(បាត់ដំបង)៖ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសង្កែ និងជាប្រធានក្រុមការងារចុះជួយឃុំតាប៉ុន លោក កុល វីរក្ស បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលថ្លែងអំណរគុណដល់សមាជិក សមាជិកាបក្សប្រជាជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅឃុំតាប៉ុន ដែលបានទៅចូលរួមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ធ្វើឱ្យសម្លេងគាំទ្រគណបក្សឈ្នះ លើសលប់ និងបានបន្តដឹកនាំរាជរដ្ឋាភិបាលនៅអាណត្តិទី៦ សម្រាប់អភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៀត។

ពិធីសំណេះសំណាល និងថ្លែងអំណរគុណនេះ បានធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ដែលមានការចូលរួមពី សមាជិកសមាជិកាបក្សនៅតាមទីតាំងនីមួយៗ នៃភូមិទាំង៥ក្នុងឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ជាច្រើននាក់ផងដែរ។

ថ្លែងនៅក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណនោះ លោក កុល វីរក្ស បានបង្ហាញអំពីលទ្ធផលដ៏ត្រចះត្រចង់ របស់បក្សដែលមានប្រជាពលរដ្ឋ ទៅបោះឆ្នោតសរុបជាង៨៣ភាគរយ ហើយមានសម្លេងគាំទ្រគណបក្សប្រជាជន យ៉ាងច្រើនលើសលប់ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋនៅតែគាំទ្រគណបក្សប្រជាជនកម្ពុជា ស្រឡាញ់សន្តិភាព ស្រទ្បាញ់ការអភិវឌ្ឍ និងកាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលហើយនៅតែគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៦ និងអាណត្តិបន្តបន្ទាប់ទៀត។

លោកប្រធានបានបន្តថានៅក្នុងឃុំតាប៉ុន ស្រុកសង្កែ មានប្រជាពលរដ្ឋទៅបោះឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់ ធ្វើឲ្យសម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជាយើង ទទួលបានជោគជ័យដ៏ត្រចះត្រចង់ក៏ដូចជា នៅទូទាំងខេត្តបាត់ដំបងទាំងមូលផងដែរ មានប្រជាពលរដ្ឋទៅបោះឆ្នោតជាង៨៣ភាគរយ ក្នុងនោះគណបក្សប្រជាជនកម្ពុជាឈ្នះដាច់ ដោយទទួលបានអាសនៈ៨លើ៨នៅរដ្ឋសភា។

លោកប្រធាន ក៏បានថ្លែងអំណរគុណ ដល់សមាជិកសមាជិកានិងប្រជាពលរដ្ឋទាំងអស់នៅខេត្តបាត់ដំបង ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឈ្នះយ៉ាងច្រើនភ្លូកទឹកភ្លូកដី ហើយក៏សូមឱ្យសមាជិកសមាជិការបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា គ្រប់អាណត្តិបន្តទៀតជាពិសេសគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីដើម្បីកសាង អភិវឌ្ឍន៍ និងការពារសន្តិភាពនៅកម្ពុជាតទៅមុខទៀត។

នៅក្នុងឱកាសនោះលោកប្រធាន បានដឹកនាំក្រុមការងារឆ្លៀតចុះពិនិត្យអគារសិក្សា១ខ្នង នៅក្នុងបរិវេណអនុវិទ្យាល័យស្វាយស ដែលជាអំណោយរបស់សម្តេចក្រឡាហោម សខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមកាងារថ្នាក់កណ្តាលចុះជួយខេត្តបាត់ដំបង ជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង ដោយជម្រុញឱ្យក្រុមជាងជួសជុលឱ្យបានលឿន ខណៈដែលក្រុមជាងកំពុងសាងសង់ផងដែរ៕