(ភ្នំពេញ)៖ បន្ទាប់ពីបានឆ្លងកាត់វគ្គជម្រុះជាច្រើនដង ក្នុងរយៈពេល៤ខែ ទីបំផុតនៅសល់យុវជន១០នាក់ ដែលអាចប្រកួតប្រជែងកិច្ចពិភាក្សាជជែកវែកញែក (Debate) ក្នុងកម្មវិធីយុវជនឆ្នើមអាស៊ាន នៃសាកលវិទ្យាល័យខេមរៈ។ ក្នុងចំណោមពួកគេទាំង១០នាក់ មានតែ៣នាក់ប៉ុណ្ណោះជាប់ជ័យលាភី ទៅសិក្សានៅក្រៅប្រទេស គឺប្រទេសចិន និងកូរ៉េ។ 

ក្នុងការប្រកួតប្រជែងកិច្ចពិភាក្សាជជែកវែកញែក លើប្រធានបទផ្សេងៗ មានពីផ្នែក គឺផ្នែកស្រប និងផ្នែកបដិសេដ្ឋ ដែលធ្វើឡើងនៅសាកលវិទ្យាល័យខេមរៈ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះ បេក្ខជនបានបញ្ចេញសមត្ថភាពរបស់ខ្លួន ក្នុងការជជែកដេញដោលគ្នា ការពារលើប្រធានបទរៀងៗខ្លួន ទីបំផុតយុវជន៣នាក់ បានទទួលជោគជ័យក្នុងការប្រឡងប្រជែងនោះ។

បេក្ខជនជាប់ជ័យលាភីលេខ១ គឺកញ្ញា សួន ខាន់រ៉ា ជានិស្សិតមកពីសាកលវិទ្យាល័យកម្ពុជា។ ក្នុងការប្រកួតប្រជែងចំណេះដឹងទូទៅស្តីពីអាស៊ាន នៅសាកលវិទ្យាល័យខេមរៈ ទម្រាំទទួលបាន ជោគជ័យនេះ កញ្ញាបានប្រាប់ថា មានការលំបាកជាច្រើន ពីព្រោះកញ្ញាធ្វើការងារផងរៀនផង និងស្រាវជ្រាវសំរាប់ ប្រកួតប្រជែងក្នុងវេទិកាយុវជននេះផងដែរ។

កញ្ញា ហ៊ុន ឆយី និស្សិតសាកលវិទ្យាល័យកម្ពុជា និងកញ្ញា សឿន សុខខេន និស្សិតសាកលវិទ្យាល័យខេមរៈ ជាបេក្ខជន២រូបទៀត ដែលជាប់លេខ២ និងលេខ៣ អ្នកទាំងពីរ បានសម្តែងការសប្បាយចិត្ត ដែលបានទទួលជោគជ័យនេះ ជាងនេះទៅទៀតអ្នកទាំងពីថា គណកម្មការបានដាក់ពិន្ទុយ៉ាងសុក្រិតផងដែរ។

សូមបញ្ជាក់ថា កម្មវិធីយុវជនឆ្នើមប្រកួតប្រជែងចំណេះដឹងទូទៅអាស៊ាននេះ មានបេក្ខជនសរុប៣០នាក់ មកពីវិទ្យាល័យ និងសាកលវិទ្យាល័យផ្សេងៗ ក្នុងប្រទេសកម្ពុជា។ ការប្រកួតប្រជែងនេះ ការពិតតាមគ្រោង គឺមានរយៈពេល៣ខែ ប៉ុន្តែការអូសបន្លាយពេល រហូតដល់៤ខែ។

សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យខេមរៈ លោក បណ្ឌិត រស់ រ៉ាវុធ បានឲ្យដឹងថា មិនមែនជាកំហុសរបស់សាលាទេ តាមពិតវេទិកាយុវជននេះ ធ្វើឡើងតាមសេចក្តីណែនាំរបស់រដ្ឋាភិបាល ដែលបញ្ជូនមកក្រសួងអប់រំ ក្រសួងអប់រំ ក៏ធ្វើសេចក្តីប្រកាសមួយ ដល់សាកលវិទ្យាល័យនានា ហេតុនេះសាកលវិទ្យាល័យទាំងអស់ ត្រូវដុតដៃដុតជើងធ្វើជាគោលការណ៍។

លោកសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យខេមរៈ បញ្ជាក់ថា ការប្រកួតប្រជែងរហូតមកដល់ទីបញ្ចប់នេះ គឺមានគោលការណ៍ត្រឹមត្រូវ មិនមែនចេះតែធ្វើៗនោះទេ។ ហើយអាហារូបករណ៍ ដែលបានមកនេះ គឺសាកលវិទ្យាល័យខេមរៈជាអ្នកស្វែងរក៕