(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តាងនាមថ្នាក់ដឹកនាំ មន្ដ្រីរាជការស៊ីវិល និងនគរបាលជាតិទាំងអស់ នៃក្រសួងមហាផ្ទៃ សូមសម្ដែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅ ប្រកបដោយមនោសញ្ចេតនារំភើបរីករាយក្រៃលែង ក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន ត្រូវបាន​ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសប្រទានត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្រាប់អាណត្តិទី៦។​​

លិខិតអបអរសាទរដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការទទួលបាននូវភារកិច្ចជាប្រមុខដឹកនាំ នៃស្ថាប័ននីតិប្រតិបត្តិនេះ គឺជាមោទនភាពដ៏គួរឲ្យស្ងប់ស្ងែងសម្រាប់ប្រទេសកម្ពុជាទាំងមូល ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ជារដ្ឋបុរសដ៏ឆ្នើមមួយរូបដែលតែងរួមសុខទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ និងបានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និងមាតុភូមិ។

សម្ដេចក្រឡាហោម ស ខេង បានធ្វើប្ដេជ្ញាបន្ដប្រតិបត្តិយ៉ាងខ្ជាប់ខ្ជូនតាមគោលការណ៍ និងគោលនយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដើម្បីឆ្លើយតបយ៉ាងស័ក្ដិសមទៅនឹងទំនុកចិត្ត និងការជឿជាក់របស់ប្រជាពលរដ្ឋ ព្រមទាំងបន្ដខិតខំបម្រើប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ សំដៅរួមចំណែកជំរុញដល់ការលើកកម្ពស់ជីវភាពរស់នៅ និងការអភិវឌ្ឍសម្រាប់កម្ពុជា ប្រកបដោយចីរភាព៕

ខាងក្រោមនេះ ជាលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ដែលមានខ្លឹមសារទាំងស្រុង​៖