(ភ្នំពេញ)៖ របាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា នៅឆ្នាំ២០១២ មានស្ត្រីប្រមាណ២៥% នៅជុំវិញពិភពលោកបានកើតជំងឺមហារីកសុដន់ ឬអាចនិយាយបានថា ក្នុងចំណោមស្ត្រី១០០,០០០នាក់ មាន៤៣នាក់ បានកើតជំងឺមហារីកសុដន់នេះ ក្នុងនោះ១ភាគ៣បានស្លាប់បាត់បង់ជីវិត។ ចំណែកនៅកម្ពុជាវិញ នៅឆ្នាំ២០១២ដូចគ្នា មានស្ត្រីប្រមាណ ១៥,០០០នាក់ បានកើតមានជំងឺមហារីកសុដន់ ហើយវាក៏នៅតែបន្តកើនឡើងផងដែរនាពេលបច្ចុប្បន្ននេះ។

ដោយសារមើលឃើញពីបញ្ហាប្រឈមគួរឱ្យព្រួយបារម្ភនេះហើយ ទើបមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបាននាំយកបច្ចេកវិទ្យា និងឧបករណ៍ពិនិត្យព្យាបាល រួមជាមួយគ្រូពេទ្យជំនាញៗ ដែលមានបទពិសោធន៍ច្រើនឆ្នាំ និងចំណេះដឹងជ្រៅជ្រះ មកចូលរួមជួយសង្គ្រោះអ្នកជំងឺនៅកម្ពុជា។

ជាក់ស្ដែងនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានអញ្ជើញវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យជាច្រើននាក់ ដែលជំនាញលើឯកទេសជំងឺមហារីកសុដន់ មកចែករំលែកបទពិសោធន៍ និងចំណេះដឹងមួយចំនួនដល់ប្រជាពលរដ្ឋក្នុងមន្ទីរពេទ្យផ្ទាល់តែម្ដង។ កម្មវិធីនេះមានការចូលរួមពីលោកវេជ្ជបណ្ឌិត ណារិនណាតា ប្រធានមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ, លោកវេជ្ជបណ្ឌិត ស៊ូផាកន រ៉ូចាណានីន និងលោកវេជ្ជបណ្ឌិត ក្រៃភព ចារូប៉ៃប៊ូន ដែលសុទ្ធសឹងតែមានជំនាញច្បាស់លាស់លើឯកទេសជំងឺមហារីកសុដន់ នៅមន្ទីរពេទ្យបាងកក ប្រទេសថៃ។

លោកវេជ្ជបណ្ឌិត ណារិន បានឱ្យដឹងថា នេះជាពេលវេលាដ៏សមស្របមួយ ក្នុងការនាំបច្ចេកវិទ្យាពិនិត្យព្យាបាលជំងឺមហារីកសុដន់ជូនអ្នកជំងឺទាំងឡើយនៅប្រទេសកម្ពុជា។ លោកបន្តថា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មានបទពិសោធន៍ច្រើនជាមួយមន្ទីរពេទ្យបាងកក ជាក់ស្ដែងនាពេលថ្មីៗនេះ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានអញ្ជើញលោកវេជ្ជបណ្ឌិត ស៊ូផាកន និងលោកវេជ្ជបណ្ឌិត ក្រៃភព ពីមន្ទីរពេទ្យបាងកក ដើម្បីផ្ដល់ជូននូវការព្យាបាលជូនប្រជាពលរដ្ឋកម្ពុជា នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញផ្ទាល់តែម្ដង។

លោក ណារិន បានអះអាងថា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញមានឧបករណ៍ត្រួតពិនិត្យទំនើបៗ មិនចាញ់មន្ទីរពេទ្យល្បីៗលើពិភពលោកឡើយ ដូចជា Memography ដែលអាចវិនិច្ឆ័យរោគដឹងមុន ពិសេសនៅខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញនឹងនាំនូវការអប់រំដ៏ពិសេសមួយ អំពីជំងឺមហារីកសុដន់មកពន្យល់ប្រាប់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកជំងឺនៅប្រទេសកម្ពុជាផងដែរ។

លោកវេជ្ជបណ្ឌិត ស៊ូផាកន បានគូសបញ្ជាក់ថា​ ខុសពីជំងឺដទៃ ជំងឺមហារីកសុដន់គឺមិនមានរោគសញ្ញាណាមួយបង្ហាញជាមុនឡើយ ពោលអ្នកជំងឺមិនអាចដឹងមុនថាខ្លួនកំពុងកើតមានជំងឺមហារីកសុដន់ទេ មានតែការត្រួតពិនិត្យសុខភាពជាប្រចាំប៉ុណ្ណោះដែលអាចដោះស្រាយបញ្ហាជំងឺនេះបាន ពីព្រោះនៅកម្ពុជាបច្ចុប្បន្នមានឧបករណ៍ត្រួតពិនិត្យទំនើបៗ ពិសេសគឺនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញនេះតែម្ដង។

លោក ស៊ូផាកន បានបន្តថា សម្រាប់ស្ត្រី ប្រសិនជាក្រុមគ្រួសាររបស់ខ្លួនធ្លាប់មានប្រវត្តិកើតជំងឺមហារីកសុដន់ នោះបញ្ជាក់ថាសមាជិកគ្រួសារប្រាកដជានឹងកើតមានជំងឺនេះជាក់ជាមិនខាន ព្រោះវាឆ្លងតាមរយៈតំណពូជ (ហ្សែន) ដូច្នេះស្រ្តីជាសមាជិកគ្រួសារនោះ ត្រូវតែទៅត្រួតពិនិត្យសុខភាពរកជំងឺជាដាច់ខាត ដោយមិនត្រូវលើសពីអាយុ៣៥ឆ្នាំឡើយ ទោះបីជាគ្មានរោគសញ្ញានៃជំងឺមហារីកសុដន់ក៏ដោយ។ តែបើគ្រួសារមិនមានប្រវត្តិកើតជំងឺមហារីកសុដន់ទេ ក៏ត្រូវតែទៅពិនិត្យសុខភាពរកមុខសញ្ញាជំងឺនេះដែរ ក្នុងរង្វង់អាយុ៤៥ឆ្នាំ ដាច់ខាតត្រូវតែមកពិនិត្យសុខភាពមុនកើតជំងឺ។

ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ក្រៃភព បានលើកឡើងថា តាមរបាយការណ៍ក្នុងឆ្នាំ២០១២ នៅលើពិភពលោកចំនួនស្ត្រីដែលមានជំងឺមហារីកសុដន់មានរហូតដល់ទៅ ២៥% ឬក្នុងចំណោមស្ត្រី ១០០,០០០នាក់ មាន៤៣នាក់កើតជំងឺមហារីកសុដន់នេះ ក្នុងនោះស្ត្រីដែលកើតជំងឺមហារីកសុដន់ ១ភាគ៣ បានស្លាប់បាត់បង់ជីវិត។

សម្រាប់នៅកម្ពុជាក្នុងពេលថ្មីនេះ ពិបាកគ្រប់គ្រងទិន្នន័យណាស់ ព្រោះគ្មានស្ថិតិបញ្ជាក់ តែបើគិតនៅឆ្នាំ២០០៨ ស្ត្រីកម្ពុជាកើតជំងឺមហារីកសុដន់ប្រមាណ ១២,៩០០នាក់ លុះដល់ឆ្នាំ២០១២ ឡើងដល់ ១៥,០០០នាក់ មានន័យថាក្នុងរយៈពេលតែ៤ឆ្នាំប៉ុណ្ណោះ អ្នកជំងឺមហារីកសុដន់នៅកម្ពុជាកើនឡើង ២,១០០នាក់។ អ្វីដែលគួរឱ្យព្រួយបារម្ភនោះ និន្នាការនៃការកើតជំងឺមហារីកសុដន់នៅកម្ពុជានៅតែកើនឡើង។

លោក ក្រៃភព បានបញ្ជាក់ថា នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញមានក្រុមគ្រូពេទ្យជំនាញៗជាមួយមន្ទីរពេទ្យបាងកក សម្រាប់ពិនិត្យព្យាបាលជំងឺមហារីកសុដន់ ពិសេសក្រោយពេលវះកាត់សុដន់ហើយ គ្រូពេទ្យនឹងធ្វើសុដន់មួយថ្មីយ៉ាងល្អពេញចិត្តសម្រាប់អ្នកជំងឺ ពោលធានាថាអ្នកជំងឺមិនបាត់បង់ភាពជាស្ត្រីឡើយ។លោកវេជ្ជបណ្ឌិត ណារិន បានបន្ថែមទៀតថា សម្រាប់ជំងឺមហារីកសុដន់នេះ ការការពារមួយមុខគឺមិនគ្រប់គ្រាន់នោះឡើយ ពោលត្រូវតែវិនិច្ឆ័យរកឱ្យឃើញមុន និងទប់ស្កាត់ឱ្យបានទាន់ពេល ទើបជំងឺមហារីកសុដន់នេះមិនកើតមានលើខ្លួនរបស់ស្ត្រី ពីព្រោះជំងឺមហារីកសុដន់មានច្រើនដំណាក់កាល ហើយសម្រាប់ដំណាក់កាលសូន្យ និងដំណាក់កាលទី១ អាត្រានៃការព្យាបាលជាសះស្បើយមានលើសពី ៩០% តែបើបណ្ដែតបណ្ដោយដល់ដំណាក់កាលទី៣ និងទី៤ហើយ គឺធ្ងន់ធ្ងរណាស់ ពោលអាត្រានៃការព្យាបាលជាសះស្បើយទាបណាស់៕