(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ ក្រមាខ្មែរ ដែលបានរួមគ្នាត្បាញដោយប្រជាពលរដ្ឋខ្មែរ អស់រយៈពេលជាច្រើនខែ រហូតបំបែកឯតទគ្គកម្មជាក្រមាវែងជាងគេនៅលើពិភពលោក ត្រូវបាន​យកទៅតម្កល់ទុកនៅ​សារមន្ទីរជាតិ ដើម្បីឲ្យភ្ញៀវជាតិ-អន្ដរជាតិ បានទស្សនា និងស្វែងយល់។

ពិធីដាក់​តម្ដល់នេះ បានរៀបចំធ្វើឡើងក្រោមអធិបតីភាពលោកស្រី ភឿង សក្កណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការអញ្ជើញចូលរួមពី លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ, លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក), លោក សាយ សំអាល អនុប្រធានសហភាពសហពន្ធយុវជនកម្ពុជា និង សិស្សានុសិស្ស យុវជន ស.ស.យ​.ក ជាច្រើនរយនាក់ទៀត។

ពិធីដាក់តម្កល់នេះ ក៏មានបានរៀបចំពិធីតាមបែបសាសនា ដើម្បីបួងសួងសូមសេចក្តីសេចក្តីសេចក្តីចម្រើនផងដែរ។ ការយកក្រមាមកដាក់តម្កល់នៅក្នុងសារមន្ទីរជាតិនេះ គឺមានបំណងឲ្យអ្នកទេសចរជាតិ និងអន្តរជាតិ បានសិក្សាស្វែងយល់ពីក្រមាខ្មែរផង និងមួយវិញ បានបង្ហាញពីស្នាដៃរបស់ខ្មែរ ដែលបានរួបរួមគ្នាត្បាញក្រមាដ៏វែងរហូតបំបែកឯតទគ្គកម្មលើពិភពលោក។

សូមបញ្ជាក់ថា កើតចេញពីការរួបរួមគ្នារបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈតាំងពីនាយករដ្ឋមន្ត្រី រហូតដល់ប្រជាពលរដ្ឋនោះទូទៅនោះ កម្ពុជា​​បាន​បំបែក​ឯតទគ្គកម្ម​កំណត់ត្រា​ពិភពលោក «ក្រមា​វែងជាង​គេ​លើ​ពិភពលោក» ដោយគណៈកម្មការកំណត់ត្រាពិភពលោកបាន​ទទួលស្គាល់​នៅ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ។ ជោគជ័យនេះ គឺជា​រួម​ចំណែក​លើ​ស្ទួយ និង​ផ្សព្វផ្សាយ​កេរ​ដំណែល​សម្បត្តិ​វប្បធម៌​ខ្មែរលើ​ឆាក​អន្តរជាតិ​។

ក្រុមា ១,០០០ម៉ែត្រ គឺជាស្នាដៃមួយដែលកើតចេញពីការរួបរួមគ្នា របស់ប្រជាជនខ្មែរ គ្រប់ទិសទី គ្រប់ស្រទាប់វណ្ណៈ ដែលបានចូលរួមត្បាញក្រមាសរសៃៗ ដោយភាពអំណត អត់ធ្មត់ ស្នាមញញឹមពោរពេញ ដោយទឹកចិត្តក្នុងស្មារតី «រួមគ្នា ជឿថាខ្មែរធ្វើបាន»

ព្រឹត្តិការណ៍ត្បាញក្រមាវែងជាងគេនៅលើពិភពលោកប្រវែង ១,០០០ម៉ែត្រ ក្រោមប្រធានបទថា «ជឿថា ខ្ញុំធ្វើបាន ជឿថា យើងធ្វើបាន ជឿថា ខ្មែរធ្វើបាន» ដែលបង្កើតដោយយុវជនកម្ពុជា ដឹកនាំដោយសហភាពសហព័ន្ធកម្ពុជា ក្រោមចលនា «GOGO CAMBODIA»

ព្រឹត្តិការណ៍ត្បាញក្រមាប្រវែង១០០០ម៉ែត្រ ដើម្បីឈានទៅ «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ត្រូវបានបើកធ្វើឡើងជាផ្លូវកា​រ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើសួនច្បារព្រះមេរុ មុខសារមន្ទីរជាតិ ជាប់ព្រះបរមរាជវាំង៕