(ភ្នំពេញ)៖ ២ថ្ងៃក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ហើយបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីគ្រប់គ្រងអាសនៈទាំង១២៥ នៅរដ្ឋសភា មានសំឡេងគ្រប់គ្រាន់លើសលប់បង្កើតរាជរដ្ឋាភិបាលថ្មី ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៨ បានចេញព្រះរាជក្រឹត្យត្រាស់ចាត់តាំង សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលអាណត្តិទី៦ ដើម្បីសម្តេចមានសិទ្ធិស្របច្បាប់រៀបចំសមាសភាពនៃរាជរដ្ឋាភិបាលថ្មី ដើម្បីស្នើសុំសេចក្តីទុកចិត្តពីរដ្ឋសភាថ្មី។ 

ការចាត់តាំងនេះធ្វើឡើងដោយស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាដែលជាច្បាប់កំពូលរបស់ជាតិ។ មាត្រា ៤ នៃច្បាប់ធម្មនុញ្ញបន្ថែម ដាក់ឱ្យប្រើប្រាស់ នាខែកក្កដា ឆ្នាំ ២០០៤ ក្នុងគោលដៅធានាក្នុងគ្រប់កាលៈទេសៈនូវដំណើរការល្អប្រសើរនៃស្ថាប័នជាតិ ដោយគោរពតាមគោលការណ៍ជាមូលដ្ឋាន នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមតម្រូវការនៃភាពចាំបាច់ ចែងថា «តាមសេចក្តីស្នើពីគណបក្សនយោបាយ ដែលមានចំនួនអាសៈច្រើនជាងគេនៅក្នុងរដ្ឋសភា តាមរយៈព្រឹទ្ធសមាជិករដ្ឋសភា ព្រះមហាក្សត្រ ទ្រង់ចាត់តាំងវរជនមួយរូបក្នុងចំណោមតំណាងរាស្ត្រ នៃគណបក្សនយោបាយ ដែលឈ្នះឆ្នោតឱ្យបង្កើតរាជរដ្ឋាភិបាល។ វរជនដែលត្រូវបានចាត់តាំងនេះ ត្រូវរៀបចំផ្គូរផ្គងតំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាលរួច ផ្ញើបញ្ជីរាយនាមសមាជិកទាំងអស់ នៃរាជរដ្ឋាភិបាលជូនព្រឹទ្ធសមាជិករដ្ឋសភា។

ព្រឹទ្ធសមាជិករដ្ឋសភាត្រូវរៀបចំបញ្ជីរាយនាម ជាកញ្ចប់មួយនូវបេក្ខជន ប្រធាន អនុប្រធាននៃរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធាន គណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា ព្រមទាំងបេក្ខជននាយករដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាលទាំងអស់ដើម្បីបោះឆ្នោត»។

យោងតាមច្បាប់ធម្មនុញ្ញបន្ថែម ការបង្កើតក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភាថ្មី និងរាជរដ្ឋាភិបាលថ្មីនេះ នឹងត្រូវធ្វើឡើងតាមរយៈការបោះឆ្នោតដោយកញ្ចប់។ មាត្រា ៥ នៃច្បាប់ធម្មនុញ្ញបន្ថែមចែងថា «សមាជិករដ្ឋសភាត្រូវបោះឆ្នោតដោយបញ្ជាក់ថា ព្រម ឬមិនព្រម ចំពោះបញ្ជីរាយនាមជាកញ្ចប់មួយ ដែលព្រឹទ្ធសមាជិករដ្ឋសភាបានដាក់ជូន។ ការបោះឆ្នោតនេះត្រូវធ្វើឡើងដោយវិធីលើកដៃ»។ សម្រាប់រដ្ឋសភានីតិកាលទី៦នេះគណបក្សប្រជាជនកម្ពុជាជាគណបក្សដែលមានចំនួនអាសនៈច្រើននៅក្នុងរដ្ឋសភា ព្រឹទ្ធសមាជិករដ្ឋសភា គឺសម្តេច ហេង សំរិន មានអាយុ៨៣ឆ្នាំ ហើយវរជនដែលព្រះមហាក្សត្រ ចាត់តាំងឱ្យធ្វើជានាយករដ្ឋមន្ត្រី ដើម្បីរៀបចំសមាសភាពសមាជិករដ្ឋាភិបាលថ្មី ដើម្បីស្នើសេចក្តីទុកចិត្តពីរដ្ឋសភាគឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃអាណត្តិទី៥ ដែលត្រៀមខ្លួនចូលកាន់តំណែងជានាយករដ្ឋមន្ត្រីអាណត្តិទី៦ ចាប់ពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០១៨ តទៅ។

តាមការគ្រោងទុក រដ្ឋសភាអាណត្តិទី៦ នឹងត្រូវកោះប្រជុំលើកទី១ នៅថ្ងៃទី៥ ខែកញ្ញា ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះមហាក្សត្រខ្មែរ។ នៅរសៀលថ្ងៃទី៥ ខែកញ្ញា សមាជិករដ្ឋសភាទាំងអស់នឹងធ្វើសច្ចាប្រណិធាន។ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ក្បាលម៉ាស៊ីដឹកនាំរដ្ឋសភាថ្មី និងរាជរដ្ឋាភិបាលថ្មី នឹងត្រូវបង្កើតឡើង ហើយនៅរសៀលថ្ងៃដដែល សមាជិករាជរដ្ឋាភិបាលថ្មី នឹងចូលស្បថកាន់តំណែង ហើយថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០១៨ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកទី១ នៃរដ្ឋសភានីតិកាលទី៦ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព
សម្តេចតេជោ ហ៊ុន សែន ដើម្បីប្រកាសគោលនយោបាយរបស់រដ្ឋាភិបាលអាណត្តិថ្មី បន្តដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកភាពរីកចម្រើនកាន់តែខ្លាំងឡើង រក្សាសុខសន្តិភាព សុខដុមរមណីយកម្មសង្គមជាតិ កំណើនការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋខ្មែរ លើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិខ្មែរ ស្របតាមឆន្ទៈប្រជាពលរដ្ឋខ្មែរដែលបានផ្តល់ ជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនក្រាស់ក្រែល នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ថ្ងៃទី២៩ ខែកក្កដា កន្លងទៅ។

ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ មានភាពស្របច្បាប់ត្រឹមត្រូវ មានធាតុផ្សំប្រជាធិបតេយ្យពេញលេញ ព្រោះចាប់តាំងពីដំណើរការត្រៀមរៀបចំ រហូតដល់ដំណើរការបោះឆ្នោត រាប់សន្លឹកឆ្នោតបានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មានគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតដែលឯករាជ្យ និងប្រព្រឹត្តស្របតាមនីតិវិធីច្បាប់។ ពលរដ្ឋខ្មែរ ៨៣,០២% នៃចំនួនអ្នកមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតជាង ៨,៣លាននាក់ បានចេញទៅបោះឆ្នោត ដែលនេះលើសពីគោលការណ៍ប្រជាធិបតេយ្យទៅទៀត។ គណបក្សនយោបាយមានសិទ្ធិពេញលេញក្នុងការធ្វើសកម្មភាព រីឯប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ ក្នុងការសម្រេចចិត្ត និងផ្តល់សេចក្តីទុកចិត្តដល់គណបក្សនយោបាយណាមួយដែលខ្លួនពេញចិត្ត។

ស្របច្បាប់ក៏ព្រោះតែការបោះឆ្នោតនេះ ត្រូវបានចូលរួមសង្កេតការណ៍ពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាង ៨ ម៉ឺននាក់ហើយអ្នកសង្កេតការណ៍ទាំងនេះ សុទ្ធតែបានទទួលស្គាល់ថា ការបោះឆ្នោតប្រព្រឹត្តទៅដោយសន្តិវិធី សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងស្របតាមគោល ការណ៍លទ្ធិប្រជាធិបតេយ្យ អាចទទួលយកបាន។ ប្រជាពលរដ្ឋខ្មែរក៏បានសាទរស្វាគមន៍លទ្ធផលនៃការបោះឆ្នោត និងភាពចាស់ទុំនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ភាពស្របច្បាប់ និងប្រកបដោយលទ្ធិប្រជាធិបតេយ្យនៃការបោះឆ្នោតនេះ បានផ្តល់នីត្យានុកូលភាពពេញលេញដល់រដ្ឋសភាថ្មី ដល់រដ្ឋាភិបាលថ្មីដែលនឹងត្រូវបង្កើតនាពេលខាងមុខនេះ និងជាពិសេសផ្តល់នីត្យានុកូលភាពពេញលេញជូនសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលអាណត្តិទី៦ របស់ព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាពេលនេះ គ្មានវិបត្តិនយោបាយ ឬការបាតុកម្មឡាំប៉ារបស់គណបក្សនយោបាយដូចពីកាលពីការបោះឆ្នោតលើកមុនៗឡើយ។ ក្រោយការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កម្ពុជាស្ថិតក្នុងស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមមួយដែលល្អបំផុត ហើយនេះគឺជាភាពចាស់ទុំនៃលទ្ធិប្រជាធិបតេយ្យកម្ពុជាក្នុងបរិបទដែលមេរោគចលាចល សង្គមខ្មោចគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយតាមអំណាចសាលក្រម និងជនមេរោគនៃការញុះញង់ត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយ និងរត់ចោលស្រុក។
ប្រទេសពោរពេញដោយសុខសន្តិភាព និងការអភិវឌ្ឍ ស្ថិរភាពជាតិរឹងមាំនេះគឺជាអ្វីដែលពលរដ្ឋខ្មែរប្រាថ្នាចង់បាន ហើយមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលអាចធានា បាននូវក្តីប្រាថ្នាទាំងនេះ ហេតុដូច្នេះហើយបានជាពលរដ្ឋ ៧៧% នៃអ្នកទៅបោះឆ្នោតសរុបជិត៧លាននាក់បានផ្តល់សេចក្តីទុកចិត្តដល់គណបក្សប្រជាជនកម្ពុជា ដល់សម្តេចតេជោ ហ៊ុន សែន ដើម្បីដឹកនាំការពារ កសាង និងអភិវឌ្ឍប្រទេសបន្ត ទៀតដោយក្តីមោទនភាពបំផុត។ ជយោ! ព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨