(ស្វាយរៀង)៖ បុរសម្នាក់ដើរកាន់ដាវសាំម៉ូរ៉ៃ និងកាំភ្លើងជ័រ បង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ចុះឃាត់ខ្លួន រួចនាំខ្លួនមកប៉ុស្តិ៍រដ្ឋបាល ដើម្បីសាកសួរនាថ្ងៃទី១៨ ខែសីហា ម្សិលមិញនេះ។

បុរសរូបនេះមានឈ្មោះ ​ង៉ែត តារា ភេទប្រុស អាយុ ២៨ឆ្នាំ ស្រុកកំណើតភូមិតាសូ ឃុំឧត្តមសូរីយា ស្រុកត្រាំកក់ ខេត្តតាកែវ មានប្រពន្ធឈ្មោះ សុខ សាខន អាយុ២០ឆ្នាំ នៅភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។​

ក្រោយឃាត់ខ្លួន​សមត្ថកិច្ច បានឆែកឆេររកឃើញអាវុធជ័រ ១ដើម, ដាវសាំម៉ូរ៉ៃ១ដើម, ក្នោះដៃ១គូរ, លុយដុល្លារ (លុយសែន) សរុប ១​,៨៤០ដុល្លារ និងអត្តសញ្ញាប័ណ្ណ ២សន្លឹក។ សំបុត្រកំណើត ១សន្លឹក និងកាតគ្រីម៉ូតូ ១ច្បាប់។
សមត្ថកិច្ចក៏បានត្រួតពិនិត្យឃើញថា បុរសរូបនេះជាអ្នកប្រើប្រាស់គ្រឿងញៀនផងដែរ ដែលជាហេតុនាំឲ្យមានសន្និដ្ឋានរូបគេជាមនុស្សបែកថ្នាំ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន និងកសាងសុំណុំរឿងចាត់ចែងបន្តតាមនីតិវិធី៕