(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ផ្តើមហើយនៅវេលាម៉ោង៧ព្រឹកថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែសីហា។ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញបើកវិញ្ញាណសារនៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។

​នេះជាលើកទី៥​ហើយ ដែលក្រសួងអប់រំធ្វើកំណែទម្រង់ នៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលមានអ្នកសង្កេតការណ៍ចូលរួមតាមគ្រប់សកម្មភាពរបស់បេក្ខជនប្រឡង។ ចំពោះកំណែទម្រង់នៃការប្រឡងទាំង៤ លើកកន្លងទៅ គឺទទួលបានជោគជ័យដ៏ធំធេងផងដែរ។

មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ មានចំនួន២៥​មណ្ឌល គិតជាបន្ទប់ប្រឡងមានចំនួន៩១៣បន្ទប់ ដែលមានបេក្ខជនប្រឡង ចំនួន​២២,៧៧៨នាក់។

សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភំ្នពេញ ដាក់កម្លាំងសមត្ថកិច្ច នៅគ្រប់មណ្ឌលប្រឡងទាំង២៥ និងមណ្ឌលកំណែទាំង១០​នៅភ្នំពេញ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ ដល់បេក្ខជនប្រឡង ដែលមានជាង២ម៉ឺននាក់។

យ៉ាងណាមិញ លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា គ្រប់បេក្ខជនប្រលងទាំងអស់ និងអ្នកពាក់ព័ន្ធនានា បើធ្វើឲ្យបែកធ្លាយវិញ្ញាសារ ជាសាធារណៈ គឺជាប់ទោសព្រហ្មទណ្ឌ ហើយបើមានការបែកធ្លាយវិញ្ញាសារមែននោះ អង្គភាពប្រឆាំងអំពើពុករលួយ នឹងបើកការស្រាវជ្រាវស៊ើបអង្កេត ឃាត់ខ្លួនជនល្មើស ឲ្យខានតែបាន។ ភាពសំងាត់នៃវិញ្ញាសារប្រលង ជារឿយៗ ACU និងក្រសួងអប់រំ តែងតែដាស់តឿនឲ្យបេក្ខជនប្រលង អ្នកសង្កេតការណ៍ មេប្រយោគ អនុរក្ស និងអ្នកពាក់ព័ន្ធនានា ហាមដាច់ការថតវិញ្ញាសារ និងការរក្សាភាពសំងាត់នៃវិញ្ញាសារ ដែលសូម្បីតែការថតរក្សាទុកផ្ទាល់ខ្លួន ក៏មិនអនុញ្ញាតឲ្យថតដែរ ហើយអ្នកថតនោះ បើចាប់បាន​ក៏ត្រូវមានទោសដូចគ្នាដែរ។

ដើម្បីងាយស្រួលដល់បេក្ខជន ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូម (បាក់ឌុប) បានជ្រួតជ្រាបច្បាស់អំពីបម្រាមដែលត្រូវហាមប្រាមចំពោះបេក្ខជននៅថ្ងៃប្រឡងនេះ, ក្រសួងអប់រំ យុវជន និងកីឡា បានចេញផ្សាយនូវបម្រាមសំខាន់ៗចំនួន១៦ចំណុច ដែលតម្រូវឲ្យបេក្ខជនជៀងវាងនៅថ្ងៃទី២០-២១ ខែសីហានេះ។

បម្រាមទាំង ១៦ចំណុច នោះរួមមាន៖

១៖ មិនត្រូវមកដល់មណ្ឌលប្រឡងក្រោយជួងទី២។

២៖ មិនត្រូវស្លៀកពាក់ឯកសណ្ឋានកងប្រដាប់អាវុធ ចូលក្នុងមណ្ឌលប្រឡង។

៣៖ មិនត្រូវយកសៀវភៅ និងសំណេឯកសារគ្រប់រូបភាពចូលក្នុងមណ្ឌលប្រឡង។

៤៖ មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវអាវុធ ជាតិផ្ទុះ ទូរស័ព្ទដៃ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ សៀវភៅសំណេឯកសារ ប្រដាប់គិតលេខ នាឡិកាដៃ ដែលមានប្រដាប់គិតលេខ កាតាប កាបូបយួរដៃ ថង់ សំពៀត កញ្ចប់ផ្សេងៗ និងទឹកលុបពណ៌ស។

៥៖ មិនត្រូវចូលក្នុងបន្ទប់ប្រឡង មុនពេលអនុរក្សហៅឈ្មោះ។

៦៖ មិនត្រូវប្រើពាក្យសំដី អាកប្បកិរិយាមិនសមរម្យក្នុងមណ្ឌលប្រឡង ឬបង្កជម្លោះនៅក្នុងមណ្ឌលប្រឡង ឬក្នុងបន្ទប់ប្រឡង ដោយគំរាមកំហែងលើបេក្ខជនដទៃ។

៧៖ មិនត្រូវបដិសេធ ប្រឆាំងតបត ឬបង្កបាតុភាពដោយពាក្យសំដី ដោយកាយវិការ ចំពោះការត្រួតពិនិត្យរបស់អ្នកមានសមត្ថកិច្ច ឬមេប្រយោគក្នុងការពិនិត្យស្រាវជ្រាវរើរកសំណេឯកសារ និងសម្ភារផ្សេងៗ ដែលត្រូវហាមឃាត់មិនឲ្យយកចូលក្នុងមណ្ឌលប្រឡង។

៨៖ មិនត្រូវធ្វើចម្លើយវិញ្ញាសា នៅលើសន្លឹកកិច្ចការណា ដែលគ្មានហត្ថលេខារបស់អនុរក្ស។

៩៖ មិនត្រូវមិនចម្លងប្រធានវិញ្ញាសាចូលក្នុងក្រដាសដទៃ និងមិនត្រូវបោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡង។

១០៖ មិនត្រូវងើបឈរ ងាកឆ្វេង-ស្ដាំ អើតឈ្ងោកទៅមុខ បែរទៅក្រោយ ឬដើរចេញពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាតពីអនុរក្ស។ មិនត្រូវសរសេរកិច្ចការហើយអានខ្លាំងៗ ឮដល់អ្នកជិតខាង ឬឆក់អូសទាញយកសន្លឹកកិច្ចការរបស់អ្នកដទៃដាក់ពីមុខ ឬដាក់ពីក្រោមសន្លឹកកិច្ចការរបស់ខ្លួនឡើយ។

១១៖​ មិនត្រូវប្ដូរគ្នានូវសន្លឹកកិច្ចការ ឬក្រដាសព្រាង ឬផ្ទៀងផ្ទាត់ចម្លើយ ឬចម្លងគ្នា និងមិនត្រូវដាក់សន្លឹកកិច្ចការឆ្ងាយពីមុខរបស់ខ្លួន បង្កឲ្យអ្នកដទៃមើល ឬអូសឆក់យកបាន។

១២៖ មិនត្រូវធ្វើសញ្ញាសម្គាល់លើសន្លឹកកិច្ចការ ដើម្បីធ្វើឲ្យគេស្គាល់អាគតដ្ឋានរបស់ខ្លួន ដូចជាសរសេរអក្សរប្លែកពីតួអក្សរទាំងអស់ក្នុងកិច្ចការ ធ្វើសញ្ញាផ្សេងៗ ឬគូសបន្ទាត់ខុសប្រក្រតី ឬលុបនឹងទឹកស ឬសរសេររំលងបន្ទាត់ជាដើម។

១៣៖ មិនត្រូវលាក់ ឬហែកសន្លឹកកិច្ចការរបស់ខ្លួន និងមិនត្រូវហែក ឬលាក់សន្លឹកកិច្ចការអ្នកដទៃ។

១៤៖ មិនត្រូវបំផ្លាញ ឬធ្វើឲ្យខូចខាតសម្ភារនៅក្នុងបន្ទប់ប្រឡង ដូចជាដោះទ្វារ បង្អួច ធ្វើឲ្យរបើកជញ្ជាំងក្ដារធ្វើឲ្យបាក់បែកតុ កៅអី ឬក្ដារខៀនជាដើម។

១៥៖ មិនត្រូវឲ្យអ្នកដទៃប្រឡងជំនួស ឬសរសេរបំពេញបន្ថែម លើសន្លឹកកិច្ចការរបស់ខ្លួនជាដាច់ខាត។

១៦៖ មិនត្រូវប្រើពាក្យសំដី និងអាកប្បកិរិយា ដែលនាំឲ្យខូចសណ្ដាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង ឬប៉ះពាល់ដល់កិត្តិយសរបស់មេប្រយោគ។

សូមបញ្ជាក់ផងដែរថា សម្រាប់បេក្ខជនដែលមិនព្រមអនុវត្តទៅតាមបម្រាមនៃប្រការទាំង ១៦ចំណុចនេះទេ បេក្ខជនត្រូវបានកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិផងដែរ៕