(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ ក្នុង​ពិធីសម្ពោធបើកការដ្ឋានសាងសង់អគារម៉រហ្គេន (Morgan Tower) នៅមជ្ឈមណ្ឌលកោះពេជ្រ បានឲ្យដឹងថា គិតពីខែមករា ដល់ខែកក្កដា ឆ្នាំ២០១៨នេះ ទំហំទឹកប្រាក់នៃការវិនិយោគចិន នៅកម្ពុជា មានចំនួនជាង៥ប៊ីលានដុល្លារអាមេរិក។

បើតាមការលើកឡើងរបស់ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បើគិតពីឆ្នាំ២០១៣ ដល់ខែកក្កដា ឆ្នាំ២០១៨នេះ ពោលមានរយៈពេល៥ឆ្នាំ វិនិយោគចិននៅកម្ពុជា មានរហូតដល់ជាង២១ប៊ីលានដុល្លារអាមេរិក ដែលការវិនិយោគយ៉ាងច្រើន ជាពិសេសបានកសាងផ្លូវជាតិ ជិត៣.០០០គីឡូម៉ែត្រ និងស្ពានចំនួន៧នៅទូទាំងប្រទេសកម្ពុជា។

ជាក់ស្ដែងនៅព្រឹកមិញនេះ ចិនបានបន្ដការវិនិយោគថ្មីមួយទៀត គឺសាងសង់អគារពាណិជ្ជកម្ម និងខុនដូរ ឈ្មោះថា «ម៉រហ្គេន Morgan Tower» ដ៏ទំនើបលំដាប់ផ្កាយប្រាំ ដែលមានកម្ពស់២១០ម៉ែត្រ និងមាន៤៦ជាន់ ដែលត្រូវ​ចំណាយអស់ ១៦០លានដុល្លារ ហើយដែលអាចសន្សំសំចៃថាមពលអគ្គិសនី ត្រូវបានសាងសង់ក្នុងឆ្នាំ២០១៨នេះ ដែលជាខួបទី៦០ឆ្នាំ នៃទំនាក់ទំនងកាទូតរវាងកម្ពុជា និងចិន។

ឧបនាយករដ្ឋមន្ដ្រី បានបង្ហាញក្ដីសង្ឃឹមថា ក្រុមហ៊ុន Morgan និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​(CDC) នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ សំណង់អចលនៈទ្រព្យ ព្រមទាំងវិនិយោគលើវិស័យផេ្សងទៀតជាច្រើននៅកម្ពុជា ក្នុងក្របខណ្ឌភាពជា «ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» រវាងកម្ពុជា-ចិន ក៏ដូចជាក្នុងក្របខណ្ឌ​ «ខ្សែក្រវាត់ និងផ្លូវ» ដែលជាគំនិត​របស់លោក ស៊ី ជីន ពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិនដែរ​។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយឧបត្ថម្ភគាំទ្រកម្ពុជា លើគ្រប់វិស័យទាំងនយោបាយ សេដ្ឋកិច្ច និងសង្គម។ ការអភិវឌ្ឍដ៏អស្ចារ្យរបស់កម្ពុជាលើគ្រប់វិស័យ ដែលយើងឃើញសព្វថ្ងៃនេះ ក៏មិនអាចកាត់ផ្ដាច់ពីការរួមចំណែកពីជំនួយ គាំទ្រ និងការវិនិយោគចិនផងដែរ។

សូមជម្រាបថា លោកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) និងជាប្រធានសមាគមចិន បានគូសបញ្ជាក់ថា អគារម៉រហ្គេន (Morgan Tower) ដ៏ទំនើបលំដាប់ផ្កាយ៥ ដែលមានកម្ពស់២១០ម៉ែត្រ និងមាន៤៦ជាន់ ដែលត្រូវចំណាយអស់​១៦០លានដុល្លារ ត្រូវបានសាងសង់ ក្នុងឆ្នាំ២០១៨នេះ គឺជាអគារដែលខ្ពស់ជាងគេបំផុតនៅកម្ពុជា។

លោកឧកញ៉ា ពុង ឃាវសែ បានបន្ថែមថា មិនយូរប៉ុន្មានទៀតនោះទេ កម្ពុជានឹងមានអគារកាន់តែខ្ពស់ៗរាប់រយម៉ែត្រ ដែលនេះព្រោះតែកម្ពុជា​មានស្ថិរភាពនយោបាយ​ល្អប្រសើរ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបន្ដរក្សានូវសន្ដិភាពជូនប្រទេស និងប្រជាជន៕​