(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ដែលបានកែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប អស់រយៈពេល៤ឆ្នាំមកហើយនោះ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ បានជូនពរ ដល់បេក្ខជនដែលត្រូវប្រទ្បងនៅថ្ងៃទី២០ ខែសីហា ស្អែកនេះទាំងអស់ ឲ្យជួបតែសំណាងល្អ។

ថ្លែងតាមរយៈ Facebook ផ្លូវការរបស់ក្រសួងអប់រ យុវជន និងកីឡា លោករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ជូនពរបេក្ខជនប្រទ្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ឲ្យជួបតែសំណាងល្អ និង ជូនពរលោកគ្រូ អ្នកគ្រូ ដែលបម្រើការងារជាមេប្រយោគ និង អ្នកសង្កេតការណ៍ទាំងអស់ ឲ្យបំពេញការងារប្រកបដោយជោគជ័យ និង មានសុវត្ថិភាព ក្នុងការធ្វើដំណើរ»

បើតាមលោករដ្ឋមន្ត្រីក្រសួងអប់រំ បានអះអាងបន្ថែមថា សម្រាប់ការប្រឡងនេះ ទោះបីជាមានបេក្ខជនប្រឡង ជាប់មានចំនួនតិចក្តី ក៏ក្រសួងមិនមានការប្រឡងជាលើកទី២ ដូចឆ្នាំ២០១៤នោះទេ។ ក្រសួងចំណាយថវិកាជិត ៥លានដុល្លារ សម្រាប់ការប្រឡងនេះ។ សម្រាប់លទ្ធផលនៃការប្រឡងបេក្ខជនដែលមាន ៥០០ពិន្ទុខ្ពស់បំផុត និងពិន្ទុ២៣៧ ជាប់មធ្យម។

សូមបញ្ជាក់ថា បេក្ខជនប្រលងឆ្នាំនេះ មានចំនួន ១១៧,០៦១នាក់ និងមានមណ្ឌលប្រឡងចំនួន ១៩៥មណ្ឌល ដែលចែកចេញជា ៤,៧៦១បន្ទប់ នៅរាជធានី-ខេត្តទាំង២៥៕