(ភ្នំពេញ)៖ ថ្លែងទាំងទឹកមុខញញឹមរីករាយក្នុងពេលជួបជុំគ្នានៅកោះពេជ្រ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ កីឡាករ វង្ស គីមហួត មកពីក្រុមខារ៉ាកម្ពុជាបានឱ្យដឹងថា លោកពិតទទួលបានបទពិសធន៍ល្អៗ ក្នុងការប្រណាំងរថយន្តនៃព្រឹត្តិការណ៍ Asia Cross Country Rally​ 2018​ ហើយបើទោះបីជាមិនបាននាំមុខគេក៏ដោយ តែរថយន្តរបស់លោកនៅតែទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់។

ពីជំនួយការអ្នកបើកបរក្នុងការប្រណាំងរថយន្តកាលពីលើកមុនៗ រហូតក្លាយជាអ្នកប្រណាំងរថយន្តដ៏ស្វាហាប់ម្នាក់ ក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត Asia Cross Country Rally​ ឆ្នាំ២០១៨នេះ កីឡាករ វង្ស គីមហួត បានរៀបរាប់ថា ក្រុមការងាររបស់លោកទទួលបានលទ្ធផលល្អបែបនេះ គឺជាបទពិសោធន៍ដ៏ពិសេសមួយ សម្រាប់ជាទុនក្នុងការប្រឹងប្រែងនាឱកាសក្រោយ។

កីឡាករប្រណាំងរថយន្តពាក់ស្លាកលេខ១១៥រូបនេះ បានឱ្យដឹងទៀតថា ស្ថានភាពផ្លូវទាំងនៅប្រទេសថៃ និងនៅមាតភូមិកម្ពុជាសុទ្ធតែមានឧបសគ្គលំបាកដូចគ្នា ដោយកន្លែងខ្លះជាប្រភេទដីខ្សាច់ ភក់ ដីល្បាប់ ឡើងចុះភ្នំជាដើម តែទោះជាយ៉ាងណា ក្រុមប្រណាំងរថយន្តរបស់កម្ពុជាមួយនេះ បានត្រៀមចិត្តរួចជាស្រេចថាផ្លូវប្រណាំងច្បាស់ជាលំបាក ដូច្នេះហើយទើបក្រុមរបស់លោកបានត្រៀមរថយន្ត ឧបករណ៍បរិក្ខាថែទាំនានា តាំងពី១ឆ្នាំមុនមកម្ល៉េះ។

សម្រាប់ឱកាសក្រោយៗ ក្រុមការងាររបស់កីឡាករ វង្ស គីមហួត បានប្ដេជ្ញាចិត្តថានឹងធ្វើឱ្យបានល្អជាងមុន ទាំងអ្នកប្រណាំង ជំនួយការបើកបរ ឧបករណ៍បរិក្ខា គ្រឿងបម្លាស់ ក៏ដូចជាជំនួយការថែទាំងរថយន្តផងដែរ។

សូមជម្រាបថា ព្រឹត្តិការណ៍ Asia Cross Country Rally​ 2018​ ដែលកំពុងនិយាយនេះ ជាព្រឹត្តិការណ៍ប្រកួតយានយន្តអន្តរជាតិលើកទី២៣​ ប្រចាំតំបន់អាស៊ី ដែលមានក្រុមកីឡាករចូលរួមចំនួន១០ប្រទេស រួមមាន៖ កម្ពុជា ថៃ ជប៉ុន មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ព្រុយណេ តៃវ៉ាន់ កូរ៉េ និងចិន ដោយចេញដំណើរពីទីក្រុងប៉ាតាយ៉ា នៃខេត្តចន្ទបុរី​ ប្រទេសថៃ នាថ្ងៃទី១៣​ ខែសីហា ឆ្លងកាត់ខេត្តប្រាជិនបុរី ខេត្តបុរីរម្យ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពងចាម និងបញ្ចប់នៅរាជធានីភ្នំពេញ​ ប្រទេសកម្ពុជា នាល្ងាចថ្ងៃទី១៨​ ខែសីហា ឆ្នាំ២០១៨។

ថ្បីដ្បិតតែរថយន្តប្រណាំងរបស់លោក វង្ស គីមហួត មិនបាននាំមុខគេក៏ពិតមែន ប៉ុន្តែសម្រាប់កម្ពុជានៅមានរថយន្តប្រណាំងមួយគ្រឿងទៀត គឺរថយន្តពាក់ស្លាកលេខ១១៩ ដែលបើកបរដោយកីឡាករ ហូ សិទ្ធិគុណ រួមជាមួយជំនួយការ២នាក់ទៀត គឺកីឡាការិនី សេង សុជាតា និងកីឡាករ ពៅ តិចឡេង បានខំប្រឹងតស៊ូដណ្ដើមជ័យជម្នះ​រហូតទទួលបានចំណាត់លេខ១តែម្ដង សម្រាប់ប្រភេទរថយន្តប្រើសាំង។

សម្រាប់ក្រុមប្រណាំងខារ៉ាកម្ពុជា ដែលចូលរួមក្នុងនៃព្រឹត្តិការណ៍ Asia Cross Country Rally ឆ្នាំ២០១៨នេះ ក៏ទទួលបានការឧបត្ថម្ភធំពីភេសជ្ជៈ Zorus ផងដែរ៕