(កំពង់ស្ពឺ)៖ ដើម្បីសោភ័ណ្ឌភាពទីក្រុង និងលំហូរទឹកប្រឡាយបានល្អនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ សាលាក្រុងច្បារមន ខេត្ដកំពង់ស្ពឺ បានចាត់វិធានការក្តៅដោយចុះកាយសំណង់រំលោភលើដីចំណីផ្លូវរបស់រដ្ឋមួយចំនួន និងអំពាវនាវដល់ប្រជាពលរដ្ឋឈប់សាងសង់សំណង់លើប្រឡាយទឹកតទៅទៀត។

សកម្មភាពខាងលើនេះ បានធ្វើឡើងដោយយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ របស់រដ្ឋបាលក្រុងច្បារមន និងក្រោមការចង្អុលបង្ហាញរបស់ លោក ហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៩​ ខែសីហា ឆ្នាំ២០១៨នេះ។

លោក ហុក ម៉ារ៉ាឌី បានបញ្ជាឲ្យគ្រឿងចក្រឈូសឆាយកំទេចចោលនូវសំណង់របង ដែលធ្វើរំលោភចូលប្រឡាយរបស់លោក ឈុន ហោ អាជីវករលក់ម៉ូតូ នៅភូមិព្រៃស្លឹកសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

បន្ទាប់មកទៀត ក្រុម​ការងារ​ ក៏បានបន្តនាំយក​គ្រឿង​ចក្រ​ទៅកាយប្រឡាយដែលលប់​ដោយ​​អាជីវករ​ លោក​ ខូវ​ ឡាយ​តិច​ ដែល​ស្ថិត​នៅ​ជាប់​ផ្លូវ​ជាតិលេខ៤​ ភូមិ​ញរ​ សង្កាត់​កណ្ដាល​ដុំ​ ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ បន្ថែមទៀត ដើម្បីសម្រួលដល់ផ្លូវហូរ និងការពារបរិស្ថានក្រុងផងដែរ។

លោក ហុក ម៉ារ៉ាឌី អភិបាលច្បារមន ត្រូវបានមហាជនមើលឃើញថា ជាអ្នកប្រើកណ្តាប់ដៃព្រមានយ៉ាងខ្លាំង ចំពោះក្រុមហ៊ុនរំលោភច្បាប់ មានអ្នកផ្ញើម៉ូតូ មកដល់ពេលនេះ បន្តធ្វើក្រុមអ្នករំលោភដីចំណីផ្លូវ និងរំលោភប្រឡាយទឹករបស់រដ្ឋបន្ថែមទៀត។

ពាក់ព័ន្ធនឹងសកម្មភាពនេះ លោកអភិបាលក្រុងច្បារមន បញ្ជាក់យ៉ាងខ្លីថា ការអនុវត្តនេះ ធ្វើឡើងតាមច្បាប់ និងធ្វើឲ្យមនុស្សត្រូវតែគោរពច្បាប់៕