(ក្រចេះ)៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តក្រចេះ បានឆ្មក់ចុះបង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយករណីនៅក្នុងផ្ទះសំណាក់ «សុភមង្គល» នៅស្រុកឆ្លូង ខេត្តក្រចេះ ដោយឃាត់ខ្លួនមនុស្ស ១៩នាក់ នៅថ្ងៃទី១៨ ខែសីហា ម្សិលមិញ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ និងលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

លោក ស៊ាង សុភ័ក្រ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជាក់ផងដែរថា ជនសង្ស័យទាំង ១៩នាក់ ក្រោយសួរនាំមាន ៥នាក់ ក្នុងនោះស្រី ៤នាក់ និងប្រុស ១នាក់ អត់មានពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៩ ខែសីហា នេះ ត្រូវបានលោកព្រះរាជអាជ្ញា ឲ្យត្រឡប់ទៅផ្ទះវិញ។ ដោយឡែកជនសង្ស័យនៅសល់ចំនួន១៤ ត្រូវឃុំបណ្ដោះអាសន្ន នៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីបន្តនិតិវិធីបញ្ជូនទៅតុលាការ។

ប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន៖ ម្សៅក្រាមពណ៌ស ចំនួន៧កញ្ចប់, សម្ភារជក់គ្រឿងញៀនមួយចំនួនធំ, ម៉ូតូចំនួន២គ្រឿង និងទូរស័ព្ទដៃចំនួន ៨គ្រឿង៕