឧបត្ថម្ភលោកតា លោកយាយ ព្រះសង្ឈ និងក្មួយៗសិស្សានុសិស្សនៅក្នុងឃុំទងត្រឡាច។

លោកឧកញ៉ា ជា លាងហុង និងលោកឧកញ៉ា ឡូវ សុខសាន បានពាំនាំនូវសារថ្លែងអំណរគុណរបស់សម្តេចពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន។

លើសពីនេះសម្តេច សូមជូនពរប្រជាពលរដ្ឋឲ្យជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។ ពិធីអបអរសាទរនៃជ័យជំនះទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ បានរីករាយស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងការចូលរួមទទួលទានបបរសាមគ្គី ក្រោមទិសស្លោក ប្រទេសជាតិមានការរីកចម្រើន និងការអភិវឌ្ឍន៍ដែលការចូលរួមពីសំណាក់ព្រះគ្រូចៅអធិវត្ត លោកតា លោកយាយ និងប្រជាពលរដ្ឋយ៉ាងច្រើនកោះករ។

លោក ឡូវ ហ៊ឹង បានថ្លែងថា ប្រជាពលរដ្ឋត្រូវរួមគ្នាថែររក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍រួមគ្នាថែររក្សានូវសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឲ្យបានគង់វង្សសម្រាប់ ទុកបន្តដល់កូនចៅ ជំនាន់ក្រោយៗទៀត។

ដោយឡែក មន្រ្តីរាជការត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន រួមគ្នាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនុវត្តឲ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីភូមិ-ឃុំមានសុវត្ថិភាព ជៀសឲ្យផុតអំពីការប្រើប្រាស់គ្រឿងញៀន បងតូច បងធំ និងក្រុមក្មេងទំនើង។

តមកលោក ឡូវ ហ៊ឺង ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច និងលោកស្រី ណាល់ សុខអៀន លោកឧកញ៉ា ឡូវ សុខសាន និងលោកឧកញ៉ា ជា លាងហុង រួមទាំងប្រជាពលរដ្ឋ ជាច្រើនកុះករ បានចូលរួមពិសារបបរសាមគ្គី រួមទាំងមានការប្រគុំតន្រ្តី ក្នុងពិធីអបអរសាទរនៃជ័យជំនះ ទទួលលទ្ធផលយ៉ាងល្អប្រសើរ៕