(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋប្រមាណ៤០នាក់ តំណាងឱ្យ២២គ្រួសារនៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បាននាំគ្នាស្នើសុំឱ្យអាជ្ញាធរ ជួយរកដំស្រាយជូនពួកគាត់ ដើម្បីបើកផ្លូវសាធារណៈដែលមានទទឹង១០ម៉ែត្រ បណ្តោយ១០៥ម៉ែត្រ ត្រូវបានលោក ឈរ ស៊ុនលី និងប្រពន្ធឈ្មោះ ង៉ោ ស៊ីម ជាអាជីវករ លក់គ្រឿងសំណងដែកនៅក្រុងប៉ោយប៉ែត រំលោភយកដីផ្លូវតាំងពីឆ្នាំ២០០៤មកម្ល៉េះ ទោះបីជាអាជ្ញាធរព្យាយាមសម្របសម្រួលជាច្រើនលើក ជាច្រើនសារច្រើនដង ក៏មិនព្រមបើកផ្លូវដែរស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់ក្រុងប៉ោយប៉ែត ។

តំណាងប្រជាពលរដ្ឋឈ្មោះ ម៉ៅ ប៉ូរា បានឱ្យដឹងថា ប្រជាពលរដ្ឋចំនួន៤០គ្រួសារ និងបានផ្តិតមេដៃ និងដាក់ពាក្យបណ្តឹងចំនួន២២គ្រួសារ សូមឱ្យរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ជួយបើកផ្លូវដែលមានគំរោងចាស់ មានជាច្រើនឆ្នាំមកហើយ តែក្រោយមកមិនដឹងថា យ៉ាងម៉េចបានជានលោក ឈរ ស៊ុនលី និងប្រពន្ធឈ្មោះ ង៉ោ ស៊ីម រំលោភយកដីផ្លូវ និងបិទតាំងពីឆ្នាំ២០០៤ រហូតដល់ពេលបច្ចុប្បន្ននេះ បង្កឱ្យពួកខ្ញុំប៉ះពាល់ និងរងគ្រោះយ៉ាងខ្លាំងនៅពេលទឹកភ្លៀងម្តងៗ ធ្វើមានទឹកជំនន់លិចតែម្តង គ្មានប្រព័ន្ធលូ ប្រឡាយទឹក ហើយពួកយើងមិនដឹងធ្វើយ៉ាងណា ផ្លូវបែកវ៉លអស់ កូនចៅរស់នៅលំបាកខ្លាំងណាស់ សូមឱ្យអាជ្ញាធរ និងមន្ត្រីជំនាញជួយសម្រួល និងបើកផ្លូវនេះឱ្យបានឆាប់រហ័សផង។

ប្រជាពលរដ្ឋ បានឱ្យដឹងទៀតថា ពួកយើងទាំងអស់គ្នាជាប្រជាពលរដ្ឋសូមឱ្យបើកផ្លូវនេះ ព្រោះអីទឹកលូ ផ្លូវក៏ពិបាកខ្លាំង អត់ផ្លូវចេញ ព្រោះអីរាល់ថ្ងៃនេះជិះវាងផ្លូវចំងាយ២០០ ទៅ៣០០ម៉ែត្រ ដូច្នេះសូមជួយបើកផ្លូវឱ្យពួកយើងផង។ ពួកយើងទាំងអស់គ្នា បានដាក់សំណើរទៅអាជ្ញាធរសង្កាត់ ក្រុងប៉ោយប៉ែត ស្នើសុំជួយបើកផ្លូវតាមគំរោងផ្លូវចាស់ និងស្នើសុំធ្វើផ្លូវបេតុង។ ពួកយើងទាំងអស់គ្នាបានមូលមតិគ្នាមិនអាចទ្រាំការលំបាកក្នុងធ្វើដំណើចេញ-ចូល រយៈពេលជិត២០ឆ្នាំមកហើយ ហើយឈ្មោះឈរ ប៊ុនលី បានបិទផ្លូវតាមគំរោងចាស់អស់ប្រវែង១០០ម៉ែត្រ និងសុំជួយសម្របសម្រួលធ្វើផ្លូវបេតុងប្រវែង៥០០ម៉ែត្រ ជាថវិកាប្រជាពលរដ្ឋ១០០ភាគរយ ហើយផ្លូវនេះតភ្ជាប់ជាមួយផ្លូវផ្សារត្រី ខាងលិចអង្គការ MMF។

លោក ឈរ ប៊ុនលី ក៏បានប្រាប់ភ្នាក់ងារអង្គភាព Fresh News ឱ្យដឹងដែរថា ដីនេះជាដីកម្មសិទ្ធរបស់ខ្ញុំ មិនមែនជាដីផ្លូវសាធារណៈណាមួយឡើយ ព្រោះដីនេះខ្ញុំមានឯកសារសម្របច្បាប់ត្រឹមត្រូវ។ គាតបន្តថាដីខ្ញុំនេះមាន ស.ជ.ណ របស់សម្តេចហ៊ុន សែន ជាអ្នកប្រគល់ឱ្យខ្ញុំកាន់កាប់ បន្ទាប់មកខ្ញុំបានធ្វើលិខិតកាន់កាប់ដីធ្លីបាន២០ឆ្នាំហើយ តែអីឡូវនេះ ខ្ញុំបានដាំដំណាំ ដើមឈរ ។ល។ ហើយត្រូវបានគេយកគ្រឿងចក្រមកឈួសឆាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ម្តងហើយ ថ្ងៃនេះមកឈួសឆាយទៀត។ គាត់បន្ថែមថា លិខិតកាន់កាប់ដីធ្លីដំបូងនៅឆ្នាំ១៩៩៨ រហូតចេញ ស.ជ.ណ ទៀត ខ្ញុំធ្វើថ្មីទៀត បានធ្វើលិខិតប្លង់ដីថ្មីនៅឆ្នាំ២០០៥ និងឆ្នាំ២០០៦ ហើយដីនេះមានទំហំ៤៥ម៉ែត្រ លក់ឱ្យគេអស់ចំនួន២០ម៉ែត្រហើយ។

ក្រោយមានការតវ៉ាលោក ទូច មុនី អភិបាលរងក្រុងប៉ោយប៉ែត បានដឹកនាំមន្ត្រីជំនាញចុះសម្របសម្រួលភ្លាមៗតែម្តង និងបានទទួលលទ្ធផល ឈ្នះ-ឈ្នះទាំងអស់គ្នា ហើយរង់ចាំការដោះស្រាយគ្នា នៅសាលាក្រុងប៉ោយប៉ែតនាថ្ងៃក្រោយម្តងទៀត។ តែយ៉ាងណាមិញករណីតវ៉ាខាងលើនេះពុំមានករណីប្រើប្រាស់ហិង្សារឡើយ៕