(ភ្នំពេញ)៖ ក្រុមហ៊ុន វើលដ៏ប្រ៊ីដ អ៊ីនធើសិនណល (ខេមបូឌា) សហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចុះហត្ថលេខាលើអនុស្សរណៈនិងដោះដូរសារលិខិតជាផ្លូវការ នៃកិច្ចសហប្រតិបត្ដិការជាមួយអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍឧស្សាហកម្ម (UNIDO) ដើម្បីជំរុញការវិនិយោគប្រកបដោយចីរភាព ក្នុងវិស័យនានាដែលមានឥទ្ធពលនៅលើសង្គម សេដ្ឋកិច្ច ការអភិវឌ្ឍន៍បន្ទាន់លើវិស័យសហគ្រាសធុនតូច និងមធ្យម និងការបង្កើតខ្សែចង្វាក់ផ្គត់ផ្គង់ផលិតកម្មចម្រុះនៅកម្ពុជា ។

ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈស្ដីពី កិច្ចសហប្រតិបត្ដិការរវាងវិស័យសាធារណៈ និងឯកជន​ខាងលើនេះ កាលពីចុងសប្ដាហ៍នេះ លោកឧកញ៉ា សៀ ឬទ្ធី អគ្គនាយក្រុមហ៊ុនក្រុមហ៊ុន វើលដ៏ប្រ៊ីដ អ៊ីនធើសិនណល គ្រុប បានថ្លែងឲ្យដឹងថា គម្រោងដែលត្រូវធ្វើរួមគ្នា គឺគម្រោងលំនៅឋានតម្លៃសមរម្យ, ការគ្រប់គ្រងកងរថយន្ដ ដឹកជញ្ជូនបៃតង (Green Fleet Manegament), ការអភិវឌ្ឍន៍បណ្ដុះសហគ្រាសធុនតូច និងមធ្យម (SME Cluster) ដែលរួមបញ្ជូលគ្នារវាងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (SDGs)ជាមួយវិស័យឯកជន ដែលកំពុងរីកចម្រើន ហើយនេះមិនគ្រាន់តែជាប្រយោជន៍ សម្រាប់សង្គមនោះទេ ប៉ុន្ដែវាក៏ផ្ដល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចផងដែរ ។

លើពីនោះ លោកបន្ដថា «ការចាប់ដៃគូជាមួយ UNDP នឹងមានជាការសិក្សាលម្អិតទៅលើការប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាព នូវថាមពលស្អាត និងកកើតឡើងវិញនូវបណ្ដាដឹកជញ្ជូនសាធារណៈ គម្រោងអភិវឌ្ឍន៍បណ្ដុះសហគ្រាសធុនតូច មធ្យម ដែលត្រូវសិក្សាពីឱកាសនៃចរន្ដសេដ្ឋកិច្ចក្នុងស្រុក ការគ្រប់គ្រងកាកសំនល់ សម្រាប់សហគ្រាសប្រើប្រាស់ឡើងវិញ ក្នុងវិស័យឧស្សាកម្ម ក៏ដូចជាផលប៉ះពាល់ ជាវិជ្ជមានក្នុងសង្គម និងក្នុងនាមជាអ្នកអភិវឌ្ឍន៍ជំនាញសហគ្រាសខ្នាតតូច។ ជាងនេះទៅទៀត គម្រោងលំនៅឋានមានតម្លៃសមរម្យ សម្រាប់ប្រជាពលរដ្ឋមានចំណូលទាប និងមធ្យម នឹងធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់សហគមន៍ ក៏ដូចជាប្រទេសជាតិ ដោយគម្រោងនេះយើងខ្ញុំបានផ្ដល់នូវសួនបៃតង ទីផ្សារ គេហដ្ឋានប្រកបអាជីវកម្មនានា»

ទន្ទឹមនឹងនោះ លោក និក បេរេសហ្វដ (Nick Beresford) នាយកអង្គការ UNDP ប្រចាំកម្ពុជា បានបញ្ជាក់ថា «ការចុះអនុស្សរណៈនេះ បានឆ្លុះបញ្ចាំងពីភាពដៃគូរវាងវិស័យសាធារណៈ និងឯកជន ដើម្បីផ្ដល់នូវលទ្ធផលសម្រាប់គោលដៅនានា គឺជាជំហានដ៏សំខាន់ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍដោយចីរភាព ត្រឹមឆ្នាំ២០៣០»

ព្រមជាមួយគ្នានោះ លោក សុក ណារិន តំណាងអង្គការ UNIDO ប្រចាំនៅកម្ពុជា បានថ្លែងថា «កិច្ចសហប្រតិបត្ដិការនេះ គឺបានមកដល់ចំពេលដ៏ត្រឹមត្រូវ និងស្របជាមួយនឹងភាពដៃគូប្រចាំប្រទេស ហើយកិច្ចសហប្រតិបត្ដិការនេះ មិនត្រឹមតែក្នុងក្របខណ្ឌកម្មវិធីភាពជាដៃគូ ប្រចាំប្រទេស វិស័យឯកជនក្នុងស្រុកទីមួយប៉ុណ្ណោះទេ ប៉ុន្ដែបានផ្ដល់នូវក្របខណ្ឌការងារមួយដែលអាចឲ្យយើងជិតស្និត ជាមួយវិស័យឯកជន ដើម្បីជំរុញការអភិវឌ្ឍបណ្ដុំសហគ្រាសធុនតូច និងមធ្យម និងការអភិវឌ្ឍន៍ឧស្សាហកម្មប្រកបដោយចីរភាព»

សូមជម្រាបថា ក្រុមហ៊ុន វើលដ៏ប្រ៊ីដ UNDP, UNIDO នឹងចាប់ផ្ដើមសកម្មភាពការងារចាប់ពីខែសីហានេះតទៅ ដោយនឹងរៀបចំផែនការលម្អិតសម្រាប់សិក្ខាសាលា ស្ដីពីការអភិវឌ្ឍន៍បណ្ដុំសហគ្រាសធុនតូច និងមធ្យម ដែលគ្រោងនឹងប្រព្រឹត្ដទៅ ក្នុងអំឡុងពាក់កណ្ដាលខែកញ្ញា នៅរាជធានីភ្នំពេញ និងបន្ថែមលើការរៀបចំផែនការផ្សេងៗដទៃទៀត៕